ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​ការបរទេស​ចិន​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​គោរព​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ


រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន Alan Peter Cayetano ថ្លែង​នៅក្នុង​ពិធីបើក​កិច្ចប្រជុំ​ថ្នាក់តំបន់អាស៊ាន​លើកទី​៥០ នៅក្នុងទីក្រុង​ Pasay រដ្ឋធានី​ម៉ានីលប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី​០៥ សីហា ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Ri Yong Ho នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ជា​ជំនួប​បន្ថែម​ទៅ​នឹង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ លោក Wang Yi បាន​និយាយ​ថា លោក​បាន​ជំរុញ​ឲ្យ​លោក Ri Yong Ho គោរព​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ឈប់​បង្ក​ហេតុ​ដោយ​ការ​សាកល្បង​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​ត​ទៅ​ទៀត។

លោក Wang Yi ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​បាន​ផ្ដល់​យោបល់​ដល់​សមភាគី​កូរ៉េ​ខាង​ជើង​របស់​លោក ឲ្យ​ធ្វើ​តាម​វិធីសាស្ត្រ​ផ្អាក​សកម្មភាព​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។ វិធីសាស្ត្រ​នោះ គឺ​ការ​ផ្អាក​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ការ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​សហរដ្ឋ​អាមេរិក និង​ជប៉ុន។

ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ការ​លួង​ចិត្ត​សហរដ្ឋ​អាមេរិក ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​អស់​សង្ឃឹម​ថា នឹង​ដើរ​តួនាទី​កាន់តែ​ខ្លាំងក្លា​ជាង​មុន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ពួកគេ​ក៏​សង្ឃឹម​ថា នឹង​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ផង​ដែរ។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​សមាគម​អាស៊ាន​ទាំង​អស់ បាន​បង្ហាញ​នូវ «ការ​ព្រួយ​បារម្ភ​ដ៏​ខ្លាំងក្លា» អំពី​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​ចំនួន​ពីរ​លើក​កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ​ផង​ដែរ។ ពួកគេ​បាន​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង​គោរព​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​បញ្ឈប់​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល៕

XS
SM
MD
LG