ក្នុងពេល៩ខែក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំទៅមិញ មានអ្នកចាញ់មួយថែមទៀត គឺការស្ទង់មតិខាងនយោបាយ ដោយការវិភាគថ្មីមួយបង្ហាញថា ការស្ទង់មតិកាលពីឆ្នាំ២០២០ នៅមុនការបោះឆ្នោតកាលពីថ្ងៃទី៣ វិច្ឆិកាឋិតក្នុងបណ្តាការស្ទង់មតិត្រូវតិចបំផុត ក្នុងពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ។
អង្គការប្រចាំអាជីពនៃឧស្សាហកម្មស្ទង់មតិ គឺសមាគមអាមេរិកាំងខាងការសិក្សាស្រាវជ្រាវមតិសាធារណៈនិយាយថា ខ្លួនបានពិនិត្យសើរើមើលការស្ទង់មតិ២៨៥៨ដោយមានរួមបញ្ចូលការស្ទង់មតិកម្រិតជាតិ និងកម្រិតរដ្ឋរាប់រយ ហើយរកឃើញថាការស្ទង់មតិទាំងនេះ បានប៉ាន់ប្រមាណស្ទើរចំពោះការគាំទ្រលោក Donald Trump ដែលបានកាន់តំណែងប្រធានាធិបតីនៅពេលនោះ ទោះជាលោកបានចាញ់លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ដែលនៅពេលនេះជាប្រធានាធិបតីទី៤៦នៃសហរដ្ឋអាមេរិកក៏ដោយ។
អង្គការនេះបានរកឃើញថា ការស្ទង់មតិទាំងនេះ បាននិយាយលើសអំពីគម្លាតការគាំទ្រលោក Biden និងលោក Trump ចំនួន៣,៩ ភាគរយក្នុងការបោះឆ្នោតដោយផ្ទាល់ក្នុងប្រទេសជាតិ និង៤,៣ ភាគរយក្នុងការបោះឆ្នោតរដ្ឋ។
អង្គការស្ទង់មតិនេះបាននិយាយថា អត្រាកំហុសតួភាគរយ«ខ្ពស់ខុសធម្មតា»ដល់កម្រិតខ្ពស់បំផុតក្នុងពេល៤០ឆ្នាំសម្រាប់ការស្ទង់មតិអំពីការបោះឆ្នោតដោយផ្ទាល់ក្នុងប្រទេសជាតិ និងយ៉ាងហោចណាស់២០ឆ្នាំសម្រាប់ការបោះឆ្នោតរដ្ឋ។
ក៏ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនៅក្នុងការស្ទង់មតិត្រូវទាំងស្រុងនៅទីបញ្ចប់នៃការឃោសនាដ៏យូរ ដោយការស្ទង់មតិទាំងអស់៦៦នៅពេលពីរសប្តាហ៍មុនការបោះឆ្នោតបង្ហាញថា លោក Biden នឹងឈ្នះលោក Trump។ ការស្ទង់មតិអំពីការបោះឆ្នោតព្រឹទ្ធសភាមិនសូវត្រូវទេ ដោយការស្ទង់មតិមុនការបោះឆ្នោតចែងត្រូវតែ២ ភាគ៣នៃអ្នកឈ្នះប៉ុណ្ណោះ។
នៅក្នុងការបោះឆ្នោតពិតប្រាកដ លោក Biden បានឈ្នះលោក Trump ដោយទទួលបានសំឡេងឆ្នោត៥១,៣ ភាគរយ។ ចំណែកលោក Trump បានទទួលសំឡេងឆ្នោត៤៦,៨ ភាគរយ ស្មើនឹងសន្លឹកឆ្នោត៨១លាន ៣សែនសន្លឹក ទល់នឹង៧៤ លាន ២ សែនសន្លឹក។
អង្គការស្ទង់មតិនេះបាននិយាយថា «ទោះជាបេក្ខជនឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី សមាជិកព្រឹទ្ធសភា ឬអភិបាលរដ្ឋក៏ដោយ ក៏គម្លាតការគាំទ្រនៅក្នុងការស្ទង់មតិទាំងអស់បង្ហាញថា ពួកបេក្ខជនប្រជាធិបតេយ្យ មានការគាំទ្រច្រើនជាងពួកបេក្ខជនសាធារណរដ្ឋនៅក្នុងលទ្ធផលចុងក្រោយដែលមានការបញ្ជាក់ថាត្រឹមត្រូវយកជាការបាន»។
ពួកអ្នកស្ទង់មតិនិយាយថា ពួកគេមិនដឹងហេតុដូចម្តេចបានជាការរកឃើញនៅមុនការបោះឆ្នោតខុសពីគម្លាតពិតប្រាកដ ទោះជាលោក Biden បានឈ្នះដូចដែលការស្ទង់មតិក្នុងពេលច្រើនខែបានបង្ហាញអំពីជ័យជម្នះរបស់លោកក៏ដោយ។
កាលពីឆ្នាំ២០១៦ ក្រុមអ្នកស្ទង់មតិបានស្ទង់ប្រមាណទាបអំពីការគាំទ្រដល់លោក Trump នៅក្នុងរដ្ឋសំខាន់ៗដែលលោកបានឈ្នះដោយមិនបានរំពឹងទុកជាមុនដែលនាំឲ្យលោកចូលកាន់តំណែងបួនឆ្នាំក្នុងសេតវិមាន។ ពួកអ្នកស្ទង់មតិបានសន្និដ្ឋាននៅក្រោយការបោះឆ្នោតនោះថា ពួកគេមិនបានគិតអំពីភាពខុសគ្នាខាងការសិក្សាអប់រំនៅក្នុងទម្លាប់បោះឆ្នោតក្នុងប្រទេសអាមេរិក គឺថាក្រុមអ្នកបោះឆ្នោតដែលមានការសិក្សាអប់រំក្នុងមហាវិទ្យាល័យទំនងជា គាំទ្រគណបក្សប្រជាធិបតេយ្យជាងគាំទ្រពួកសាធារណរដ្ឋ។
ពួកអ្នកនិពន្ធការវិភាគនៃការស្ទង់មតិកាលពីឆ្នាំ២០២០ និយាយថា ពួកគេដឹងមិនច្បាស់លាស់ទេថា អ្វីដែលបណ្តាលឱ្យមានការភ័ន្តច្រឡំកាលពីឆ្នាំទៅមិញ តែបាននិយាយថា ការចុះថយនៃអត្រាឆ្លើយតបសំណួរក្នុងចំណោមមនុស្សខ្លះ ជាពិសេសពួកសាធារណរដ្ឋប្រហែលជាកត្តាសំខាន់មួយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ