ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​រំឭក​ខួប​ទី ២១ នៃ​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១


លោក​ប្រធានាធិបតី Joe Biden ឈរ​ស្មឹងស្មាធ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ក្រសួង​ការពារ​ជាតិ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Lloyd Austin និង​លោក​ឧត្តមសេនិយ Mark Milley ប្រធាននាយសេនាធិការ​ចម្រុះ​កងយោធពល​ស.រ.អ. កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។
លោក​ប្រធានាធិបតី Joe Biden ឈរ​ស្មឹងស្មាធ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ក្រសួង​ការពារ​ជាតិ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក Lloyd Austin និង​លោក​ឧត្តមសេនិយ Mark Milley ប្រធាននាយសេនាធិការ​ចម្រុះ​កងយោធពល​ស.រ.អ. កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

កាលពី​ថ្ងៃ​អាទិត្យ សហរដ្ឋ​អាមេរិក​បាន​រំឭក​ខួប​ទី ២១ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​បំផុត​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១។ នៅ​ថ្ងៃ​វាយ​ប្រហារ​ភេរវកម្ម​នោះ ពួក​ភេរវករ​នៃ​ក្រុម​អាល់កៃដា (Al-Qaida) បាន​ប្លន់​យន្តហោះ​ដឹក​អ្នក​ដំណើរ ៤ គ្រឿង ហើយ​បាន​បើក​យន្តហោះ​ទាំង​នោះ​បុក​កន្លែង​មួយ​ចំនួន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​សម្លាប់​មនុស្ស​ជិត ៣.០០០ នាក់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​នេះ​នៅ​ក្រសួង​ការពារ​ជាតិ ដែល​នៅ​ទីនោះ កាលពី​ឆ្នាំ ២០០១ ពួក​ភេរវករ​បាន​បើក​យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បុក​ជ្រុង​មួយ​នៃ​អាគារ​ក្រសួង​នោះ​ដែល​ស្ថិត​នៅ​ជាប់​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បាន​សម្លាប់​មនុស្ស ១៨៤ នាក់។

លោក Biden បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ថា៖ «២១ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​យើង​នៅតែ​រក្សា​ពាក្យ​សន្យា​របស់​យើង​ថា​យើង​នឹង​មិន​ភ្លេច​ជា​ដាច់ខាត។ ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​បាន​ផ្លាស់ប្តូរ​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​យើង​នឹង​មិន​ផ្លាស់ប្តូរ​លក្ខណសម្បត្តិ​នៃ​ប្រទេស​ជាតិ​របស់​យើង​ជា​ដាច់ខាត‍»។

លោក Biden បាន​និយាយ​ថា ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ពួក​ភេរវករ​បរទេស «មិន​ដែល​រួញរា​ទាល់តែ​សោះ‍» ដោយ​លោក​បាន​លើកឡើង​អំពី​ការ​វាយ​ប្រហារ​របស់​កង​កុម្មង់ដូរ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ ២០១១ ដែល​បាន​សម្លាប់​មេខ្លោង​នៃ​ការ​វាយប្រហារ​ភេរវកម្ម​លើ​សហរដ្ឋ​អាមេរិក​ឈ្មោះ Osama bin Laden នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ការ​វាយប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ការ​ប្រើ​ដ្រូន ដែល​លោក Biden បាន​បញ្ជា​ឱ្យ​សម្លាប់​មេដឹកនាំ​ថ្មី​របស់​ក្រុម​អាល់កៃដា​ឈ្មោះ Ayman al-Zawahiri នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក Biden បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក ‍«នឹង​មិន​រារែក​ជា​ដាច់ខាត​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិកាំង‍»។

នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី ១១ កញ្ញា​នោះ មនុស្ស​ជាង ២.៧០០ នាក់​បាន​ស្លាប់​នៅពេល​ដែល​ពួក​ភេរវករ​បាន​ប្លន់​យន្តហោះ ២ គ្រឿង​បើក​ទៅ​បុក​អាគារ​ភ្លោះ​ពាណិជ្ជកម្ម​ពិភពលោក​នៅក្នុង​ទីក្រុង New York ហើយ​មនុស្ស ៤០ នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ជនបទ​មួយ​នៃ​រដ្ឋ Pennsylvania បន្ទាប់ពី​យន្តហោះ​ដែល​ពួក​ភេរវករ​បាន​ប្លន់​បាន​ធ្លាក់​នៅ​ទីវាល​មួយ​កន្លែង។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris និង​លោក Doug Emhoff ដែល​ជា​ស្វាមី បាន​ទៅ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​នេះ​ក្នុង​ទីក្រុង New York។ ចំណែក​ឯ​លោកស្រី Jill Biden ដែល​ជា​ភរិយា​របស់​លោក Biden វិញ បាន​ទៅ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​នេះ​នៅ​ក្នុង​ភូមិ Shanksville នៃរដ្ឋ Pennsylvania៕

XS
SM
MD
LG