ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ការ​ដក​ទ័ព​អស់ លោក​​ Biden នៅ​តែ​ការពារ​ការ​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​អំពី​ការ​បញ្ចប់​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ (AP Photo/Evan Vucci)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​អំពី​ការ​បញ្ចប់​សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ (AP Photo/Evan Vucci)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​អង្គារ ​បាន​ថ្លែង​ការពារ​ជា​ថ្មី​នូវ​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ពីរ​ទសវត្សរ៍​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​លោក​ថ្លែង​ថា៖ «ខ្ញុំ​ប្តេជ្ញា​ថា​នឹង​មិនបន្ត​អូសបន្លាយ​សង្គ្រាម​ដែល​មិន​ចេះ​ចប់​នេះ​ទេ ហើយ​ខ្ញុំ​ក៏​នឹងមិន​បន្ត​អូសបន្លាយ​ការ​ដក​[ទ័ព]​ចេញ​ដែល​មិន​ចេះ​ចប់​នេះ​ដែរ»។

ថ្លែងទៅ​កាន់​ប្រទេស​ជាតិ​ពី​សេតវិមាន លោក ​Biden ថា៖ «កាល​ពី​យប់​មិញ សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​រយៈ​ពេល​២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។ ​លោក​ថ្លែង​បន្ថែម​ថា នេះ​គឺ​ជា​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក។

​ថ្លែង​អំពី​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​អាហ្វហ្គានីស្ថានក្រោយ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ក្រុម​តាលីបង់ លោក Biden ​បាន​និយាយ​ថា៖ «យើង​បាន​ជម្លៀស​មនុស្ស​តាម​ផ្លូវ​អាកាស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ជម្លៀស​បាន​មនុស្ស​ជាង ១ សែន ២ ម៉ឺន​នាក់​ដោយ​សុវត្ថិភាព»។ លោក​បាន​ថ្លែង​បន្ថែម​ថា៖ «មិន​ដែល​មាន​ប្រទេស​ជាតិ​ណា​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​ទេ»។

អស់​រយៈពេល​ជាច្រើន​សប្តាហ៍ លោក Biden និង​មន្ត្រី​ដទៃ​ទៀត​នៃ​រដ្ឋបាល​របស់​លោក​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​រក្សា​វត្តមាន​យោធា​សហរដ្ឋ​អាមេរិក​ឱ្យ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា ដោយ​ថ្លឹងថ្លែង​អំពី​គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​បេសកកម្ម​ទ្រង់ទ្រាយ​ធំ​ដើម្បី​ជម្លៀសពលរដ្ឋ​អាមេរិក​និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន ពី​ការ​គំរាមកំហែង​សន្តិសុខ។

លោក Biden បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទថា៖ «ក្រុម​នាយ​អគ្គសេនាធិការ​កងទ័ព​និង​មេបញ្ជាការ​ទាំងអស់​របស់​យើង​នៅ​ទីនោះ​បាន​ផ្តល់​អនុសាសន៍​ជា​ឯកច្ឆន្ទ​ឲ្យ​បញ្ចប់​បេសកកម្ម​ដឹក​ជញ្ជូន​របស់​យើង​តាម​ការ​គ្រោងទុក។ ទស្សនៈ​របស់​ពួកគេ​គឺ​ថា ការ​បញ្ចប់​បេសកកម្ម​យោធា​របស់​យើង​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​អាយុ​ជីវិត​កងទ័ព​របស់​យើង​និង​ធានា​បាន​នូវ​ការ​រំពឹងទុក​នៃ​ការ​ចាកចេញ​របស់​ជន​ស៊ីវិល ដែល​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​និង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ក្រុម​តាលីបង់​បានប្តេជ្ញាចិត្ត​អនុញ្ញាត​ឲ្យ​មាន​ការ​ជម្លៀស​ដោយ​សុវត្ថិភាព ហើយ​ពិភពលោក​នឹង​ធ្វើ​ឲ្យ​ពួកគេ​ប្រកាន់​ខ្ជាប់​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​នេះ»។

នៅ​ក្នុង​សុន្ទរកថា​នោះ លោក​ Biden បញ្ជាក់​ថា​ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានក្រោយ​ថ្ងៃ​៣១ ខែ​សីហា មាន​តិច​ជាង​២០០​នាក់ ឬ​«លើស​ពី​១០០​នាក់​បន្ដិច» ដោយ​លោក​ថា ​ក្រសួង​ការបរទេស​អាមេរិក​នឹង​បន្ត​ធ្វើ​ការ​ដើម្បី​ជម្លៀស​ពួក​គេ​ចេញ​ទៀត។ លោក​ថា​បេសកកម្ម​ការ​ទូត​របស់​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​នៅពេល​នេះ​នឹង​ប្តូរ​ទៅ​ដាក់​នៅ​រដ្ឋធានី​ដូហា នៃ​ប្រទេស​កាតា​វិញ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ AP។​

ការ​សម្រេចចិត្ត​របស់​លោក Biden នៅក្នុង​ការ​ប្រកាន់​តាម​កាល​កំណត់​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ បាន​រង​ការ​រិះគន់​ពី​គូប្រជែង​នយោបាយ​និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន។

ការ​ចាកចេញ​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​កើតឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ខួប ២០ ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ភេរកម្ម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ មក​លើ​សហរដ្ឋ​អាមេរិក ចូល​មក​ដល់។ ការ​វាយប្រហារ​ភេរវកម្ម​នេះ​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ជូន​កងទ័ព​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​អាល់កៃដា (al-Qaida) ដែល​បាន​រៀបចំ​ផែនការ​វាយ​ប្រហារ​នេះ និង​ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់​ដែល​ផ្តល់​ជម្រក​ឲ្យ​ពួកគេ៕

XS
SM
MD
LG