ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីប្រឆាំងនឹងពលរដ្ឋរុស្ស៊ីនិងអ៊ុយក្រែនដែលទាក់ទិនទៅនឹងការត្រួតត្រារបស់ប្រទេសរុស្ស៊ីលើតំបន់គ្រីមៀ រារាំងពួកគេមិនឲ្យធ្វើពាណិជ្ជកម្មជាមួយពលរដ្ឋអាមេរិកាំងហើយនឹងបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅក្នុងទឹកដីសហរដ្ឋអាមេរិក។
លោកSteven Mnuchinរដ្ឋមន្រ្តីរតនាគារអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានតាំងចិត្តថែរក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយនឹងដាក់ទណ្ឌកម្មលើអ្នកទាំងឡាយណាដែលប៉ុនប៉ងធ្វើឲ្យអន្តរាយកិច្ចព្រមព្រៀងទីក្រុង Minsk» ដែលនិយាយសំដៅដល់កិច្ចព្រមព្រៀងដែលប្រទេសរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានតម្រូវឲ្យគាំទ្រការឈប់បាញ់គ្នាដកអាវុធធុនធ្ងន់ ហើយនឹងគាំទ្រការធ្វើកំណែទម្រង់ការបោះឆ្នោត។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីដៅលើពួកមន្រ្តីរុស្ស៊ីជាច្រើន រួមមានលោក Andrei Cherezov អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចទៅហើយរបស់សហភាពអឺរ៉ុបចំពោះតួនាទីរបស់លោកនៅក្នុងការផ្ទេរម៉ាស៊ីនទួប៊ីនថាមពលទៅតំបន់គ្រីមៀ។
មនុស្ស១១នាក់ផ្សេងទៀតបានទទួលរងការដាក់ទណ្ឌកម្មមានពួកទាមទារបំបែករដ្ឋជាតិអ៊ុយក្រែនដែលមានតួនាទីនៅក្នុងរដ្ឋាភិបាលក្នុងតំបន់ទាមទារផ្តាច់ខ្លួនដែលបានប្រកាសខ្លួនឯងថា សាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Luhansk។
បន្ថែមលើបុគ្គលទាំងនោះ ការដាក់ទណ្ឌកម្មថ្មីដៅលើក្រុមហ៊ុនរុស្ស៊ីចំនួន៩ដែលទាក់ទិននឹងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រីមៀដែលត្រួតត្រាដោយពួកទាមទារបំបែករដ្ឋ៕