ការសម្រេចចិត្តរបស់រដ្ឋាភិបាលហ្វីលីពីនដើម្បីស្តារកិច្ចព្រមព្រៀងស្តីពីទស្សនកិច្ចយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកបន្ទាប់ពីការគំរាមកំហែងរយៈពេល១៨ខែថានឹងបោះបង់ចោលកិច្ចព្រមព្រៀងនោះបង្ហាញថារដ្ឋាភិបាលក្រុងប៉េកាំងមិនបានផ្តល់ឱ្យបានគ្រប់គ្រាន់ដល់ហ្វីលីពីនដើម្បីរក្សាមិត្តភាពឬមិនបានធ្វើឲ្យពលរដ្ឋហ្វីលីពីនទូទៅរំភើបទេ។ នេះបើតាមការគិតឃើញរបស់ពួកអ្នកវិភាគ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសកាលពីថ្ងៃទី២៩ ខែកក្កដាក្នុងអំឡុងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lloyd Austin ទៅកាន់ទីក្រុងម៉ានីលថា លោកនឹងបន្តសន្ធិសញ្ញាស្តីពីទស្សនកិច្ចយោធាជាមួយកងទ័ពសហរដ្ឋអាមេរិកដែលមានចំណាស់២២ឆ្នាំនេះ។ លោក Duterte បាននិយាយចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០ថាលោកមានគម្រោងបញ្ចប់កិច្ចព្រមព្រៀងនោះ។
ក្រុមអ្នកជំនាញនិយាយថា លោក Duterte ដែលបានកាន់តំណែងនៅឆ្នាំ២០១៦ ទើបតែដឹងថាចិនមិនបានធ្វើតាមការសន្យានៅឆ្នាំនោះអំពីការផ្តល់ជំនួយនិងវិនិយោគទុនចំនួន៣៣ពាន់លានដុល្លារនៅប្រទេសដែនកោះដែលរីកចម្រើនដ៏ឆាប់រហ័សដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះទេ។
ពួកអ្នកវិភាគនិយាយថាជម្លោះនៅក្នុងខែមីនានិងមេសាអំពីទូករបស់ចិនចំនួន២២០គ្រឿងនៅតំបន់ថ្មប៉ប្រះទឹកដែលបានធ្វើឲ្យប្រទេសទាំង២មានជម្លោះនោះបានធ្វើឲ្យក្រុមមន្ត្រីហ្វីលីពីននៅក្នុងទីក្រុងម៉ានីលកាន់តែរកាំចិត្ត ដោយបានរំឭកពួកគេអំពីជម្លោះអធិបតេយ្យភាពដែនទឹកទ្រង់ទ្រាយធំជាងនេះជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
«បើចិនធ្វើតាមការសន្យារបស់ខ្លួនអំពីហេដ្ឋារចនាសម្ព័ន្ធនិងវិនិយោគនោះ លោក Duterte អាចមានហេតុផលមាំទាំជំទាស់នឹងកិច្ចព្រមព្រៀង VFA»។ នេះបើតាមសម្តីរបស់លោក Yun Sun អ្នកស្រាវជ្រាវជាន់ខ្ពស់និងជាសហនាយកនៃកម្មវិធីអាស៊ីខាងកើតនៅមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានី Washington។
បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីឆ្នាំទៅថាក្នុងចំណោមប្រាក់ដែលចិនសន្យាឱ្យរដ្ឋាភិបាលក្រុងម៉ានីលទាំងអស់ចំនួន ៣៣ពាន់លានដុល្លានោះរដ្ឋាភិបាលក្រុងម៉ានិល បានទទួលតែ៤,៧ពាន់លានដុល្លារប៉ុណ្ណោះមកទល់ដើមឆ្នាំ២០១៩។
កិច្ចព្រមព្រៀងទស្សនកិច្ចយោធានេះអនុញ្ញាតការលក់អាវុធ ការចែករំលែកព័ត៌មានសម្ងាត់និងការពិភាក្សាលើកិច្ចប្រតិបត្តិការយោធា។ កិច្ចព្រមព្រៀងនោះអនុញ្ញាតឲ្យកងទ័ពសហរដ្ឋអាមេរិកចេញចូលក្នុងទឹកដីហ្វីលីពីនដើម្បីធ្វើសមយុទ្ធយោធាដែលមានគោលបំណងធ្វើកិច្ចការសន្តិសុខក្នុងតំបន់និងកិច្ចការមនុស្សធម៌ក្នុងប្រទេសហ្វីលីពីន។ វិធានការទាំងនោះទ្រទ្រង់សន្ធិសញ្ញាឆ្នាំ១៩៥១ស្តីពីការការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២។
សហរដ្ឋអាមេរិកបានគ្រប់គ្រងប្រទេសហ្វីលីពីនជាង៥០ឆ្នាំមុនប្រគល់ឯករាជ្យឱ្យប្រទេសនេះវិញនៅក្រោយសង្គ្រាមលោកលើកទីពីរ។ សម្រាប់រដ្ឋាភិបាលក្រុង Washington នៅពេលសព្វថ្ងៃនេះ ប្រទេសហ្វីលីពីនជាសម្ព័ន្ធមិត្តមួយក្នុងបណ្តាសម្ព័ន្ធមិត្តមួយចំនួនក្នុងប៉ែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលអាចធ្វើការជាមួយគ្នាដើម្បីទប់ទល់នឹងការពង្រីកក្នុងដែនសមុទ្ររបស់ចិន។
លោក Sun បានថ្លែងថាលោក Duterte ប្រហែលរក្សាទុកកិច្ចព្រមព្រៀងយោធានេះដោយសំឡឹងមើលការបោះឆ្នោតប្រធានាធិបតីនៅដើមឆ្នាំ២០២២។ លោកត្រូវអនុញ្ញាតឱ្យកាន់តំណែងប្រធានាធិបតីតែមួយអាណត្តិដែលមានរយៈពេល៦ឆ្នាំ តែបណ្តាញព័ត៌មានក្នុងប្រទេសបានរាយការណ៍ថាកូនស្រីលោកគឺអ្នកស្រី Sara Duterte ចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ អង្គការស្រាវជ្រាវមានមូលដ្ឋានក្នុងក្រុង Quezon City ឈ្មោះ Social Weather Stations បានរកឃើញថាការស្ទង់មតិចាប់តាំងពីឆ្នាំ២០១៦មក បង្ហាញថាប្រជារាស្ត្រហ្វីលីពីនភាគច្រើនដោយមានរួមទាំងកងយោធពលផងចូលចិត្តសហរដ្ឋអាមេរិកជាងប្រទេសចិន។
លោក Sean King អនុប្រធាននៃក្រុមហ៊ុនផ្តល់ការប្រឹក្សានយោបាយ Park Strategies ក្នុងបូរី New Yorkបាននិយាយថា«ខ្ញុំសង្ស័យថាមូលហេតុចម្បងរបស់លោក Duterte ក្នុងការស្រុះស្រួលជាមួយរដ្ឋាភិបាលក្រុង Washington វិញ គឺធ្វើឱ្យមានការគាំទ្រខាងនយោបាយនៅក្នុងប្រទេស ក្នុងករណីលោកចង់ឈរឈ្មោះសម្រាប់តំណែងអ្វីមួយទៀតនៅថ្ងៃក្រោយ»។
លោក Duterte ដែលជាអ្នកប្រឆាំងនឹងសហរដ្ឋអាមេរិក ជាយួរមកហើយ បានបញ្ជាឱ្យបញ្ចប់កិច្ចព្រមព្រៀងយោធានៅក្រោយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានលប់ចោលទិដ្ឋាការសម្រាប់សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់និងជាអតីតប្រធានប៉ូលីសដែលបានរួមចំណែកច្រើនក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនយ៉ាងចាស់ដៃរបស់ហ្វីលីពីនដែលនាំឱ្យមានការខឹងសម្បានៅក្រៅប្រទេស។ កាលពីឆ្នាំទៅមិញ លោក Duterte បានបញ្ជាក់ថាលោកលំអៀងទៅរកទំនាក់ទំនងជាមួយចិននិងរុស្សី។
ទំនាក់ទំនងរវាងចិននិងហ្វីលីពីនសព្វថ្ងៃមានបញ្ហាធំដោយសារការដណ្តើមដែនសមុទ្រទំហំ៣លាន៥សែនគីឡូម៉ែត្រក្រឡាក្នុងសមុទ្រចិនខាងត្បូងដែលសំបូរត្រីនិងប្រភពថាមពលក្រោមបាតសមុទ្រ។ ប្រទេសចិនបានធ្វើឱ្យហ្វីលីពីននិងរដ្ឋឯទៀតៗក្នុងអាស៊ីអាគ្នេយ៍ដែលទាមទារដែនសមុទ្រនេះដែរភ្ញាក់ផ្អើលក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះដោយចាក់ដីពង្រីកកោះតូចៗសម្រាប់ស្ថាបនាទីតាំងយោធា។
ជម្លោះរវាងចិននិងហ្វីលីពីនបានធូរស្រាលកាលពីឆ្នាំ២០១៦នៅក្រោយរដ្ឋាភិបាលក្រុងម៉ានិលបានឈ្នះនៅក្នុងសេចក្តីសម្រេចនៃតុលាការអាជ្ញាកណ្តាលពិភពលោកប្រឆាំងនឹងការទាមទារដែនសមុទ្ររបស់រដ្ឋាភិបាលប៉េកាំងហើយលោក Duterte បានបន្តមិត្តភាពថ្មីជាមួយចិនតទៅទៀត។
នៅដើមឆ្នាំនេះ រដ្ឋាភិបាលហ្វីលីពីនបានទាក់ទងជាមួយរដ្ឋាភិបាលក្រុង Washington អំពីការចរចាជាថ្មីអំពីកិច្ចព្រមព្រៀង VFA។ លោក Eduardo Araral ជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិនៃប្រទេសសិង្ហបូរីបាននិយាយថាពួកមន្ត្រីនៅក្រុងម៉ានិលចង់ឱ្យកិច្ចព្រមព្រៀងនេះធានារ៉ាប់រងអំពីជំនួយសហរដ្ឋអាមេរិកក្នុងការការពារការអះអាងដែនសមុទ្រដោយហ្វីលីពីន។ លោក Araral បានថ្លែងថាពួកមន្ត្រីសហរដ្ឋអាមេរិកបានសន្យាផ្ទាល់មាត់ចាប់តាំងលោក Barak Obama កាន់តំណែងរហូតមក។
លោកបានពោលថា«ពួកមន្ត្រីសហរដ្ឋអាមេរិកបានធានារ៉ាប់រង តែការធានារ៉ាប់រងទាំងនោះមិនអាចជឿទុកចិត្តបានទេពីព្រោះមិនបានចែងនៅក្នុងកិច្ចព្រមព្រៀង VFA។ ត្រូវតែមានភាពច្បាស់លាស់ខ្លះក្នុងការប្រើពាក្យពេចន៍នៃកិច្ចព្រមព្រៀង VFA នេះ»។
ភាគីទាំងពីរមិនបានបញ្ជាក់កាលពីចុងខែកក្កដាថាតើកិច្ចព្រមព្រៀងនេះនឹងត្រូវចរចាជាថ្មីឬទេ។
លោក Sun បាននិយាយថាបណ្តាញព័ត៌មានចិនដែលធ្លាប់បានរាយការណ៍អំពីលទ្ធភាពនៃការបញ្ចប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន ភាគច្រើនបាននៅស្ងាត់ស្ងៀមតាំងពីថ្ងៃទី២៩កក្កដាមក។ ទីភ្នាក់ងារព័ត៌មាន Xinhua ជាផ្លួវការនៃប្រទេសចិនបានរាយការណ៍អំពីការយល់ព្រមជាថ្មីដល់កិច្ចព្រមព្រៀង VFA កាលពីខែកក្កដាហើយបានកត់សម្គាល់ថាផែនការរបស់រដ្ឋាភិបាលម៉ានិលក្នុងការលប់ចោលកិច្ចព្រមព្រៀងនេះត្រូវបានផ្អាកបីដងហើយ។
លោក Sun បានថ្លែងថារដ្ឋាភិបាលក្រុងប៉េកាំងមានការអន់ចិត្តពីព្រោះខ្លួនបានព្យាយាម«ធ្វើឱ្យមានភាពមិនសូវជិតស្និទ្ធ» រវាងសហរដ្ឋអាមេរិកនិងពួកសម្ព័ន្ធមិត្តរបស់អាមេរិក។
លោក King បាននិយាយថាការដែលលោក Duterte ជួយស្រោចស្រង់កិច្ចព្រមព្រៀងនេះនឹងជួយរដ្ឋាភិបាលក្រុង Washington សម្របសម្រួលកិច្ចការជាមួយពួកសម្ព័ន្ធមិត្តក្នុងអាស៊ី។
លោក King បានថ្លែងថា៖ «ការរក្សាទុកកិច្ចព្រមព្រៀងស្តីពីទស្សនកិច្ចយោធាជាមួយកងទ័ពសហរដ្ឋអាមេរិក រួមជាមួយការបង្កើនភាគចំណែកបន្ទុកខាងការពាររបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូងនិងជប៉ុននៅដើមឆ្នាំនេះ នាំឱ្យយល់ឃើញថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបង្រួបបង្រួមពួកមិត្តនិងពួកសម្ព័ន្ធមិត្តរបស់អាមេរិកនៅពេលអាមេរិកប្រឈមនឹងរដ្ឋាភិបាលប៉េកាំងដើម្បីឥទ្ធិពលនិងគោលជំហរក្នុងតំបន់នោះ»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ