ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចំនួន​៩០​ភាគរយ​ហើយ


កងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​ឈរ​យាមល្បាត​នៅ​មូលដ្ឋានទព័​ផ្លូវ​អាកាស​របស់​សហរដ្ឋ​អាមេរិក Bagram បន្ទាប់​ពី​កងកម្លាំង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដកចេញ​ពី​ទីនោះ ខេត្ត Parwan ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។
កងកម្លាំង​សន្ដិសុខ​អាហ្វហ្គានីស្ថាន​ម្នាក់​កំពុង​ឈរ​យាមល្បាត​នៅ​មូលដ្ឋានទព័​ផ្លូវ​អាកាស​របស់​សហរដ្ឋ​អាមេរិក Bagram បន្ទាប់​ពី​កងកម្លាំង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដកចេញ​ពី​ទីនោះ ខេត្ត Parwan ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

ការ​ដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចំនួន​៩០​ភាគ​រយ​ហើយ។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​ទីបញ្ជាការ​កណ្តាល​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ។​

ព័ត៌មាន​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ និង​កងកម្លាំង​អន្តរជាតិ​បាន​ចាក​ចេញ​ពី​មូលដ្ឋាន​ទ័ព​ផ្លូវ​អាកាស ​Bagram ​ដែលជា​មូលដ្ឋាន​ទព័របស់​សហ​រដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ដើម្បី​ប្រយុទ្ធ​ទម្លាក់​ក្រុម​តាលីបង់​ចេញ​ពី​អំណាច​និង​កម្ចាត់ក្រុម​ភេរវកម្ម​ al-Qaida ​ដែល​ទទួល​ខុស​ត្រូវការ​លើ​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​រាប់​ពាន់​នាក់​នៅ​ថ្ងៃ​ទី១១ ​ខែ​កញ្ញា ​ឆ្នាំ​២០០១។​

លោក ​John Kirby ​អ្នក​នាំពាក្យ​មន្ទីរបញ្ចកោណ​ កាលពី​ថ្ងៃ​អង្គារ ​បាន​និយាយ​ការពារ​ការ​ដក​កងទ័ព​កាលពី​ពេល​ថ្មីៗ​នេះ​ចេញពី​ព្រលាន​យន្តហោះ ​Bagram ដែល​ធ្វើ​ឲ្យមេបញ្ជាការ​អាហ្វហ្គានីស្ថាន​ក្នុង​មូលដ្ឋាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ ហើយ​បាន​នាំ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ខាង​សន្តិសុខ​ ដែល​ធ្វើ​ឲ្យ​ពួក​ចោរ​ចូល​លួច​របស់​របរ​ក្នុង​មូលដ្ឋាន​យោធា​នោះ។ ​

លោក ​Kirby ​បាន​បញ្ជាក់​ថា​ យោធា​អាមេរិក​មិន​ប្រាប់​សម្ព័ន្ធ​មិត្ត​អាហ្វហ្គានីស្ថាន​អំពី​ពេល​វេលា​ជាក់លាក់​នៃការដក​ចេញ​នេះ​ទាំង​ស្រុង​ទេ ដោយ​លោក​លើក​ឡើង​ពី​ហេតុផល​«សន្តិសុខ​ប្រតិបត្តិការ» ​ ក៏​ប៉ុន្តែ​បាន​និយាយថា ​ការ​ចាកចេញ​នេះ​«មិន​បាន​ធ្វើ​ជា​ការ​សម្ងាត់នោះ​ទេ»។​

ទីភ្នាក់ងារ​ព័ត៌មាន ​AP ​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​មន្ត្រី​យោធាអាហ្វហ្គានីស្ថាន​បាននិយាយ​ថា ​កងទ័ព​សហ​រដ្ឋ​អាមេរិក​បាន​ចាកចេញ​ពី​ទីតាំង​នោះ​កាលពី​យប់​ថ្ងៃ​សុក្រ​ ដោយ​មិនជូន​ដំណឹង​ដល់​មេបញ្ជាការ​ថ្មី​របស់​អាហ្វហ្គានីស្ថាន​ទេ។​

សហ​រដ្ឋ​អាមេរិក​បាន​ប្រគល់​ជា​ផ្លូវការ​នូវ​ទីតាំង​ចំនួន​៦​ ផ្សេង​ទៀត​ឱ្យ​ក្រសួង​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន​មុន​ពេល​បោះបង់​ការ​គ្រប់គ្រង​អាកាសយានដ្ឋាន​ Bagram។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AP​ ក៏បាន​រាយ​ការណ៍​ដែរ​ថា​ ចរន្ត​អគ្គិសនីបាន​ដាច់​នៅ​អាកាស​យានដ្ឋាន​ ​Bagram​ ភ្លាមៗ​ បន្ទាប់ពី​កងទ័ព​អាមេរិក​បាន​ចាក​ចេញ​ដែល​បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ចោរ​ចូល​ទៅ​ដល់​មូលដ្ឋាន​និង​អគារ​នានា។​

លោក ​Kirby ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ថា​ លោក​នឹង​ពិនិត្យ​មើល​សំណួរ​អំពី​មូលហេតុ​ដែល​ធ្វើឲ្យ​ចរន្ត​អគ្គិសនី​ដាច់៕​

XS
SM
MD
LG