ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ ​Indiana ​និងរដ្ឋ​ Mississippi ​ជា​រដ្ឋចុង​ក្រោយ​ដែល​បាន​លើក​ការ​បោះឆ្នោត​បឋម​ទៅថ្ងៃក្រោ​យវិញ


លោក Eric Holcomb ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មយយ​នៅ Statehouse កាលពី​ថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២០ ក្នុង​រដ្ឋ Indianapolis។

រដ្ឋ ​Indiana​ និង​រដ្ឋ​ Mississippi ​ជា​រដ្ឋ​ចុង​ក្រោយ​បង្អស់​ដែល​បាន​លើក​ការ​បោះ​ឆ្នោត​បឋម​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ​ដោយ​សារ​ការ​រាតត្បាត​នៃ​មេរោគ​វីរុស​កូរ៉ូណា។

លោក​ Eric Holcomb ​អភិបាល​រដ្ឋ​ Indiana ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី២០​ ខែមីនា​ថា​ ការ​បោះឆ្នោត​ប្រធានាធិបតី​បឋម​ដែល​បាន​កំណត់​ពី​ដំបូង​ថា​ នឹង​ធ្វើ​នៅ​ថ្ងៃទី៥ ​ខែឧសភា នៅ​ពេល​នេះ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃទី២​ ខែមិថុនា​វិញ។​

លោក​ Holcomb ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «មាន​ហេតុផល​ថា​ការ​កំណត់​ពេល​ជា​ថ្មី​សម្រាប់​ការ​បោះឆ្នោត​បែប​នេះ​គួរ​ធ្វើ​តែ​នៅ​ក្នុង​ពេល​មាន​ភាព​អាសន្ន​ ហើយ​តាម​និយមន័យ​នេះ​ យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ»។

អភិបាល​រដ្ឋ​រូប​នេះ​បាន​និយាយ​ថា​ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណ​រដ្ឋ​ក្នុង​រដ្ឋ​ Indiana ​បាន​គាំទ្រ​ចំណាត់ការ​នេះ។​

កាល​ពី​ថ្ងៃ​សុក្រ​ ទី២០​ ខែមីនា ​លោក​ Tate Reeves ​ អភិបាល​រដ្ឋ​ Mississippi ខាង​គណបក្ស​សាធារណ​រដ្ឋ​បាន​លើក​ការ​បោះឆ្នោត​សភា​បឋម​ជា​ថ្មី​របស់​គណបក្ស​សាធារណ​រដ្ឋ​នៅ​ក្នុង​រដ្ឋ​លោក​ពី​ថ្ងៃទី៣១ ​ខែមីនា​ ទៅ​ធ្វើ​នៅ​ថ្ងៃទី២៣​ ខែមិថុនា​វិញ។​ រដ្ឋ ​Mississippi ​បាន​ធ្វើ​ការ​បោះឆ្នោត​ប្រធានាធិបតី​បឋម​រួច​ជា​ស្រេច​ហើយ។​

លោក ​Reeves ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​

«រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ពេល​មាន​ការ​រាលដាល​នៃ​ជំងឺ​នេះ​អាច​បង្ខំ​ពួក​អ្នក​រៀបចំ​ការ​បោះឆ្នោត ​និង​ពួក​អ្នក​ទៅ​បោះឆ្នោតប្រថុយ​គ្រោះថ្នាក់​ដែល​អាច​ចៀស​បាន»។​

រដ្ឋ​ Indiana ​និង​រដ្ឋ ​Mississippi ​បន្ថែម​លើ​រដ្ឋ​មួយ​ចំនួន​ដែល​បាន​លើក​ការ​បោះឆ្នោត​ទៅ​ថ្ងៃ​ក្រោយ​រួច​ស្រេច​ហើយ។ ​រដ្ឋ​ទាំង​នេះ​គឺរដ្ឋ​ Connecticut រដ្ឋ Maryland រដ្ឋ Kentucky រដ្ឋ Ohio រដ្ឋ Louisiana​ និងរដ្ឋ ​Georgia។ រដ្ឋ ​Wyoming ​បាន​ផ្អាក​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​សម្រាប់​ការ​បោះឆ្នោត​បឋម​របស់​ខ្លួន​ហើយ​បាន​សុំ​ឲ្យ​ប្រជារាស្ត្រ​បោះឆ្នោត​តាម​ប្រព័ន្ធ​ទទួល​ និង​ផ្ញើ​សន្លឹក​ឆ្នោត។​

ពួក​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋ​ទាំង​នេះ​បាន​និយាយ​អំពី​កង្វល់​ដែល​ថាការ​បោះ​ឆ្នោត​នៅ​ពេល​មាន​ការ​រាតត្បាត​ជំងឺ​នេះ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ។​

នៅ​ក្នុង​សប្តាហ៍​ទី​៣​នៃ​ខែ​មីនា​ សេតវិមាន​បាន​សុំ​ឲ្យ​ប្រជារាស្ត្រ​អាមេរិកាំង​ចៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​លើស​ពី​១០នាក់​ ហើយ​បាន​ណែនាំ​ឱ្យមនុស្ស​វ័យចំណាស់​ឱ្យ​នៅ​ក្នុង​ផ្ទះ។​

កាលពី​ដើម​សប្តាហ៍​ទី៣ ​ខែមីនា​រដ្ឋ​ចំនួន​បី​បាន​ធ្វើការ​បោះឆ្នោត​បឋម​គឺរដ្ឋ​ Arizona រដ្ឋ Florida ​និង​រដ្ឋ​ Illinois ​ដោយ​មាន​របាយការណ៍​ថា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​តិច​នៅ​ក្នុង​រដ្ឋ​ទាំង​នេះ។​

លោក​អតីត​អនុប្រធានាធិបតី​ Joe Biden ​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បឋម​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​រដ្ឋ​ទាំង​បី​នេះ​ ដែល​ធ្វើ​ឲ្យ​លោក​នាំមុខលោក ​Bernie Sanders ​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋ​ Vermont ​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​តតាំង​នឹង​លោក​ប្រធានាធិបតី ​Donald Trump​ ក្នុងការ​បោះ​ឆ្នោត​ទូទៅ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕​

ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG