ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ព្យាយាម​បង្កើន​រូបភាព​វិជ្ជមាន​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​​ថ្មី


បុរស​ម្នាក់​រុញ​វ៉ាលី​របស់​លោក​កាត់​បុគ្គលិក​ដែល​មាន​ពាក់​សម្លៀកបំពាក់​ការពារ​ នៅ​ពេល​ពួកគេ​រង់ចាំ​ពិនិត្យ​សីតុណ្ហភាព​របស់​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។
បុរស​ម្នាក់​រុញ​វ៉ាលី​របស់​លោក​កាត់​បុគ្គលិក​ដែល​មាន​ពាក់​សម្លៀកបំពាក់​ការពារ​ នៅ​ពេល​ពួកគេ​រង់ចាំ​ពិនិត្យ​សីតុណ្ហភាព​របស់​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

ជាច្រើន​សប្តាហ៍​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​បាន​ពលរដ្ឋ​ក្នុង​ប្រទេស​ចិន និង​ជុំវិញ​ពិភពលោក​រិះគន់​ចំពោះ​ការ​ឆ្លើយតប​ស្ពឹកស្រពន់​របស់​ខ្លួន​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​វីរុស​ថ្មីនៅ​ពេល​នេះ​រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​ដើរតួ​ជា​មេដឹកនាំ​ផ្នែក​សុខាភិបាល​ក្នុង​សាកលលោក។

ការ​ឆ្លើយតប​ដំបូងៗ​របស់​ចិន​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ប្រភេទ​ថ្មី​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ដោយ​គេ​មិន​ដឹង​ថា​តើ​ក្រុម​មន្ត្រី​បាន​ដឹងអ្វី​ខ្លះ និង​នៅ​ពេល​ណា​ដែល​ពួកគេ​ដឹង​ព័ត៌មាន​នោះ​ទេ។

នៅ​ដើម​ឆ្នាំ​នេះ នៅ​ពេល​ដែល​មេរោគ​កូរ៉ូណា​វីរុស​ចាប់​ផ្តើម​រាលដាល​នៅ​ក្នុង​ក្រុង​អ៊ូហាន (Wuhan) អាជ្ញាធរ​មើល​ស្រាល​គ្រោះថ្នាក់​ និង​បាន​ផ្តល់​ព័ត៌មាន​តិចតួច​អំពី​ស្ថានភាព​នៃ​ការ​រាលដាល​នោះ។ ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ​តែ​បន្ត​ជា​ធម្មតា នៅ​មុន​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់វិធានការ​ម៉ឹងម៉ាត់ ខណៈពេល​ដែល​ការ​រីករាលដាល​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ពេល​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ចោទ​ប្រកាន់​ប្រទេស​ដទៃ​ពី​ការ​មិន​ចាត់វិធានការ​ទាន់​ពេលវេលា​ដូច​គ្នា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ​អំពី​ការ​ឆ្លើយតប​របស់​ចិន ដោយ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ចិន​ជា​គំរូ​សម្រាប់​ពិភពលោក និង​និយាយ​ថា ​ប្រទេស​នានា​ដូចជា សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​បាន​ចាត់​វិធានការ​យឺតយ៉ាវ​ដើម្បី​ទប់ទល់​នឹង​ការ​រីករាលដាល​នេះ។

គិលានុបដ្ឋាយិកា​ម្នាក់​បញ្ចុក​អ្នក​ជំងឺ​កូវីដ១៩ នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ នៅ​មន្ទីរពេទ្យ Zhongnan ក្នុង​ក្រុង​អ៊ូហាន ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។
គិលានុបដ្ឋាយិកា​ម្នាក់​បញ្ចុក​អ្នក​ជំងឺ​កូវីដ១៩ នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ នៅ​មន្ទីរពេទ្យ Zhongnan ក្នុង​ក្រុង​អ៊ូហាន ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

ចំណងជើង​សារព័ត៌មាន​មួយ​របស់​បណ្តាញ​ផ្សព្វផ្សាយ Xinhua ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​ការ​របស់​ចិន​សរសេរ​ថា «ត្រឹមត្រូវ​ណាស់ ពិភពលោក​គួរ​តែ​អរគុណ​ប្រទេស​ចិន!»។

អត្ថបទ​បញ្ចេញ​មតិ​របស់​សារព័ត៌មាន Xinhua បាន​សរសេរ​ថា ប្រទេស​លោក​ខាង​លិច ជា​ពិសេស​សហរដ្ឋអាមេរិក «ជំពាក់​ការ​សុំទោស​ចំពោះ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹងមេរោគ​កូរ៉ូណា​វីរុស» ដោយសារ​តែ​ប្រទេស​ចិន​បាន​អះអាង​ថា ពិភពលោក​អាច​នឹង​មាន​ការ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​ជាង​នេះ​ ប្រសិនបើ​មិន​មាន​ការ​ឆ្លើយតប​របស់​ចិន​នោះ​ទេ។ ការ​ឆ្លើយតប​នោះ​រួម​មាន​ការ​បង្ការ​ទុក​មុន​យ៉ាង​សកម្ម និង​វិធានការ​គ្រប់គ្រង​ដែល​បាន​ចាប់ផ្តើម​ធ្វើ​ឱ្យ​ការ​ឆ្លងរាលដាល​មាន​ល្បឿន​យឺត។ មេរោគ​ថ្មី​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ ៨០.៥៦៥នាក់​បាន​ឆ្លង​ និង​មនុស្ស​៣.០១៥នាក់​ស្លាប់​តែ​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។

ជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹងប្រែង​ក្នុង​ការ​ផ្ញើ​សារ ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ខ្លួន​ប្រាប់​ឱ្យ​អ្នក​ការទូត​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​លើក​ឡើង​ពី​ស្នាដៃ​របស់​ចិន​តាមរយៈ​បទសម្ភាសន៍​តាម​បណ្តាញ​សារព័ត៌មាន​ជាង​៤០០ និង​អត្ថបទ​ព័ត៌មាន​ជាង​៣០០​អត្ថបទ។

រូបភាព​ជា​សាកល​របស់​ចិន

អស់​រយៈពេល​ជាង​២០ឆ្នាំ ចិន​បាន​ព្យាយាម​បង្ហាញ​ថា ខ្លួន​ជា​មហាអំណាច​ក្នុង​សាកលលោក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។ ការ​ខិតខំ​ប្រឹងប្រែង​នេះ​ត្រូវ​បាន​បំផ្លាញដោយសារ​តែ​ការ​ឆ្លើយតប​ពី​ដំបូង​ចំពោះ​មេរោគ​កូរ៉ូណា​វីរុស។

លោក Steve Young អតីត​នាយក​វិទ្យាស្ថាន​អាមេរិកាំង​នៅ​កោះ​តៃវ៉ាន់ និង​ជា​អតីត​អគ្គកុងស៊ុលអាមេរិកាំង​នៅ​ហុងកុង​បាន​និយាយ​ថា«ចិន​បាន​បាត់បង់​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ ដោយសារ​តែ​ការ​មើលស្រាល​លើ​មេរោគ​កូរ៉ូណា​វីរុស​ពី​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​សប្តាហ៍​ដំបូងៗ​នៃ​ឆ្នាំ​នេះ»។

លោក Young បាន​និយាយ​ថា ចិន​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ជាពិសេស​ចំពោះ​ការ​ដាក់​ទោស​ទៅ​លើ​វេជ្ជបណ្ឌិត​ដំបូងគេ​ម្នាក់​ដែល​បាន​បង្ហើប​ពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ គឺ​លោក​វេជ្ជបណ្ឌិតដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​នៅ​ក្នុង​ក្រុង​អ៊ូហាន ហើយ​ក្រោយ​មក​បាន​ស្លាប់​ដោយសារ​តែ​មេរោគ​កូរ៉ូណា​វីរុស​នេះ។

នេះ​ជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​បណ្តោះអាសន្ន​មួយ​សម្រាប់​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​ជា​វេជ្ជបណ្ឌិត​ដំបូង​ដែល​បាន​បង្ហើប​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី និង​ក្រោយ​មក​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ។
នេះ​ជា​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​បណ្តោះអាសន្ន​មួយ​សម្រាប់​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​ជា​វេជ្ជបណ្ឌិត​ដំបូង​ដែល​បាន​បង្ហើប​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី និង​ក្រោយ​មក​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ។

លោក Wu Qiang ដែល​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​នៅ​ក្នុង​ក្រុង​ប៉េកាំង និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​បាន​និយាយ​ថា ការ​ឆ្លើយតប​តិចតួច​របស់​អាជ្ញាធរ​ពីដំបូង​បាន​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​រយៈពេល​យូរ នៅ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​ឆ្លងរាលដាល​ចេញ​ពី​ក្រុង​អ៊ូហាន។

លោក Wu Qiang ​បាន​និយាយ​ថា «វា​ពិបាក​នឹង​ជឿ​ណាស់​ថា ចិន​បាន​ដើរ​តួ​ជា​មេដឹកនាំ​នៅ​ក្នុង​ការ​បង្ការ​មេរោគ​កូរ៉ូណា​វីរុស​នៅ​ក្នុង​ពិភពលោក»។

ការ​ខូច​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​មើល​ឃើញ​ច្បាស់ៗ។ នៅ​សហរដ្ឋអាមេរិក គេ​ជឿជាក់​ថា​ ចិន​បង្ហាញ​តួលេខ​នៃ​ការ​ឆ្លង​មេរោគ​នេះ​ទាប​ជាង​ការ​ពិត។ ការ​ស្ទង់​មតិ Gallup ចុង​ក្រោយ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី១៦ ខែកុម្ភៈ បាន​រកឃើញ​ថា ការ​ចាត់​ចំណាត់ថ្នាក់​ល្អ​ឱ្យ​ប្រទេស​ចិន​ពី​សំណាក់​ពលរដ្ឋ​អាមេរិកាំង​ មាន​ចំនួន​ដូច​គ្នា​ទៅ​នឹង​ចំនួន​ដែល​គេ​ផ្តល់​ឱ្យ​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​នៅ​ទីលាន Tiananmen Square ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​១៩៨៩។ នៅ​ពេល​នោះ ពលរដ្ឋ​អាមេរិកាំង​តែ​៣៤%​ប៉ុណ្ណោះ​មាន​ទស្សនៈ​ល្អ​ចំពោះ​ប្រទេស​ចិន។

លោក Joseph Cheng ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ចូល​និវត្តន៍​នៅ​សាកលវិទ្យាល័យ City University of Hong Kong បាន​និយាយ​ថា ថ្នាក់​ដឹកនាំ​ចិន​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន ដោយសារ​តែ​ថ្នាក់​ដឹកនាំ​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​អំណាច​ទន់។ វិធានការ​មួយ​ដែល​មាន​ភាព​រសើប​គឺ​ជា​សកម្មភាព​របស់​ចិន​នា​ពេល​ថ្មីៗ​ក្នុង​ការ​បណ្តេញ​អ្នក​សារព័ត៌មាន Wall Street Journal បីនាក់​ឱ្យ​ចាកចេញ​ពី​ប្រទេស​ចិន បន្ទាប់​ពី​សារព័ត៌មាន​នេះ​បាន​ចេញផ្សាយ​នូវ​អត្ថបទ​បញ្ចេញមតិ​មួយ​ដែល​ពណ៌នា​ប្រទេស​ចិន​ថា​ជា​ «អ្នក​ជំងឺ​អាស៊ី»។​

លោក​ Joseph Cheng បាន​និយាយ​ ដោយ​សំដៅ​ដល់​កិច្ចប្រឹងប្រែង​នា​ពេល​ថ្មីៗ​របស់​ចិន​ក្នុង​ការ​បង្ហាញ​ពី​លក្ខណៈ​ជា​មហាអំណាច​មាន​ការ​ទទួល​ខុស​ត្រូវ ដោយ​បាន​បញ្ជូន​អ្នក​ជំនាញ និង​សម្ភារៈ​ទៅ​កាន់​ប្រទេស​ដែល​មាន​ករណី​ឆ្លង​កើន​ឡើង​ខ្លាំង​ថា«ថ្នាក់ដឹកនាំ​ឥឡូវ​នេះ​ចង់​ជះ​ឥទ្ធិពល​លើ​សាធារណជន​មតិ​អន្តរជាតិ»។

ឥឡូវ​នេះ​ ចិន​សង្កត់​ធ្ងន់​ថា ខ្លួន​បាន​ចែក​រំលែក​ផែនការ​ព្យាបាល​ជំងឺ​ឆ្លង​នេះ​ជាមួយ​នឹង​ប្រទេស​ជាច្រើន។

លោក Zhao Lijiang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា«យើង​បាន​បង្កើត​យន្តការ​ប្រាស្រ័យ​ទាក់ទាក់​កម្រិត​បច្ចេកទេស​ជិតស្និទ​ជាមួយ​នឹង​អង្គការ​នានា​ដូចជា​អង្គការ​សុខភាព​ពិភពលោក សហភាព​អឺរ៉ុប សហភាព​អាហ្វ្រិក សហគមន៍​ CARICOM និង​អាស៊ាន និង​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង ឬ​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់​ខ្សោយ​ដូចជា​ប្រទេស​កូរ៉េ និង​អ៊ីរ៉ង់»។​

តើ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​កើត​ឡើង​ពី​កន្លែង​ណា?

ជាង​២ខែ​បន្ទាប់​ពី​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​រាយការណ៍​ជា​លើក​ដំបូង​ថា​ មាន​ការ​ឆ្លង​មេរោគ​ប្រភេទ​ថ្មី រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​ដេញដោល​ចំពោះ​ការ​សន្មត​ថា មេរោគ​នេះ​មាន​ប្រភព​ចេញ​ពី​ក្រុង​អ៊ូហាន ទី​ដែល​មេរោគ​នេះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ផ្សារ​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​មួយ​កន្លែង។

បុគ្គលិក​សហគមន៍​ធ្វើ​ការ​បាញ់​សម្លាប់​មេរោគ​នៅ​ក្នុង​តំបន់​ស្នាក់នៅ​មួយ​ក្នុង​ក្រុង​អ៊ូហាន កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។
បុគ្គលិក​សហគមន៍​ធ្វើ​ការ​បាញ់​សម្លាប់​មេរោគ​នៅ​ក្នុង​តំបន់​ស្នាក់នៅ​មួយ​ក្នុង​ក្រុង​អ៊ូហាន កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

លោក Zhao បាន​និយាយ​ថា «ករណី​នៃ​ជំងឺ​កូវីដ-១៩​ដែល​ត្រូវ​បាន​គេ​រាយការណ៍​គឺ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​ប្រភព​របស់​វា​មិន​ប្រាកដ​ថា​ចេញ​ពី​ប្រទេស​ចិន​នោះ​ទេ។ ប្រភព​នៃ​ជំងឺ​នេះ​អាច​មាន​គ្រប់​ទីកន្លែង​ទាំង​អស់»។

លោក Zhao បាន​សំដៅ​ដល់​សេចក្តីថ្លែងការណ៍​របស់​លោក​វេជ្ជបណ្ឌិត Zhong Nanshan ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ដ៏​ល្បី​បំផុត​ដែល​បាន​ធ្វើ​ការ​លើ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ និង​ជំងឺ​ផ្លូវ​ដង្ហើម SARS នៅ​ក្នុង​ឆ្នាំ២០០២ និង​២០០៣។ លោក​បាន​អះអាង​កាលពី​ខែ​មុន​ថា «ទោះ​ជា​មេរោគ​នេះ​ត្រូវ​បាន​គេ​រកឃើញ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ដោយ វា​មិន​ប្រាកដ​ថា​មាន​ប្រភព​កំណើត​នៅ​ទីនោះ​ទេ»។

លោក Zhong មិន​បាន​បង្ហាញ​ពី​ជម្រើស​ផ្សេង​ដែល​អាច​ជា​ប្រភព​កំណើត​នៃ​មេរោគ​នេះ​នោះ​ទេ ប៉ុន្តែ​ពាក្យ​សម្តី​របស់​លោក​បាន​ធ្វើ​ឱ្យ​មាន​ការ​ដេញដោល​គ្នា​តាម​អ៊ីនធឺណិត​ជាច្រើន ហើយ​អ្នក​ខ្លះក៏​បាន​លើក​ឡើង​ថា មេរោគ​នេះ​អាច​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ផង​ដែរ។

ប្រភព​ច្បាស់​លាស់​នៃ​មេរោគ​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​គេ​ជឿ​ថា វា​កើត​ចេញ​ពី​សត្វ​ ហើយ​ឆ្លង​ទៅ​មនុស្ស​នៅ​ផ្សារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​អ៊ូហាន។

លោក David Ho ដែល​ជា​អ្នក​ស្រាវជ្រាវ​ជំងឺ​អេដស៍​ដ៏​ល្បី​ម្នាក់​នៅ​សាកលវិទ្យាល័យ Columbia University ​បាន​និយាយ​ថា ស្ទើរ​តែ​ប្រាកដប្រជា​ទៅ​ហើយ​ថា​មេរោគ​កូរ៉ូណា​វីរុសនេះចាប់​ផ្តើម​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន។​

លោក​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា «តាម​អ្វី​ដែល​យើង​បាន​ដឹង​អំពី​ជំងឺ SARS និង​ជំងឺ​នេះ និង​អ្វី​ដែល​យើង​បាន​ដឹង​អំពី​មេរោគ​កូរ៉ូណា​វីរុស​ទាំង​អស់​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​អំបូរ​សត្វ​ផ្សេង ខ្ញុំ​គិត​ថា ប្រភព​របស់​វា​គឺ​ចេញ​ពី​ប្រទេស​ចិន»។

ភាព​ខ្លាំង​នៃ​ប្រព័ន្ធ​នយោបាយ​

បន្ថែម​ទៅ​លើ​កិច្ចប្រឹងប្រែង​ក្នុង​ការ​ទប់ទល់​នឹង​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​នេះ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា​វា​ជា​ភាព​ខ្លាំង​នៃ​ប្រព័ន្ធ​នយោបាយ​របស់​ចិន រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជំរុញ​ឱ្យ​មាន​ការ​បកស្រាយ​ផ្ទុយ​ដ៏​មាន​ឥទ្ធិពល​មួយ។ នោះ​គឺ​ជា​ការ​បកស្រាយ​ថា​ប្រព័ន្ធ​គ្រប់គ្រង​របស់​ចិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឆ្លើយតប​មាន​ប្រសិទ្ធភាព និង​លឿន​ចំពោះ​វិបត្តិ​នេះ ​ដែល​ប្រទេស​ផ្សេង​អាច​រៀនសូត្រ​តាម។

សារព័ត៌មាន​ផ្លូវ​ការ​បាន​បង្ហាញ​អត្ថបទ​ជាច្រើន​ពី​របៀប​ដែល​រដ្ឋាភិបាលចិនត្រូវ​បាន​រដ្ឋាភិបាល​បរទេស និង​ក្រុម​មន្ត្រី​សុខាភិបាល​បរទេស​សរសើរ។

ទូរទស្សន៍ CCTV របស់​រដ្ឋ​បាន​រាយការណ៍​ថា លោក​វេជ្ជបណ្ឌិត Bruce Aylward ជា​ជនជាតិ​កាដាណា និង​ជា​អគ្គលេខាធិការ​ជំនួយការ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ដឹកនាំ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​ជំនាញ​បរទេស​ទៅ​កាន់​ប្រទេស​ចិន។ លោក Aylward បាន​និយាយ​ថា ការ​ទប់ទល់​របស់​ចិន​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ អាច​ធ្វើ​ត្រាប់​តាម​បាន «ប៉ុន្តែ​វា​ទាមទារ​ភាព​ក្លាហាន​ផ្នែក​នយោបាយ ការ​គិត​វិភាគ ថវិកា និង​ការ​ចាត់វិធានការ​បាន​លឿន»។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចុះ​ពិនិត្យ​មើល​ការងារ​ទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​សហគមន៍ Anhuali ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចុះ​ពិនិត្យ​មើល​ការងារ​ទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​សហគមន៍ Anhuali ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Ding Xiangyang ជា​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ត្រួតពិនិត្យ​ការ​ទប់ទល់​នឹង​ការ​រីករាលដាល​នៃ​មេរោគថ្មី​នេះ​នៅ​ក្នុង​ខេត្ត Hubei ដែល​ជា​កន្លែង​នៃ​ការ​ផ្ទុះ​ការ​រាលដាល​មេរោគ​នេះ​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​ជឿ​ថា ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​ពិភពលោក​មាន​សុវត្ថិភាព​ជាង​មុន។

លោក Ding ដែល​ជា​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិនបាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា «អង្គការ​សុខភាព​ពិភពលោក​ជឿ​ថា ចិន​បាន​អនុវត្ត​វិធានការ​បង្ការ និង​វិធានការ​គ្រប់គ្រង​ទុក​មុន​ប្រកប​ដោយ​ភាព​សកម្ម​ បត់បែន និង​ក្លាហាន​បំផុត ហើយ​បាន​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​មេរោគ និង​កាត់​បន្ថយ​ចំនួន​ករណី​ឆ្លង​រាប់​សែន​នៅ​ទូទាំង​ប្រទេស»។

ប៉ុន្តែ​នៅពេល​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​កំពុង​គិតគូរ​ពី​មេរោគ​រាលដាល​ជា​សាកល​មេះ​ មនុស្សម្នា​គិត​ថា​វិធានការ​ដ៏​តឹងរ៉ឹង រួម​ទាំង​ការ​បិទ​ខេត្ត Hubei ដែល​មាន​មនុស្ស​៦០លាន​នាក់​រស់​នៅ​នោះ​ផង អាច​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​កន្លែង​ផ្សេង​ទៀត​បាន​ឬ​អត់។​

អ្នកស្រី Dorothy Solinger អ្នក​ជំនាញ​ផ្នែក​នយោបាយ​ចិន​នៅ​សាកលវិទ្យាល័យ University of California នៅ​ក្នុង​ក្រុង Irvine និយាយ​ថា ប្រទេស​ចិន​ទទួល​ «ប្រយោជន៍​ដ៏​ធំ» ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នេះ។

អ្នកស្រី​បាន​និយាយ​ថា «តើ​ប្រទេស​ផ្សេង​ណា មិន​ថា​តូច ឬ​ធំ​នោះ​ទេ អាច​ទទួល​ជោគជ័យ​បែប​នេះ​បាន? មាន​តែ​ប្រទេស​ចិន​ទេ ដែល​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ផ្តាច់ការ​ បូក​រួម​ទាំង​ការ​តាមដាន​អង្កេត​ថ្មីៗ​អាច​ដោះស្រាយ​បញ្ហា​នោះ​ទេ។ មិន​ថា​យើង​ចូលចិត្ត​ឬ​អត់​នោះ​ទេ ចិន​ពូកែ​ធ្វើ​រឿង​ទាំង​២នេះ​ណាស់»។

អ្នក​រិះគន់​និយាយ​ថា ផ្នែក​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ​គឺ​ថា​មាន​ការ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ដោយសារ​តែ​វិធានការ​តឹងរ៉ឹង​បំផុត​ដែល​ចិន​បាន​អនុវត្ត។​

លោក Young អតីត​នាយក​វិទ្យាស្ថាន​អាមេរិកាំង​នៅ​តៃវ៉ាន់​និយាយ​ថា «យើង​ត្រូវ​និយាយ​ឱ្យ​ចំ​។ មនុស្ស​ជាច្រើន​ឈឺ និង​ស្លាប់​ នៅ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​ការ​ឃោសនា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​បង្កើត​រឿង​ប្រឌិត។ នេះ​មិន​មែន​ជា​ឧទាហរណ៍​ល្អ​នៃ​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ដឹកនាំ​របស់​ចិន​នោះ​ទេ»។​

កន្លែង​ផ្សេង​ទៀត​ ដូចជា​តៃវ៉ាន់ បាន​បង្ហាញ​ថា គេ​អាច​ការពារ​ឱ្យ​មនុស្ស​មាន​សុវត្ថិភាព​បាន​ដោយ​មិន​ចាំបាច់​អនុវត្ត​ការ​អន្តរាគមន៍​ខ្លាំង​ជ្រុល​ទៅ​លើ​មនុស្ស​រាប់​លាន​នាក់​នោះ​ទេ។ តៃវ៉ាន់​ដែល​មាន​ចំនួន​ជើង​ហោះហើរ​ច្រើន​មក​ពី​ប្រទេស​ចិន​ក្នុង​មួយ​ថ្ងៃៗ​បាន​ប្រឹងប្រែង​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​ស្ថិត​នៅ​ក្រោម​៥០​នាក់។

ក្រុម​មន្ត្រី​បាន​សរសើរ​ដល់​វិធានការ​ទុក​មុន​យ៉ាង​សកម្ម​របស់​តៃវ៉ាន់​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​អ្នក​ដំណើរ​មក​ពី​ផ្នែក​នៃ​ប្រទេស​ចិន​ដែល​មាន​ការ​ឆ្លង​រាលដាល ព្រមទាំង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ដ៏​ល្អ ដែល​ផ្តោត​លើ​ការ​កំណត់​អត្តសញ្ញាណ​ និង​ដាក់​មនុស្ស​ដែល​ឆ្លង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក។ ក្រុម​មន្ត្រី​តៃវ៉ាន់​និយាយ​ថា ការ​មាន​តម្លាភាព​ព័ត៌មាន​មាន​សារៈសំខាន់​ណាស់៕

XS
SM
MD
LG