ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump តិចតួច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ខែ​វិច្ឆិកា​ខាង​មុខ


រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតី និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត នៅទីក្រុង Columbus រដ្ឋ Ohio កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ការ​ស្ទង់​មតិ​ថ្មី​មួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នាំ​មុខ​លោក​ប្រធានាធិបតី Donald Trump តិចតួច​នៅ​ទូទាំង​ប្រទេស នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ប៉ុន្តែ​បាន​នាំ​មុខ​គួរសម​នៅ​ក្នុង​ស្រុក​ដែល​មាន​ការ​ប្រជែង​គ្នា​ស្វិតស្វាញ​ចំនួន ៣០០ ដែល​អាច​កំណត់​អំពី​លទ្ធផល​បោះ​ឆ្នោត​បាន។

ការ​ស្ទង់​មតិ​របស់​សាកល​វិទ្យាល័យ Monmouth ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មីនា​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា លោក Biden ដែល​អាច​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នាំ​មុខ​លោក​ប្រធានាធិបតី Trump ក្នុង​សំឡេង ៤៨% ទល់​នឹង ៤៥%នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប៉ុន្តែ ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ គឺ​មិន​មែន​សម្រេច​ដោយ​សំឡេង​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស​នោះ​ទេ ប៉ុន្តែ​សម្រេច​ដោយ​អង្គ​បោះ​ឆ្នោត ដែល​អង្គ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​កំណត់​ដោយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​តាម​រដ្ឋ​នីមួយៗ​ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០។

លោក Trump បាន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​កាល​ពី ៣ ឆ្នាំ​មុន បន្ទាប់ពី​បាន​ឈ្នះ​យ៉ាង​ប្រកៀកប្រកិត​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​អង្គ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ ទោះបីជា​អ្នកស្រី Hillary Clinton បាន​ឈ្នះ​សំឡេង​ឆ្នោត​សរុប​ជិត ៣ លាន​សំឡេង​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ។

សាកល​វិទ្យាល័យ Monmouth បាន​បញ្ជាក់​ថា ការ​ស្ទង់​មតិ​របស់​ខ្លួន​បាន​បង្ហាញ​ថា ការ​បោះ​ឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ប្រកៀកប្រកិត​គ្នា។

ប៉ុន្តែ សាកល​វិទ្យាល័យ​នេះ​បាន​លើក​ឡើង​ថា លោក Biden នាំ​មុខ​លោកTrump ច្រើន​គួរសម ក្នុង​សំឡេង ៥០%ទល់​នឹង ៤១% នៅ​ក្នុង​ស្រុក​ចំនួន ៣០០ នៅ​ទូទាំង​ប្រទេស ដែល​ជា​ស្រុក​ដែល​លោក Trump ឬ​ក៏​អ្នកស្រី Clinton បាន​ឈ្នះ​កាល​ពី​ឆ្នាំ ២០១៦ ក្នុង​ពិន្ទុ​តិច​ជាង ១០%។ កាល​ពី​ឆ្នាំ ២០១៦ អ្នកស្រី Clinton បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ត្រួត​នៅ​ក្នុង​ស្រុក​ទាំង ៣០០ លើស​លោក Trump ក្នុង​សំឡេង​តែ ១% ប៉ុណ្ណោះ។

រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump នៅក្នងយុទ្ធនាការជួបអ្នកគាំទ្ររបស់លោកនៅទីក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump នៅក្នងយុទ្ធនាការជួបអ្នកគាំទ្ររបស់លោកនៅទីក្រុង Phoenix រដ្ឋ Arizona កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

លទ្ធផល​បោះ​ឆ្នោត​នៅ​ក្នុង​ស្រុក​ទាំង ៣០០ ដែល​ស្មើ​នឹង​ប្រហែល ១ ភាគ ៥ នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់​នៅ​ក្នុង​ប្រទេស មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ជួយ​កំណត់​លទ្ធផល​នៅ​តាម​រដ្ឋ​នីមួយៗ ហើយ​បង្ហាញ​អំពី​ថា​ តើ​ការ​បោះ​ឆ្នោត​នៃ​អង្គ​បោះ​ឆ្នោត​សម្រេច​ឡើង​តាម​វិធី​ណា។

លោក Patrick Murray ប្រធាន​ផ្នែក​ការ​ស្ទង់​មតិ​នេះ បាន​និយាយ​ថា៖ «ការ​បោះ​ឆ្នោត​លើក​នេះ​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​រវាង​លោក Trump និង​លោក Biden ដែល​អាច​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ប៉ុន្តែ ដូច​ដែល​យើង​បាន​ដក​បទ​ពិសោធន៍​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៦ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នឹង​សម្រេច​ដោយ​អង្គ​បោះ​ឆ្នោត​ជាជាង​សម្រេច​ដោយ​សំឡេង​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា លោក Bidenប្រហែល​ជា​អាច​ចាប់ផ្ដើម​មាន​ប្រៀប​ជាង​នៅ​តាម​តំបន់​ដែល​ការ​គាំទ្រ​លើ​គណបក្ស​ទាំង​ពីរ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នៅ​ទូទាំង​ប្រទេស»។

ការ​ស្ទង់​មតិ​របស់​សាកល​វិទ្យាល័យ Monmouth នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា នៅ​តាម​ស្រុក​ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ ដែល​លោក Trump បាន​ឈ្នះ​យ៉ាង​ងាយស្រួល​បំផុត​លើ​អ្នកស្រី Clinton កាល​ពី​ឆ្នាំ ២០១៦ លោក Trump អាច​មាន​សមត្ថភាព​ប្រជែង​យក​ការ​គាំទ្រ​ស្ទើរតែ​ស្មើ​នឹង​លោក Biden ហើយ​លោក Biden នឹង​ឈ្នះ​ច្រើន​នៅ​តាម​ស្រុក​ដែល​អ្នកស្រី Clinton បាន​ឈ្នះ​កាល​ពី ៤ ឆ្នាំ​មុន។

នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតី​លើក​ទី ៣ ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​កន្លង​មក​នេះ លោក Biden មិន​ទាន់​បាន​យក​ឈ្នះ​លើ​សមាជិក​ព្រឹទ្ធសភា​លោក Bernie Sanders នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ចំនួន​ប្រតិភូ​យ៉ាង​ច្រើន​ដែល​សន្យា​ថា ​នឹង​បោះ​ឆ្នោត​តែងតាំង​លោក​នៅ​ពេល​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​ចូល​មក​ដល់​នៅ​ខែ​កក្កដា​ខាង​មុខ។

ទោះបីជា​លោក Trump និង​លោក Biden តែងតែ​ឌឺដង​បែប​នយោបាយ​ដាក់​គ្នា​ក៏​ដោយ ក៏​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្នាក់​ជាតិ​ត្រូវ​បាន​ពន្យារពេល នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ស្នាក់​នៅ​ក្នុង​ផ្ទះ​មិន​ចេញ​ទៅ​ណា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19។ ដោយ​មាន​ការ​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ ទាំង​លោក Biden ក៏​ដូចជា​លោក Trump មិន​ធ្វើ​ការ​ជួបជុំ​នយោបាយ​សាធារណៈ​ណា​មួយ​ទេ​នៅ​ពេល​ឥឡូវ​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG