អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris គ្រោងនឹងពិភាក្សាជាមួយអង្គការសហគមន៍នានានៅក្នុងប្រទេសក្វាតេម៉ាឡានៅថ្ងៃអង្គារនេះ គឺក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសអំពីកិច្ចប្រឹងប្រែងផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងទៀតដើម្បីជួយប្រទេសក្វាតេម៉ាឡានិងប្រទេសជិតខាងប្រទេសនេះនៅក្នុងការកាត់បន្ថយការធ្វើចំណាកស្រុក។
ការិយាល័យរបស់អ្នកស្រី Harris បានបញ្ជាក់ថា ការប្រជុំតុមូលតាមអនឡាញនៅថ្ងៃអង្គារនេះ «នឹងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃចាត់ទុកប្រជាពលរដ្ឋក្វាតេម៉ាឡាថាជាស្នូលនៃដំណោះស្រាយសម្រាប់ឫសគល់នៃបញ្ហាចំណាកស្រុក»។
អ្នកស្រី Harris បាននិយាយក្នុងអំឡុងពេលនៃការសន្ទនាកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីក្វាតេម៉ាឡាលោក Alejandro Giammattei ថា អ្នកស្រី «ចង់ស្តាប់ទស្សនៈរបស់អ្នកធ្វើចំណាកស្រុក» និងថា ពលរដ្ឋក្នុងតំបន់នោះ «ត្រូវតែជាស្នូលនៃអ្វីៗដែលយើងធ្វើ»។
ជនចំណាកស្រុកកាន់តែច្រើនបានធ្វើដំណើរមកពីប្រទេសក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងហុងឌូរ៉ាសសំដៅមកកាន់សហរដ្ឋអាមេរិក។ ករណីនេះបានធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រគល់ភារៈកិច្ចដល់អ្នកស្រី Harris ឲ្យធ្វើការជាមួយរដ្ឋាភិបាលនៃប្រទេស ៣ ខាងលើ និងរួមទាំងប្រទេសម៉ិកស៊ិកផងដែរ ដើម្បីព្យាយាមដោះស្រាយកត្តាផ្សេងៗដែលជំរុញឲ្យមានការធ្វើចំណាកស្រុក។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍មួយកាលពីដើមឆ្នាំនេះថា បន្ទាប់ពីរងការប៉ះពាល់ដោយសារព្យុះសង្ឃរាជាច្រើននៅក្នុងតំបន់ និងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួនពលរដ្ឋដែលប្រឈមនឹងគ្រោះអត់ឃ្លាននៅក្នុងប្រទេសក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងហុងឌូរ៉ាសបានកើនដល់ ៧ លាន ៨ សែននាក់៕