ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក បញ្ជូន​មន្ត្រី​ទៅ​ម៉ិកស៊ិក​និង​ក្វាតេម៉ាឡា​ដើម្បី​ពិភាក្សា​រឿង​ជនចំណាកស្រុក


ភ្នាក់ងារ​អន្តោប្រវេសន៍​ម៉ិកស៊ិក ដើរ​នៅ​ក្បែរ​ទន្លេ Suchiate River ដែល​ជា​ព្រំដែន​ធម្មជាតិ​រវាង​ប្រទេស​ក្វាតេម៉ាឡា​និង​ម៉ិកស៊ិក នៅ​ខាង​ប្រទេស​ម៉ិកស៊ិក​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​មាន​ប្រតិកម្ម​ទៅនឹង​ភស្តុតាង​ដែល​ថា ស្ថានភាព​នៅឯ​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាប់​ប្រទេស​ម៉ិកស៊ិក​មិន​ល្អ។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Biden ផ្តោត​លើ​ការ​ពន្លឿន​ដំណើរការ​និង​ការ​បើក​មណ្ឌល​ដាក់​ជន​ចំណាក​ស្រុក​បន្ថែម​ទៀត​នៅឯ​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាប់​ប្រទេស​ម៉ិកស៊ិក។

អ្នកស្រី​ថ្លែង​ដូច្នេះ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​អំពី​កុមារ​ចំណាក​ស្រុក​ក្នុង​ចំនួន​ដ៏​ណែនណាន់​តាន់តាប់​នៅ​ឯ​មណ្ឌល​របស់​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​នៅ​ក្នុង​រដ្ឋ Texas។

អ្នកស្រី Psaki បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «រូបថត​ទាំង​នេះ​បង្ហាញ​អំពី​អ្វី​ដែល​យើង​បាន​និយាយ​ជា​យូរ​មក​ហើយ ដែល​នោះ​គឺ​ថា មណ្ឌល​របស់​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​ទាំង​នេះ​មិនមែន​ជា​កន្លែង​ដែល​ធ្វើ​ឡើង​សម្រាប់​កុមារ​នោះ​ទេ។ វា​មិនមែន​ជា​កន្លែង​ដែល​យើង​ចង់​ឲ្យ​កុមារ​ស្នាក់នៅ​រយៈពេល​យូរ​នោះ​ឡើយ។ ជម្រើស​ផ្សេង ​គឺ​បញ្ចូន​ពួកគេ​ត្រឡប់​ទៅ​វិញ​ក្នុង​ដំណើរ​ផ្លូវ​ដ៏​គ្រោះថ្នាក់​នេះ ប៉ុន្តែ​នេះ​មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ»។

វិបសាយ​ព័ត៌មាន Axios បាន​ផ្សព្វផ្សាយ​រូបថត​ទាំង​នេះ​ដំបូង​កាលពី​ថ្ងៃ​ចន្ទ។ រូបថត​ទាំង​នេះ​ត្រូវ​បាន​ថត​ដោយ​លោក Henry Cuellar ដែលជា​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​ឲ្យ​សង្កាត់​មួយ​នៅ​ជាប់​ព្រំដែន​ក្នុង​រដ្ឋ Texas។

លោក Cuellar បាន​និយាយ​ថា លោក​បាន​ផ្សព្វផ្សាយ​រូបថត​ទាំង​នេះ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាធារណៈ​ចំពោះ​ស្ថានការណ៍​នេះ។

មន្ត្រី​អន្តោប្រវេសន៍​ជាន់​ខ្ពស់ ៣ រូប​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ិចស៊ិក និង​ក្វាតេម៉ាឡា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​ក្នុង​គោល​បំណង​ព្យាយាម​រក​វិធី​កាត់បន្ថយ​ចំនួន​ជន​ចំណាក​ស្រុក​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG