ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Sanders និង​លោក Biden ជជែក​ដេញដោល​គ្នា​ចំពោះ​រឿង​ចំណាត់ការ​លើ​វីរុស​កូរ៉ូណា​ថ្មី​


រូបឯកសារ៖ ការជជែកដេញដោលគ្នារវាងលោក Joe Biden និងលោក Bernie Sanders កាលពីពេលកន្លងទៅនេះ។
រូបឯកសារ៖ ការជជែកដេញដោលគ្នារវាងលោក Joe Biden និងលោក Bernie Sanders កាលពីពេលកន្លងទៅនេះ។

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden និង​លោក Bernie Sanders បាន​ប្រកែក​គ្នា​អំពី​ប្រវត្តិ​នៃ​កិច្ចការ​ខាង​សុខាភិបាល​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ពួក​គេជជែក​ដេញដោល​គ្នាទៅ​លើ​ផែនការ​របស់​ពួកគេ​រៀងខ្លួន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី។ វីរុសកូរ៉ូណា​ថ្មី​នេះ​កំពុង​តែ​ផ្លាស់ប្ដូរ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក​ទាំង​មូល។

ដោយ​ឈរ​នៅ​ចម្ងាយ​ជិត​ពីរ​ម៉ែត្រ​ពី​គ្នា បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden និង​លោក Bernie Sanders បាន​ជជែក​ដេញដោល​គ្នា​ដោយ​គ្មាន​ទស្សនិកជន​ទស្សនា​ដោយ​ផ្ទាល់​នៅ​ក្នុងបន្ទប់​ផ្សាយ​មួយរបស់​បណ្ដាញ​ព័ត៌មាន CNN ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នក​សម្របសម្រួល​កម្មវិធីដែល​ជា​អ្នក​យក​ព័តមាន​បាន​សាកសួរ​ពួកគេ​ទាំង​ពីរ​នាក់ ក្រោយ​ពី​ក្រុម​មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​ហាម​ឃាត់​ប្រជាជន​មិន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​ចាប់​ពី​៥០​នាក់​ឡើង​ទៅ​ដែល​មក​ដល់​ពេល​នេះ​បាន​ធ្លាក់​ដល់​ការ​ហាម​មិន​ឲ្យ​ប្រមូល​ផ្តុំ​លើស​ពី​១០​នាក់​ឡើង​ទៅ។ ​

ខណៈ​អាជីវកម្ម​និង​កន្លែង​កម្សាន្ដ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​បាន​បិទទ្វារ ប្រជាជន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​របស់របរ​សំខាន់ៗ​។ ​

លោក Sanders ស្នើ​ឲ្យ​កែប្រែ​ទាំង​ស្រុង​នូវ​ច្បាប់​ថែទាំ​សុខភាពរបស់​សហរដ្ឋអាមេរិក។

សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក Bernie Sanders ថ្លែង​ថា៖ «យើង​មាន​គម្រោង​ធានា​រ៉ាប់រង​សុខភាព​រាប់​ពាន់។ ប្រព័ន្ធ​សុខាភិបាល​នេះ​របស់​អាមេរិក​មិន​មែន​ជា​ប្រព័ន្ធ​មួយដែល​អាច​ផ្ដល់​សេវា​ថែទាំ​សុខភាព​ទេ វា​មិន​មែន​ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ត្រៀម​រួចរាល់​ដើម្បី​ផ្ដល់​សេវា​ថែទាំ​សុខភាព​ដល់​អ្នកគ្រប់គ្នា‍​នោះ​ទេ»។

លោក Biden ស្នើ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត បន្ទាប់​ពី​ក្រុម​មន្ត្រី​នៅ​តាម​រដ្ឋ​ជាច្រើន​ត្អូញត្អែរ​អំពី​ការ​ខ្វះខាត​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា។

លោក Joe Biden ដែល​ជា​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា៖ «ជា​ដំបូង ត្រូវ​មាន​ឧបករណ៍​ដើម្បី​ធ្វើ​តេស្ត​កាន់​តែ​ឆាប់​តាម​តែ​អាច​ធ្វើ​បាន។ ទី​ពីរ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​រដ្ឋ​ទាំងអស់​នៅ​ក្នុង​ប្រទេស​មាន​យ៉ាង​ហោច​ណាស់​កន្លែង​ធ្វើ​តេស្ត​ចំនួន​១០​កន្លែង ដែល​ពួកគេ​អាច​បើក​ឡាន​ចូល​ពិនិត្យដោយ​មិន​ចុះ​ពី​ឡាន​បាន‍»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិតក្នុង​ភាព​អាសន្ន​កាល​ពី​ថ្ងៃ​សុក្រ ទី​១៣ ខែមីនា កន្លង​ទៅ​នេះ។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​យល់ព្រម​ផ្ដល់​ថវិកា​ដើម្បី​បន្ថែម​ការ​ធ្វើតេស្ត​និង​ព្យាបាល​វីរុស​កូរ៉ូណាថ្មី។

លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្លែង​ថា​៖ «យើង​ទើប​តែ​អនុម័ត​ច្បាប់​មួយ​ដែល​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ធ្វើ​តេស្តរក​វីរុស​កូរ៉ូណា​ទេ»។

លោក Bernie Sanders បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា៖ «មិន​ពិត​ទេ។ រឿង​នេះ មិន​ពិត​ទេ។ ច្បាប់​នោះ​មាន​ចន្លោះ​ប្រហោង​ច្រើនណាស់​»។

ចិន​បាន​ប្រកាស​អំពី​ការវិវត្ត​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​ ដែលមាន​ប្រភព​មក​ពី​ប្រទេស​ចិន។ បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ទាំង​ពីរ​នាក់​ស្នើ​ឲ្យសហរដ្ឋអាមេរិកដើរ​តួ​ដឹកនាំចាត់វិធានការ​រឿង​នេះ​លើ​ឆាក​អន្តរជាតិ។

លោក Joe Biden មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​មាន​ផែនការ​រួម​គ្នា​មួយ។ គ្រប់​ប្រទេស​ទាំងអស់​រងផលប៉ះពាល់​ដូចគ្នា​ដោយសារ​វីរុស​កូរ៉ូណាថ្មី​នេះ អាស្រ័យ​លើ​ចំនួន​អ្នក​ឆ្លង​ច្រើន​ប៉ុណ្ណា។ ដូច្នេះ​យើង​ចង់​ឲ្យ​មានភាព​ជា​អ្នក​ដឹកនាំ​កម្រិតពិភពលោក ភាព​ជា​អ្នក​ដឹកនាំ​កម្រិត​អន្តរជាតិ»។ ​

លោក Biden បាន​សន្យា​ថា​ជ្រើស​រើស​យក​ស្ត្រី​ម្នាក់​ធ្វើ​ជា​បេក្ខជន​អនុប្រធានាធិបតីឈរឈ្មោះ​ជាមួយ​លោក។ រីឯ​លោក Sanders ត្រូវ​បាន​គេ​សាកសួរ​ថា​តើ​លោក​នឹង​ជ្រើសរើស​អ្នក​ឈរឈ្មោះ​ជាមួយ​បេក្ខជន​អនុប្រធានាធិបតី​ជា​ស្ត្រី​ដែរ​ឬ​យ៉ាង​ណា។

លោក Sanders និយាយ​ថា៖ «ខ្ញុំ​ទំនង​ជា​នឹង​រើស​ដៃគូ​ឈរឈ្មោះ​ជា​ស្ត្រី​ដែរ»។

ការ​ប្រកួតប្រជែង​គ្នា​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប្រព្រឹត្តទៅ ខណៈ​ដែល​ពិភពលោក​កំពុង​តែ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំងឺ​រាតត្បាត​សាកល៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG