ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានអំពាវនាវឲ្យមានការហាមឃាត់នៅទូទាំងប្រទេសលើអាវុធពាក់កណ្ដាលស្វ័យប្រវត្តិ បន្ទាប់ពីមានការបាញ់ប្រហារសម្លាប់មនុស្សចំនួន ១០ នាក់ នៅក្នុងទីក្រុង Boulder រដ្ឋ Colorado កាលពីថ្ងៃចន្ទមក។
លោក Biden បានមានប្រសាសន៍ពីសេតវិមានថា៖ «ខ្ញុំមិនត្រូវការរង់ចាំនោះទេនៅក្នុងការចាត់វិធានការដែលមនុស្សទូទៅយល់ថាត្រឹមត្រូវ ដើម្បីសង្គ្រោះជីវិតមនុស្ស»។
លោក Biden បានជំរុញឲ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភាអនុម័តច្បាប់លើរឿងនេះ។
លោក Biden បញ្ជាក់ដូច្នេះថា៖ «យើងអាចហាមឃាត់អាវុធពាក់កណ្ដាលស្វ័យប្រវត្តិ និងអាវុធ ដែលអាចផ្ទុកគ្រាប់កាំភ្លើងច្រើនបាន»។
លោកបានបន្ថែមថា លោកធ្លាប់បានធ្វើកិច្ចការលើសំណើច្បាប់ប្រហាក់ប្រហែលគ្នានេះ នៅពេលដែលលោកជាសមាជិកព្រឹទ្ធសភានិងជាប្រធានគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភា។ ច្បាប់នោះត្រូវបានអនុម័តនៅក្នុងឆ្នាំ ១៩៩៤ ក៏ប៉ុន្តែបានផុតកំណត់ ១០ ឆ្នាំ ក្រោយមក។
លោក Biden ក៏បានអំពាវនាវផងដែរឲ្យព្រឹទ្ធសភាអនុម័តលើវិធានការដែលបានអនុម័តរួចហើយដោយរដ្ឋសភាដែលនឹងធ្វើមិនឲ្យមានភាពចន្លោះប្រហោងនៅក្នុងច្បាប់ ដែលតម្រូវឲ្យឆែកប្រវត្តិរូបអ្នកទិញកាំភ្លើង។
គណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភា កាលពីថ្ងៃអង្គារម្សិលមិញ បានបើកសវនាការដំបូងមួយក្នុងចំណោមសវនាការដែលគ្រោងធ្វើមួយចំនួន ដើម្បីពិភាក្សារកមធ្យោបាយកាត់បន្ថយអំពើហិង្សាដោយសារកាំភ្លើង៕