ក្នុងសប្តាហ៍នេះ លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry ជួបជាមួយក្រុមមេដឹកនាំមកពីប្រទេសមួយចំនួនក្នុងភូមិភាគមជ្ឈឹមបូព៌ា និងប្រទេសរុស្សីអំពីការធ្វើបែបណាដើម្បីធ្វើឱ្យមានជាថ្មីឡើងវិញនូវដំណើរការនយោបាយក្នុងប្រទេសស៊ីរីដែលបែកបាក់ដោយសារសង្គ្រាម។
កិច្ចខិតខំប្រឹងប្រែងខាងការទូតនេះត្រូវបានប៉ុនប៉ងធ្វើកាលពីពេលមុនៗ ហើយនៅរៀងរាល់ការប៉ុនប៉ងនោះមិនទទួលបានជោគជ័យទេក្នុងការបញ្ឈប់ជម្លោះនេះ។ ជម្លោះនៅស៊ីរីបានបណ្តាលឱ្យជនជាតិស៊ីរីរាប់សែននាក់ស្លាប់ និងបានបង្កើតឱ្យមានវិបត្តិជនភៀសខ្លួនអាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
នៅពេលនេះ ការជំរុញខាងការទូតកើតមានឡើងនៅពេលសំខាន់មួយដែលប្រទេសរុស្សីបង្កើនការគាំទ្រខាងយោធា និងខាងការទូតដល់ប្រធានាធិបតីស៊ីរី Bashar al-Assad ដែលជាសម្ព័ន្ធមិត្តយូរយារមកហើយរបស់រុស្សី។
កងយន្តហោះចម្បាំងនៃប្រទេសរុស្សីបានទម្លាក់គ្រាប់បែកលើពួកឧទ្ទាមដែលបានខិតខំព្យាយាមទម្លាក់លោក Assad ពីតំណែងហើយការវាយប្រហារតាមអាកាសទាំងនោះជាច្រើនសប្តាហ៍មកហើយបានជួយក្រុមយោធារដ្ឋាភិបាលស៊ីរីឱ្យវាយយកបានមកវិញនូវដែនដីខ្លះ។
លោក Assad បានធ្វើដំណើរលើកទី១របស់លោកនៅខាងក្រៅប្រទេសស៊ីរីក្នុងសប្តាហ៍នេះចាប់តាំងពីមានចលាចលកាលពីឆ្នាំ២០១១មក ដោយលោកបានធ្វើដំណើរទៅកាន់ក្រុងមូស្គូដើម្បីជួបជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin៕