ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ថ្លែង​អំណរ​គុណ​របស់​លោក


 ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​នៅក្នុង​ពិធី​ USA Thank You Tour នៅ Mobile រដ្ឋ Alabama កាល​ពី​ថ្ងៃទី​១៧ ធ្នូ ២០១៦។
ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​នៅក្នុង​ពិធី​ USA Thank You Tour នៅ Mobile រដ្ឋ Alabama កាល​ពី​ថ្ងៃទី​១៧ ធ្នូ ២០១៦។

ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ថ្លែង​អំណរគុណ​របស់​លោក ដោយ​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​ទីក្រុង រដ្ឋ Alabama ដែល​ជា​ទីកន្លែង​ដែល​លោក​បាន​រៀបចំ​ការ​ជួបជុំ​គ្នា​ដ៏​ធំ​បំផុត​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កន្លង​មក។

លោក Trump និយាយ​ថា លោក​ធ្លាប់​ត្រូវ​គេ​ប្រាប់​ថា ពេល​លោក​ក្លាយ​ជា​ប្រធានាធិបតី លោក​គួរតែ​ឈប់​រៀបចំ​ការ​ជួបជុំ​ដូច្នេះ។ ប៉ុន្តែ លោក​បាន​ឆ្លើយ​ថា លោក​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៀត ដោយ​ហេតុ​ថា ការ​ជួបជុំ​ដូច្នេះ​អាច​ឲ្យ​លោក​ផ្ញើ​សារ​ដោយ​ផ្ទាល់​ដល់​អ្នក​គាំទ្រ​លោក ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Jeff Sessions សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Alabama មកពី​គណបក្ស​សាធារណរដ្ឋ បាន​ចូលរួម​នៅ​ក្នុង​ការ​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​ជាមួយ​នឹង​លោក Trump។ លោក Jeff Sessions ត្រូវ​បាន​លោក Trump ជ្រើសរើស​ឲ្យ​កាន់​តំណែង​ជា​អគ្គ​មេធាវី​សហរដ្ឋ​អាមេរិក។

កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Trump បាន​រិះគន់​ប្រទេស​ចិន​តាម​ប្រព័ន្ធ Twitter ថា​បាន​លួច​យក​ឧបករណ៍​ដ្រូន​ដែល​ប្រើ​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ ពី​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Trump បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ចង់​ប្រាប់​រដ្ឋាភិបាល​ចិន​ថា យើង​មិន​ចង់​បាន​ឧបករណ៍​ដ្រូន​នោះ​ត្រឡប់​មក​វិញ​ទេ»។ លោក​បាន​សរសេរ​ដូច្នេះ បន្ទាប់​ពី​យោធា​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន បាន​ឈាន​ដល់​ការ​យល់​ស្រប​គ្នា​ក្នុង​ការ​បញ្ជូន​ឧបករណ៍​ដ្រូន​នោះ​មក​ឲ្យ​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​វិញ។

បន្ទាប់​ពី​ការ​ជួប​ជុំ​របស់​លោក​នៅ​ក្នុង​រដ្ឋ Alabama លោក Trump នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Florida ដើម្បី​ជួបជុំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​លោក​អបអរ​ពិធី​បុណ្យ Christmas។ ជំនួយ​ការ​លោក Trump បាន​បញ្ជាក់​ថា លោក Trump នឹង​ចំណាយ​ពេល​ក្នុង​សប្ដាហ៍​ក្រោយ​នេះ​នៅ​ក្រុង Palm Beach ដើម្បី​រៀបចំ​ការ​ប្រជុំ ក៏​ដូចជា​សម្រាក​លំហែ​កាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក៕

XS
SM
MD
LG