ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ថ្មី​ច្រានចោល​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ចំនួន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ដើម្បី​ចាប់ផ្តើម​លុបចោល​គោល​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងតែង​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump។

លោក Biden បាន​និយាយ​នៅ​ពេល​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​ទាំង​នោះ​ថា៖ «ខ្ញុំ​មិនមែន​កំពុង​ធ្វើ​ច្បាប់​ថ្មី​ទេ។ ខ្ញុំ​កំពុង​លុប​ចោល​គោល​នយោបាយ​អាក្រក់»។

ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​កាលពី ២ សប្តាហ៍​មុន លោក Biden បាន​ចាត់​វិធានការ​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ដែល​មាន​តម្លៃ ១៦ ពាន់​លាន​ដុល្លារ​របស់​លោក Trump និង​បាន​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​អន្តោប្រវេសន៍​ដ៏​សំខាន់​មួយ​ទៅ​កាន់​សភា។

ការ​ផ្តោត​យក​ចិត្ត​ទុកដាក់​ភ្លាមៗ​របស់​លោក Biden គឺ​ព្រំដែន​ភាគ​ខាង​ត្បូង​ជាប់​ប្រទេស​ម៉ិកស៊ិក​ចម្ងាយ ៣.១០០ គីឡូម៉ែត្រ ដែល​លោក Trump បាន​ព្យាយាម​រាំង​ខ្ទប់​ជន​ចំណាក​ស្រុក​រាប់​ពាក់​នាក់​មកពី​ប្រទេស​ម៉ិកស៊ិក ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និង​ក្វាតេម៉ាឡា កុំ​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

បទ​បញ្ជា​មួយ​ដែល​លោក Biden បាន​ចុះ​ហត្ថលេខា នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​ដើម្បី​ធ្វើ​ឲ្យ​កុមារ​ចំណាក​ស្រុក​ជាង ៦០០ នាក់ មាន​ការ​ជួបជុំ​ឡើង​វិញ​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ បន្ទាប់ពី​អាជ្ញាធរ​បាន​បំបែក​ពួកគេ​នៅ​ឯ​ព្រំដែន​កាល​ពី​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ មក។

នៅឯ​ពិធី​ចុះ​ហត្ថលេខា​នោះ លោក Biden បាន​និយាយ​ថា លោក​សង្ឃឹម​ថា​នឹង​អាច​លុប​ចោល​នូវ «ស្នាម​ប្រឡាក់» នៃ​ការ​បំបែក​ក្រុម​គ្រួសារ​ជន​ចំណាក​ស្រុក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG