ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់ស្បាត​នៅ​សូម៉ាលី


ស្រ្តី​ពីរនាក់​ចូលរួម​ក្នុង​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់ស្បាត​នៅ​សូម៉ាលី។
ស្រ្តី​ពីរនាក់​ចូលរួម​ក្នុង​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់ស្បាត​នៅ​សូម៉ាលី។

កម្មវិធី​នេះ​ថា​ជា​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ ដែល​សម្រាប់​ជនរងគ្រោះ​ពី​អំពើហិង្សា​ផ្លូវភេទ​ និង​មាន​ជំងឺ​បាក់​ស្បាត​ផ្សេងៗ​ ដើម្បី​ជួយ​​ពួក​គេ​ក្នុង​ផ្នែក​ផ្តល់​ប្រឹក្សា។

នៅ​ប្រទេស​សូម៉ាលី កម្មវិធី​លំហាត់​ប្រាណ​មួយ​សម្រាប់​ជន​រងគ្រោះ​ដោយ​អំពើហិង្សា​ផ្លូវភេទ​កំពុង​ជួយ​អ្នក​ចូល​រួម​ឲ្យ​យក​ឈ្នះ​ជំងឺ​បាក់​ស្បាត។

នេះ​ជា​កម្មវិធី​លំហាត់​ប្រាណ​ពេញ​និយម​មួយ​ក្នុង​កន្លែង​មួយ​ដែល​មិន​ទំនង​ជា​មាន​ការ​ពេញ​និយម​បែប​នេះ។

ក្នុង​ថ្នាក់​រៀន​នៅ​ទូទាំង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ (Mogadishu) នៃ​ប្រទេស​សូម៉ាលី យុវជន​អនុវត្ត​ការ​ដក​ដង្ហើម​ វិធី​ស្មឹងស្មាធិ៍​ និង​ការ​ពត់​ខ្លួន។

ដោយ​ស្លៀកពាក់​ខោ​អាវ​កីឡា​ពណ៌​ខៀវ​ជា​កំផ្លេ​ ដែល​ជា​ពណ៌​ទង់ជាតិ​របស់​ប្រទេស​សូម៉ាលី​ ពួក​យុវជន​ទាំង​នោះ​ពត់​ខ្លួន​ក្នុង​កាយវិការ​ពិបាកៗ​នានា។

ដោយ​បែក​ញើស​ជោគ​ខ្លួន ពួកគេ​លើកដៃ​ដល់​ពិដាន ​រួច​លា​ដៃ​ទៅ​ម្រាមជើង​ និង​រក្សា​លំនឹង​ដង​ខ្លួន ​ដោយឈរ​ជើង​ម្ខាង​យ៉ាង​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែល​គ្រូ​បង្ហាត់​ផ្តល់​ការ​ណែនាំ​។

ស្រ្តី​ពីរ​នាក់​ចូលរួម​ក្នុង​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់ស្បាត​នៅ​សូម៉ាលី។
ស្រ្តី​ពីរ​នាក់​ចូលរួម​ក្នុង​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់ស្បាត​នៅ​សូម៉ាលី។



ប៉ុន្តែ​ នេះ​មិនមែន​ដើម្បី​ជា​ការ​កម្សាន្ត​នោះ​ទេ។ នៅ​ទីនេះ គេ​ហៅ​កម្មវិធី​នេះ​ថា​ជា​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ ដែល​សម្រាប់​ជនរងគ្រោះ​ពី​អំពើហិង្សា​ផ្លូវភេទ​ និង​មាន​ជំងឺ​បាក់​ស្បាត​ផ្សេងៗ​ ដើម្បី​ជួយពួក​គេ​ក្នុង​ផ្នែក​ផ្តល់​ប្រឹក្សា។

អ្នក​រៀប​ចំ​កម្មវិធី​បាន​ស្នើ​សុំ​ VOA មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​អ្នក​ចូលរួម​និង​គ្រូ​បង្ហាត់​នោះទេ ​ដោយសារហេតុ​ផល​សុវត្ថិភាព។

អ្នក​ចូលរួម​ម្នាក់ ដែល​ធ្លាប់​រង​ការ​បំពាន​ផ្លូវភេទ និយាយ​ថា សកម្មភាព​ផ្លូវ​កាយ និង​ការ​ផ្តោត​អារម្មណ៍​ផ្លូវចិត្ត​បាន​ជួយ​នាង​ឲ្យ​មាន​អារម្មណ៍​ថា ជា​មនុស្ស​ធម្មតា​ដែល​មិន​ធ្លាប់​មាន​វិបត្តិ​ដូច​ពី​មុន​ឡើង​វិញ។

នាង​និយាយ​ថា​ កាល​ពី​ដំបូង​ឡើយ​ នាង​មាន​ជំងឺ​ថប់​អារម្មណ៍ ប៉ុន្តែ​ឥឡូវ​នេះ នាង​ធូរស្បើយជាង​មុន​ហើយ។ នាង​បន្ត​ថា​ មាន​ពេល​មួយ នាង​មិន​អាច​ទទួល​ទាន​អាហារ​បាន​ទេ​ ប៉ុន្តែ​ឥឡូវនេះ​នាង​អាច​ទទួល​ទាន​អាហារ​បាន​វិញ​ដោយ​គ្មាន​បញ្ហា​អ្វី​ទេ។ នាង​បន្ថែម​ទៀត​ថា​ កម្មវិធី​នេះ​បាន​ជួយ​កាត់​បន្ថយ​ជំងឺ​ថប់អារម្មណ៍​ ហើយ​ពេល​នាង​នឹក​ឃើញ​រឿង​ដែល​ធ្លាប់​កើត​ឡើង​ចំពោះ​នាង​ នាង​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​បំភ្លេច​វា​ចោល។

ក្រៅ​ពី​អ្នក​រស់​រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ផ្លូវភេទ​ ក៏​មានអតីត​ទាហាន​ជា​កុមារ​ និង​យុវជន​ផ្សេង​ទៀត​ដែល​មាន​ជំងឺ​បាក់​ស្បាត​ ឬ​រង​ហានិភ័យ​ដោយ​សារ​ការ​ប្រមូល​ឲ្យ​ចូល​បម្រើ​ក្នុង​ក្រុម​ប្រដាប់​អាវុធ​ផង​ដែរ។

ប្រទេស​សូម៉ាលី​ បាន​ឆ្លង​កាត់​សង្គ្រាម​និង​ភាព​គ្មាន​ច្បាប់​អស់​រយៈ​ពេល​រាប់​សិប​ទសវត្សរ៍​មក​ហើយ។

សម្រាប់​ជន​រង​គ្រោះ​ដែល​នៅ​មាន​ជីវិត​ក្រោយ​ពី​រង​អំពើ​ហិង្សា​លើ​រាងកាយ​ កម្មវិធី​ សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​មាន​ផ្តល់​ជា​បច្ចេកទេស​ប្រឹក្សា​បែប​បុរាណ ដែល​ជា​ធម្មតាផ្តោត​ទៅ​លើ​តែ​ខាង​ផ្លូវ​ចិត្ត។

គ្រូ​បង្ហាត់​ធ្វើ​ឲ្យ​សិស្ស​មានសមត្ថភាព​តាម​រយៈ​សារ​ដែល​ជំរុញ​ពួក​គេ​ឲ្យ​គ្រប់គ្រង​ការដក​ដង្ហើម​និង​រាងកាយ​របស់​ពួក​គេ។

គ្រូ​បង្ហាត់​ម្នាក់​ ដែល​ជា​អ្នក​គ្រប់​គ្រង​ករណី​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវភេទ​និយាយ​ថា សូម្បី​តែ​ការ​ស្មឹង​ស្មាធិ៍​និង​ការ​ពត់​ខ្លួន​រយៈពេល​តែ​១៥នាទី​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ជួយ​ជន​រង​គ្រោះ​បាន​ដែរ។

អ្នកស្រី​និយាយ​ថា វា​អាច​ជួយ​បាន ប្រសិន​បើ​បញ្ហា​ខាង​រាង​កាយ​ត្រូវ​បាន​ដោះ​ស្រាយ​ ហើយ​ផ្លូវ​អារម្មណ៍​មាន​ភាព​ធូរ​ស្រាល។ អ្នកស្រី​បន្ត​ថា​ ប្រសិន​បើ​អ្នក​បិទ​ភ្នែក​និង​ដក​ដង្ហើម​ចេញ​ចូលវែងៗ ​ធ្វើ​ឲ្យ​ខ្លួន​ស្ងប់អារម្មណ៍​ ហើយ​បន្ត​ធ្វើ​ដូច្នេះ នោះ​វា​អាច​ជួយ​បន្ធូរ​អារម្មណ៍​របស់​អ្នក។

កម្មវិធី​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ បាន​ចាប់​ផ្តើម​ដំណើរការ​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​គ្រូ​បង្ហាត់​១២​រូបត្រូវ​បាន​បង្វឹក​ដោយ​គម្រោង​យ៉ូហ្គា​អាហ្វ្រិក​ ដែល​ជា​អង្គការ​មិន​ស្វែង​រក​កម្រៃ និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ណៃរ៉ូប៊ី។

អ្នក​រៀប​ចំ​កម្មវិធី​នេះ​បាន​លើកឡើង​យ៉ាង​រហ័ស​ថា​ កម្មវិធីនៅ​ទី​ក្រុង​ម៉ូហ្គាឌីស្យូ​នេះ​គឺ​ខុស​គ្នា​ពី​ការ​អនុវត្ត​ខាង​សាសនា​របស់​ឥណ្ឌា។

ធាតុ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​សាសនា​ត្រូវ​បាន​ដក​ចេញ​ពី​កម្មវិធី​នេះ។ ហើយ​កាយ​វិការ​ផ្សេងៗ​ត្រូវ​បាន​កែ​សម្រួល​ឲ្យ​ស្រប​តាម​ការ​អនុវត្ត​ក្នុង​សាសនា​ឥស្លាម។

ជា​ឧទាហរណ៍​ នៅ​ពេល​ស្មឹងស្មាធិ៍​ម្តងៗ​ ពួក​គេ​ដាក់ដៃ​នៅ​លើ​ភ្លៅ​ ជា​ជាង​ដាក់​ដៃ​ទាំង​ពីរ​របស់​ពួក​គេ​ផ្គុំ​ចូលគ្នា។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី ​កម្មវិធី​នេះ​បាន​បំបែក​របាំង​ក្នុង​សង្គម​អភិរក្ស​របស់​ប្រទេស​សូម៉ាលី​ ដែល​មាន​ការ​កំណត់​យ៉ាងតឹង​រ៉ឹង​ទៅ​លើ​តួនាទី​របស់​ភេទ​នីមួយៗ​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការដាក់​កំហិត​ក្នុង​ការ​ចូល​រួម​កម្មវិធី​កីឡា​ផង​ដែរ។

ស្រ្តី​ម្នាក់​ចូលរួម​ក្នុងកម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់ស្បាត​នៅ​សូម៉ាលី។
ស្រ្តី​ម្នាក់​ចូលរួម​ក្នុងកម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ​ជួយ​ដល់​អ្នក​មាន​ជំងឺ​បាក់ស្បាត​នៅ​សូម៉ាលី។



អ្នក​ចូលរួម​និយាយ​ថា៖ «ពួក​គេ​និយាយ​ថា​អ្វី​ដែល​ក្មេង​ប្រុស​ធ្វើ​បាន​ ក្មេង​ស្រី​មិន​អាច​ធ្វើ​បាន​ទេ​ ប៉ុន្តែ​វា​មិន​ពិតនោះ​ទេ។ វា​គ្រាន់​តែ​ជា​ការ​ភូត​ភរ​ប៉ុណ្ណោះ។ វា​គ្រាន់​តែ​ជា​ការដែល​អ្នកគិត​ខ្លួន​ឯង។ ខ្ញុំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ក្មេង​ប្រុស​ធ្វើ​បាន»។

មាន​មនុស្ស​ប្រមាណ​ជា​៣០០នាក់​បាន​ចូល​រួម​ក្នុង​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ និង​រាងកាយ​នេះ​ជា​រៀង​រាល់​សប្តាហ៍។

លោក​ Kalson Ahmed​ មន្រ្តី​ផ្នែក​ការពារ​របស់​មូលនិធិសម្រាប់​កុមារ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ​ និយាយថា​ សេវា​សម្រាប់​ជនរងគ្រោះ​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ រួមទាំង​ការ​ទទួល​បាន​យុត្តិធម៌​ ឬ​សេវា​សុខា​ភិបាល​មូលដ្ឋាន​នៅ​ប្រទេស​សូម៉ាលី មាន​មិន​គ្រប់​គ្រាន់​នោះ​ទេ។

«សេវា​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​កំពុង​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ​សកម្មភាព​ទប់​ស្កាត់​និង​ការ​រៀបចំ​ប្រព័ន្ធ​ទូទៅ​នៅ​ខ្វះ​នៅ​ឡើយ។ ពួក​យើង​អាច​ផ្តល់​ការឆ្លើយ​តប​នឹង​តម្រូវ​ការ​តាម​តែ​អាច​ធ្វើ​បាន គឺ​ផ្តល់​ជា​ប្រាក់​ឧបត្ថម្ភ​រាប់​លាន​ ប៉ុន្តែ​យើង​មិន​អាច​បំបាត់​បញ្ហា​នេះ​បាន​ទេ»។

យ៉ាង​ណា​ក៏​ដោយ​ យ៉ាង​ហោច​ណាស់​ សម្រាប់​ស្រ្តី​និង​បុរស​ដែល​ហាត់​ពត់ខ្លួន​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ជា​រៀងរាល់​សប្តាហ៍ នៅ​មាន​ក្តី​សង្ឃឹម​ថា​ ពួក​គេ​នឹង​ជា​សះ​ស្បើយ​ឡើង​វិញ៕

ប្រែសម្រួល​ដោយ​ វិញ សុជាតា

XS
SM
MD
LG