ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជា​ឲ្យ​ចិន​បិទ​ស្ថានកុងស៊ុល​ខ្លួន​ក្នុង​រដ្ឋ​តិចសាស់


ស្ថានកុងស៊ុល​ចិន​ស្ថិត​ក្នុង​ទីក្រុង Houston រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ២០២០។
ស្ថានកុងស៊ុល​ចិន​ស្ថិត​ក្នុង​ទីក្រុង Houston រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​កាល​បាន​បញ្ជា​ឲ្យ​ចិន​បិទ​ទាំង​ស្រុង​ស្ថានកុងស៊ុល​ប្រទេស​ចិន​នៅ​ក្នុង​ទី​ក្រុង Houston រដ្ឋ Texas ភាគ​និរតី​ប្រទេស​។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​នៅព្រឹក​ថ្ងៃ​ពុធ ដោយអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​អ្នក​ស្រី Morgan Ortagus បាន​និយាយ​ថា ការ​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន​នេះ​គឺ​«ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់អាមេរិក និង​ព័ត៌មាន​ឯកជន​របស់​អាមេរិក»។​

​អ្នក​ស្រី Morgan Ortagus បាន​ថ្លែង​បន្ត​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា សហរដ្ឋ​អាមេរិក​នឹង​មិនអត់ទ្រាំ​ចំពោះ​ការ​ដែល​ចិន​រំលោភ​លើ​អធិបតេយ្យភាព​អាមេរិក​និង​គំរាម​កំហែង​ពលរដ្ឋ​អាមេរិក ដូច​នឹង​វិធានការ​របស់​អាមេរិក​កន្លង​មក​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​របស់​ចិន និង​ការ​លួច​ការងារ​បី​ពលរដ្ឋ​អាមេរិក។​

អាជ្ញាធរ​ចិន​មាន​ពេល​ត្រឹម​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ដើម្បី​បិទ​ស្ថានកុងស៊ុល​នេះ​ទាំង​ស្រុង។​

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Wang Wenbin បញ្ជាក់​ថា ការ​បិទ​ស្ថានកុងស៊ុល​ចិន​ក្នុង​ក្រុង Houston នេះ​ជា​«​ការ​បង្កើន​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន​មកនូវ​សកម្មភាព​ប្រឆាំង​នឹង​ចិន»។ លោក​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ថា​បានយាយី​មន្ត្រី​ទូត​និង​កុងស៊ុល​ចិន សម្លុត​និង​សួរ​ចម្លើយ​និស្សិត​ចិន​និង​រឹប​អូស​របស់របរ​ពួក​គេ និង​រហូត​ដល់​ឃុំ​ខ្លួន​ពួក​គេ​មួយ​ចំនួន​ទៀត​ផង។

លោក​ Wang បាន​ព្រមាន​ថា​ចិន​នឹងអាច​ចាត់​វិធានការ​សងសឹង​វិញ ហើយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters បាន​ដក​ស្រង់​ប្រភព​មួយ​ថា អាជ្ញាធរ​ចិន​កំពុង​ពិចារណា​បិទ​ស្ថានកុងស៊ុល​អាមេរិក​នៅ​ក្នុង​ទី​ក្រុង​វូហានជា​ការ​ឆ្លើយ​តប​វិញ។

​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ចេញ​បញ្ជា​ពី​អាជ្ញាធរ​អាមេរិក​នេះ ទូរទស្សន៍​មួយក្នុង​ទី​ក្រុង​ Houston បាន​ផ្សាយ​រូបភាព​ពី​ផ្សែងហុយចេញ​ពី​ក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​ចិន ដោយ​មាន​ឡាន​ទឹក​ចត​ខាង​ក្រៅ ហើយ​ប៉ូលិស​ក្រុង​ Houston ថា​បុគ្គលិក​ស្ថាន​កុងស៊ុល​បាន​ដុត​ឯកសារ​ដើម្បី​ត្រៀម​បិទ​ស្ថានកុងស៊ុល។​

ទំនាក់ទំនង​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​របស់​ពិភពលោក​បាន​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ខែចុង​ក្រោយ​នេះ​ ដោយ​សារ​មាន​ចំណុច​ខ្វែង​គំនិត​គ្នាច្រើន​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​មួយ​ចំពោះ​ទី​ក្រុង​ហុងកុង​ជា​ដើម។​

ជនជាតិ​ចិន​ពីរ​រូប​ត្រូវអាជ្ញាធរ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ចោទពីធ្វើ​ការឲ្យ​អាជ្ញាធរ​ចិន​ក្នុង​ការ​លួច​ចូល​កុំព្យូទ័រ​របស់​ស្ថាប័ន​រាប់​រយ​កន្លែង​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា​អាមេរិក​ដែល​កំពុង​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG