រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Jeremy Hunt កាលពីថ្ងៃសុក្របាននិយាយថា លោកពិតជាព្រួយបារម្ភយ៉ាងខ្លាំងអំពីការចាប់ខ្លួនអតីតទាហានម៉ារីនអាមេរិកាំងលោក Paul Whelan ក្នុងប្រទេសរុស្ស៊ី ក្រោមបទចោទធ្វើចារកម្ម។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មាន Sky News លោក Hunt បានព្រមានរុស្ស៊ីថា «បុគ្គលណាក៏ដោយមិនគួរត្រូវបានប្រើប្រាស់ធ្វើជាកូនអុកនៃអំណាចការទូតនោះទេ និងថាប្រទេសអង់គ្លេសនឹងផ្តល់ការគាំទ្រគ្រប់យ៉ាងដែលអាចអ្វីបាន»។
ស្ថានទូតអាមេរិកបានប្រាប់អំពីសញ្ជាតិអង់គ្លេសរបស់លោក Whelan ដល់មន្រ្តីចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន Press Association របស់អង់គ្លេស។ ការបើកបង្ហាញអំពីសញ្ជាតិបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកលោក Jon Huntsman ជួបជាមួយលោក Whelan នៅក្នុងពន្ធនាគារក្នុងទីក្រុងមូស្គូ។
កាលពីថ្ងៃចន្ទ មន្រ្តីទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី FSB បាននិយាយថា លោក Whelan មានវ័យ៤៨ឆ្នាំត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ខណៈកំពុងធ្វើសកម្មភាពចារកម្ម ហើយការស៊ើបអង្កេតលើបទព្រហ្មទណ្ឌមួយត្រូវបានគេដាក់បញ្ជា។
ទីភ្នាក់ងារ FSB មិនបានផ្តល់ព័ត៌មានលម្អិតលើករណីនេះទេ ប៉ុន្តែទីភ្នាក់សារព័ត៌មាន TASS របស់រដ្ឋរុស្ស៊ីបានរាយការណ៍ថា លោក Whelan ប្រឈមនឹងការចាប់ពន្ធនាគាររហូតដល់២០ឆ្នាំ ប្រសិនបើរកឃើញថាមានទោស៕