ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ការ​បាញ់​សម្លាប់​មនុស្ស​៨​នាក់​នៅ​​តំបន់​​ក្រុង Atlanta របស់​អាមេរិក


អាជ្ញាធរ​ស៊ើបអង្កេត​ការបាញ់​ប្រហារ​ដ៏​ប្រល័យ​មួយ​នៅ​ហាង​ម៉ាស្សាមួយ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្នុង​ក្រុង Acworth រដ្ឋ Georgia។

ក្រុម​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋ​អាមេរិក​បាន​ចាប់ខ្លួន​បុរស​ម្នាក់​កាល​ពី​យប់​ថ្ងៃ​អង្គារ​បន្ទាប់​ពីមាន​ការ​បាញ់​ប្រហារ​ជា​បន្ត​បន្ទាប់​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៨​ស្លាប់​ ដោយ​ក្នុង​នោះ​ ​៦​នាក់​ជាស្ត្រីដើម​កំណើត​អាស៊ី។

ការ​វាយ​ប្រហារ​ទី១​បាន​កើត​មាន​ឡើង​នៅ​ឯ​ហាង​ម៉ាស្សានៅ​ក្នុង​ទី​ក្រុង Acworth ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥០គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង Atlanta។ ​អាជ្ញាធរ​នៅ​ទី​នោះ បាន​និយាយ​ថា អ្នក​បាញ់​ប្រហារ​នោះ​បាន​សម្លាប់​ស្ត្រី​ជនជាតិ​អាស៊ី​២នាក់ ស្ត្រី​ស្បែក​ស​ម្នាក់​និង​បុរស​ស្បែក​ស​ម្នាក់។

ប្រហែល​មួយ​ម៉ោង​ក្រោយ​មក ប៉ូលិស​ក្រុង Atlanta បាន​រក​ឃើញ​ស្ត្រី​ជន​ជាតិ​អាស៊ី​៣នាក់​ទៀត​បាន​ស្លាប់​ទំនង​មក​ពី​ការ​បាញ់​នៅហាង​ម៉ាស្សា​សម្ផស្ស​ស្ប៉ា (spa)។ បន្ទាប់​មក ​ប៉ូលិស​បាន​រក​ឃើញ​ស្ត្រី​អាស៊ី​ម្នាក់​ទៀត​បាន​ស្លាប់ ដោយ​សារ​គ្រាប់​កាំភ្លើង​នៅហាង spaនៅ​ជិត​នោះ។

រូបថត​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ការិយាល័យ​ប៉ូលិស​សង្កាត់ Crisp នេះ បង្ហាញ​មុខ​របស់​ជន​សង្ស័យ​ឈ្មោះ Robert Aaron Long​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ក្រុង Acworth ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
រូបថត​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ការិយាល័យ​ប៉ូលិស​សង្កាត់ Crisp នេះ បង្ហាញ​មុខ​របស់​ជន​សង្ស័យ​ឈ្មោះ Robert Aaron Long​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ក្រុង Acworth ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពី​ដេញ​តាម​នៅ​លើ​ផ្លូវ Highway ប៉ូលិសបាន​បញ្ឈប់​រថយន្ត​មួយ​គ្រឿង នៅ​ចម្ងាយ​ប្រហែល​២៤០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង Atlanta ហើយ​បាន​ចាប់​ខ្លួន​បុរស​ស្បែក​ស​អាយុ​២១​ឆ្នាំម្នាក់ឈ្មោះ​ Robert Aaron Long។

ទី​ភ្នាក់ងារ​ព័ត៌មាន AP ទើប​បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​លោក Chung Eui-yong បាន​ថ្លែង​ថា៖ «យើង​មាន​ការ​រន្ធត់​ចំពោះ​អំពើ​ហិង្សា​នេះ ហើយ​វា​មិន​ត្រូវ​ឱ្យ​មាន​នៅ​អាមេរិក​ឬ​នៅ​ទី​ណា​ឡើយ»។ ​លោក​ Blinken បាន​កត់​សម្គាល់​ថា​ស្ត្រី​៤​នាក់ដែល​ស្លាប់​ត្រូវ​គេ​គិត​ថា​មាន​ដើម​កំណើត​កូរ៉េ។​

ការ​បាញ់​ប្រហារ​កើត​មាន​ឡើង​នៅពេល​មានការវាយ​ប្រហារ​ផ្សេង​ទៀត​លើ​ពលរដ្ឋ​អាស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ អង្គការប្រឆាំង​ការ​ស្អប់​ខ្ពើម​ជនជាតិ​អាស៊ី​ឈ្មោះ Stop AAPI Hate បាន​ហៅ​ការបាញ់​ប្រហារ​នេះថា​ជា​ «សោតនាដកម្មដ៏​ហួស​ប្រមាណ»​ សម្រាប់សហគមន៍​អាស៊ី​អាមេរិកាំង។

ក្នុង​រឿង​ទាក់ទង​ផ្សេង​មួយ​ ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ត្រូវបាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ដោយ​អង្គការ Stop AAPI Hate បានលើក​ឡើង​ថា​ ខ្លួន​បាន​កត់​ត្រា​នូវព្រឹត្តិការណ៍​ជិត​៣.៨០០​ករណី​ នៃ​ការស្អប់​ប្រឆាំង​នឹង​ជន​ជាតិដើម​កំណើត​អាស៊ី​ដែល​កំពុង​រស់​នៅក្នុង​សហរដ្ឋ​អាមេរិក។​

ព្រឹត្តិការ​ណ៍​ទាំង​នោះ​ កើត​ឡើង​ក្នុង​រង្វង់​ពីថ្ងៃ​ទី​១៩ ខែ​មីនា ​ឆ្នាំ​២០២០​ ​គឺភ្លាមៗ​បន្ទាប់​ពី​ជំងឺ​កូវីដ១៩​ត្រូវ​បាន​ប្រកាសថា ​ជាជំងឺ​ឆ្លង​រាតត្បាត និង​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២១​នេះ​ មាន​ករណី​ប្រមាណ​ជាង​៥០០​ ត្រូវ​បាន​កត់​ត្រា​ជុំវិញ​ការ​ស្អប់​ជន​ជាតិ​អាស៊ីក្នុង​សហរដ្ឋ​អាមេរិក​នោះ។

អង្គការ​ Stop AAPI Hate ជឿ​ថា​មាន​ករណី​ច្រើន​ជាង​នេះ​ដែល​មិន​ត្រូវ​បាន​រាយការណ៍។​

ក្រុម​អ្នក​តស៊ូ​មតិអាមេរិក​ដើម​កំណើត​អាស៊ី​បាន​គូស​បញ្ជាក់​ថា​ រលក​នៃ​ការ​ស្អប់​ជន​ជាតិ​អាស៊ី​ក្នុង​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ដុត​បញ្ឆេះមួយ​ផ្នែក​ដោយ​អតីត​ប្រធានាធិបតីលោក​ Donald Trump ដែល​ជា​ញឹក​ញាប់​បាន​ប្រើ​ប្រាស់​នូវ​ភាសាប្រឆាំង​ជន​ជាតិបរទេស​ ដូច​ជា​ពាក្យ «kung flu» ជា​ដើម​ ដែល​សំដៅ​ទៅ​លើវីរុស​កូរូណានោះ។​

កាល​ពី​ខែ​មករា​ លោក​ប្រធានាធិបតី Joe Biden បាន​ចេញសេចក្តី​ប្រកាស​មួយ​ដោយ​បាន​ថ្កោល​ទោសនូវ​ការ​កើន​ឡើង​នូវ​បទ​ឧក្រិដ្ឋជុំវិញ​ការ​ស្អប់​ខ្ពើម​ប្រឆាំង​នឹង​ជន​កំណើតអាស៊ី ចាប់​តាំងពី​ការ​ចាប់​ផ្តើម​នៃការ​រាត​ត្បាត​ឆ្លង​នៃជំងឺ​កូវីដ​១៩​នោះ។

ករណី​ស្អប់​ជនជាតិ​អាស៊ី​ បាន​កើត​មាន​ឡើង​នៅ​រដ្ឋ​ទាំង​៥០​របស់​អាមេរិក ប៉ុន្តែករណី​ច្រើន​ជាង​គេ​នោះបាន​កើត​នៅ​រដ្ឋ California ហើយ​បន្ទាប់​មកគឺ​រដ្ឋ New York៕

XS
SM
MD
LG