ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ថា​មាន​ជម្រើស​តែ​មួយ​គត់​ដែល​អាច​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង


ប្រធានាធិបតី​ Donald Trump ថ្លែង​នៅ​ក្នុង​បន្ទប់ប្រជុំ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​កាលពី​ថ្ងៃទិ​១២ កញ្ញា ២០១៧។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា «មាន​ដំណោះស្រាយ​តែ​មួយ​គត់​ដែល​នឹង​ទទួល​ជោគជ័យ‍» នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក​អាណត្តិ​មុនៗ​មិន​បាន​ទទួល​លទ្ធផល​អ្វី​នោះ​ទេ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។

លោក Trump បាន​បញ្ជាក់​តាម​ប្រព័ន្ធ Twitter យ៉ាង​ដូច្នេះ​ថា៖ «ប្រធានាធិបតី និង​រដ្ឋបាល​អាមេរិក​អាណត្តិ​មុនៗ​បាន​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​អស់​រយៈពេល ២៥ ឆ្នាំ មក​ហើយ កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​អស់​ជា​ច្រើន ប៉ុន្តែ​នៅតែ​មិន​ទទួល​បាន​ជោគជ័យ។ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​រំលោភ​នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​នេះ​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ ដោយ​ធ្វើ​ឲ្យ​អ្នក​ចរចា​របស់​រដ្ឋាភិបាល​អាមេរិក​មើល​ទៅ​ដូច​ជា​មនុស្ស​ភ្លីភ្លើ​មិន​ដឹង​អ្វី​ដូច្នេះ​ដែរ។ សុំទោស! ប៉ុន្តែ​មាន​តែ​ដំណោះស្រាយ​មួយ​គត់​ដែល​អាច​ទទួល​បាន​ជោគជ័យ‍»។

លោក Trump មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ដំណោះស្រាយ​អ្វី​ដែល​លោក​ចង់​សំដៅ​លើ​នោះ​ទេ ប៉ុន្តែ ការ​លើក​ឡើង​របស់​លោក​ទំនង​អាច​ជា​ជម្រើស​យោធា។

កន្លង​មក លោក Trump បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​បំផ្លាញ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​ខ្ទេច ប្រសិនបើ​ក្នុង​ករណី​ចាំបាច់​ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ពី​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោក Trump បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ច្បាស់​ថា លោក​មិន​ចូលចិត្ត​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នោះ​ទេ ដោយ​នា​ពេល​ថ្មីៗ​នេះ លោក​បាន​លើក​ឡើង​ថា ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​គឺ​ជា​ការ​ខាត​ពេល​វេលា៕

XS
SM
MD
LG