ប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ ដែលកំពុងផ្តល់សញ្ញានៃការបង្កើនចំណងទាក់ទងវិស័យការពារប្រទេសនៅពេលដែលមានភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សមយុទ្ធនេះជាលើកចុងក្រោយនៅក្រោមប្រធានាធិបតី Rodrigo Duterte ដែលនឹងត្រូវចេញពីតំណែង ដែលកាលពីពេលមុនបានគំរាមកំហែងលុបចោលសមយុទ្ធនិងកិច្ចព្រមព្រៀងយោធាដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងនៅពេលដែលលោកងាកទៅរកប្រទេសចិន។
ទាហានហ្វីលីពីននិងអាមេរិកាំងជិត៩ពាន់នាក់ នឹងចូលរួមក្នុងពិធីហ្វឹកហាត់រយៈពេល១២ថ្ងៃនៅលើកោះ Luzon ដែលជាកោះដ៏សំខាន់មួយដែលធម្មតានេះជាសមយុទ្ធប្រចាំឆ្នាំមួយ ក៏ប៉ុន្តែ ត្រូវបានលុបចោលឬកាត់បន្ថយក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
មេបញ្ជាការយោធាហ្វីលីពីនឧត្តមសេនីយ៍ Andres Centino បាននិយាយនៅឯពិធីបើកសមយុទ្ធក្នុងទីក្រុងម៉ានីលថា សមយុទ្ធយោធា Balikatan ដ៏ធំបង្អស់មួយបានឆ្លុះបញ្ចាំងពី«សម្ព័ន្ធភាពដ៏ជ្រាលជ្រៅ»រវាងប្រទេសទាំង២។
ឧត្តមសេនីយ៍ទោសហរដ្ឋអាមេរិកលោក Jay Bargeron បាននិយាយថា៖ «មិត្តភាពនិងការ ទុកចិត្តគ្នា»រវាងកងកម្លាំងប្រដាប់អាវុធនឹងអនុញ្ញាតឲ្យពួកគេ«ទទួលបានជោគជ័យជាមួយគ្នានៅក្នុងកិច្ចប្រតិបត្តិការយោធាទាំងមូល»។
សមយុទ្ធនេះនឹងគ្របដណ្តប់លើសន្តិសុខនាវាចរណ៍ កិច្ចប្រតិបត្តិការកងទ័ពជើងទឹក ការ ហ្វឹកហាត់បាញ់គ្រាប់ពិតៗ ការប្រឆាំងភេរវកម្ម ជំនួយផ្នែកមនុស្សធម៌និងផ្តល់ជំនួយគ្រោះមហន្តរាយ។
សមយុទ្ធនៅពេលថ្មីៗនេះរវាងប្រទេសទាំង២ បានផ្តោតលើជម្លោះដ៏ខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងមូល។
ចាប់តាំងពីចូលកាន់អំណាចក្នុងឆ្នាំ២០១៦មក លោកប្រធានាធិបតី Duterte បានខិតកាន់តែជិតទៅនឹងប្រទេសចិន ក៏ប៉ុន្តែ បានប្រឈមការរិះគន់ពីសាធារណជនហ្វីលីពីននិងក្តីកង្វល់ក្នុងការប្រយ័ត្នប្រយែងខាងយោធានៃមហិច្ឆតាទឹកដីរបស់ខ្លួននៅក្នុងដែនទឹក។
ពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានលានដុល្លារ បានឆ្លងកាត់សមុទ្រយុទ្ធសាស្ត្រនេះ ហើយសមុទ្រនេះត្រូវបានគេគិតថា មានប្រេងកាតដែលជាប្រភពនៃការប៉ះទង្គិចគ្នាជារឿយៗនៅក្នុងតំបន់នេះ។
ប្រទេសចិន មិនអើពើលើការសម្រេចក្នុងឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ដែលមានទីតាំងនៅក្នុងទីក្រុងឡាអេប្រទេសហូឡង់ថា ការទាមទារផ្អែកលើប្រវត្តិសាស្ត្ររបស់ចិនមិនមានមូលដ្ឋានត្រឹមត្រូវ៕