លោក Donald Trump ដែលជាមហាសេដ្ឋីខាងដីធ្លី និងអាគារ និងជាអ្នកនាំមុខគេនៅក្នុងការប្រកួតប្រជែង ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់នឹងត្រូវតែចាកចេញពីប្រទសអាមេរិក ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។
នៅក្នុងកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី«Meet the Press» ជាមួយបណ្តាញទូរទស្សន៍អាមេរិកាំង NBC លោក Trump បាននិយាយថា «យើងនឹងធ្វើឲ្យគ្រួសារនៅជុំគ្នា ក៏ប៉ុន្តែពួកគេត្រូវតែទៅ។ យើងត្រូវមានប្រទេសមួយ ឬមួយយើងគ្មានប្រទេស»។
មានក្រុមជនអន្តោប្រវេសន៍គ្មានឯកសារប្រមាណ១១លាននាក់នៅក្នុងស.រ.អា។លោក Trump នឹងប្រកាន់យកខ្សែតឹងប្រឆាំងនឹងក្រុមជនទាំងនេះប្រសិនបើគាត់ឈរឈ្មោះដើម្បីបន្តតំណែងពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលបានត្រូវរារាំងដោយរដ្ឋធម្មនុញ្ញមិនឲ្យលោកឈរឈ្មោះសម្រាប់អណត្តិទីបីទេ។
លោក Trump បានចោទប្រកាន់ប្រទេសម៉ិកស៊ិកថា អនុញ្ញាតឲ្យ «ពួកឧក្រិដ្ឋជន» និង«ពួកអ្នករំលោភសេពសន្ធវៈ» ចូលដោយខុសច្បាប់ក្នុងស.រ.អាហើយលោកសន្យាថា នឹងកសាងកំផែងមួយ ដែលគ្មាននរណាអាចចូលបាននៅតាមបណ្តោយព្រំដែនរវាងស.រ.អា និងប្រទេសម៉ិកស៊ិក។ លោកTrump បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា «គ្មាននរណាម្នាក់អាចចូលកាត់កំផែងនេះបានទេ»៕