កាលពីថ្ងៃអាទិត្យ ពលរដ្ឋក្រិកជាង៧ម៉ឺននាក់ត្រូវបានជម្លៀសចេញពីគេហដ្ឋានរបស់ខ្លួននៅក្នុងទីក្រុង Thessaloniki ដែលជាទីក្រុងធំជាងគេបង្អស់ទី២នៅក្នុងប្រទេស ដើម្បីអនុញ្ញាតឲ្យអ្នកជំនាញអាចកម្ចាត់គ្រាប់បែកដែលនៅសេសសល់ពីសង្គ្រាមលោកលើកទី២។
គ្រាប់បែកដែលមានផ្ទុកសារធាតុផ្ទុះទម្ងន់២៥០គីឡូក្រាមនោះ ត្រូវបានរកឃើញនៅក្រោមដីជម្រៅ៥ម៉ែត្រ ក្នុងអំឡុងពេលនៃដំណើរការជីករណ្តៅនៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយកាលពីសប្តាហ៍មុននេះ។
ប៉ូលិសបានដើរចុចកណ្តឹងពីផ្ទះមួយទៅផ្ទះមួយនិងគោះទ្វារដើម្បីរំឭកប្រជាពលរដ្ឋដែលរស់នៅក្នុងរង្វង់២គីឡូម៉ែត្រ ដែលភាគច្រើននៅប៉ែកខាងលិចជាយក្រុង Kordelio ឲ្យចាកចេញពីគេហដ្ឋានរបស់ខ្លួន។
ពលរដ្ឋជាច្រើនចាកចេញដោយជិះរថយន្តផ្ទាល់ខ្លួន ប៉ុន្តែពលរដ្ឋមួយចំនួនទៀតត្រូវបានដឹកជញ្ជូនដោយរថយន្តក្រុងទៅកាន់សាលារៀននិងកន្លែងលេងកីឡាផ្សេងៗនៅក្នុងទីក្រុង ដែលនៅទីនោះពួកគេអាចរកស្បៀងអាហារនិងទីជម្រកបាន។
ជនភៀសខ្លួននិងជនអន្តោប្រវេសន៍នៅក្នុងរោងចក្រដែលគេបោះបង់ចោលនៅក្បែរនោះ ក៏ត្រូវបានគេជម្លៀសខ្លួនចេញនិងនាំទៅទស្សនាសារមន្ទីរមួយក្នុងទីក្រុង Thessaloniki ផងដែរ។
អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ប្រតិបត្តិការនេះអាចបន្តដល់ពេញមួយថ្ងៃ ប៉ុន្តែក្រុមយោធាបានឲ្យយោបល់ថា អាចត្រូវការពេលវេលាយូរជាងនេះដើម្បីកម្ចាត់គ្រាប់បែកនេះ និងដឹកជញ្ជូនទៅកាន់កន្លែងមួយនៅក្បែរនេះដែលអាចបំផ្ទុះវាបាន។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្រិកបានឲ្យដឹងថា គ្រាប់បែកនេះត្រូវបានទម្លាក់ដោយយន្តហោះចម្បាំងមួយគ្រឿងរបស់អង់គ្លេស ក្នុងអំឡុងពេលនៃការវាយប្រហារផ្លូវអាកាសទៅលើស្ថានីយ៍រថភ្លើងមួយនិងកំពង់ផែមួយដែលនៅក្បែរទីក្រុងនោះកាលពីឆ្នាំ១៩៤៣។
៧ទសវត្សរ៍ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ គ្រាប់បែកមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាមត្រូវបានរកឃើញនៅទូទាំងពិភពលោកជាបន្តបន្ទាប់៕