ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មិន​ឲ្យ​តម្លៃ​លើ​កិច្ច​ប្រជុំ​អាមេរិក-​អាស៊ាន​​


រូប​ថត​ជា​ក្រុម​នៃលោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​​មេដឹកនាំ​ប្រទេស​នៃ​សមាជិក​អាស៊ាន​ នៅ​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
រូប​ថត​ជា​ក្រុម​នៃលោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ និង​​មេដឹកនាំ​ប្រទេស​នៃ​សមាជិក​អាស៊ាន​ នៅ​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​ចិន​មិន​បានផ្តល់​សារៈសំខាន់​ខ្លាំង​ដល់​ការ​ប្រជុំ​ពីរ​ថ្ងៃ​របស់​លោកប្រធានាធិបតី​ស.រ.អា.បារ៉ាក់​ អូបាម៉ា​ ជាមួយ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​១០​ជា​សមាជិកនៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​សមាគម ASEAN នៅ​ Sunnylands រដ្ឋ​ California ដោយ​និយាយ​ថា​កិច្ចចរចា​នោះ​មិន​ទំនង​ជា​នឹង​នាំ​ឱ្យមាន​សេចក្តី​សម្រេច​ខាង​ភូមិសាស្ត្រ​នយោបាយ​ណា​មួយ​នាំ​ឱ្យ​ចាប់​អារម្មណ៍ទេ។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អត្ថបទ​បញ្ចេញ​មតិ​និង​បទ​អត្ថាធិប្បាយ​តាម​បណ្តាញ​អ៊ីនធឺណិត​បាន​គូស​បញ្ជក់​អំពី​កង្វល់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ថា ​ការ​ប្រជុំ​នេះ​អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​មូល​មតិ​គ្នា​មួយ​អំពី​ធ្វើ​បែប​ណា​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។

បទ​វិចារណកថា​មួយ​នៅ​ក្នុង​កាសែត​ Global Times ដែល​គាំទ្រ​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​មាន​ចំណងជើង​ថា «Sunnylandsជា​កន្លែង​ខុស​សម្រាប់​ពិភាក្សា​គ្នា​អំពី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង» បាន​និយាយ​បង្ហាញ​ហេតុផល​ថា ​ទោះ​ណា​ជា​ក្រុម​ប្រទេស​ជាតិ​នៃ​សមាគម​ ASEAN និង​ស.រ.អា.មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​ពង្រីក​ការទាក់ទង​គ្នា​ក៏​ដោយ​ ក៏​ប្រទេស​ភាគច្រើន​មិន​ទំនង​ជា​នឹង​កាន់​ជើង​ភាគី​ណាមួយ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ។

អត្ថបទ​បញ្ចេញ​មតិ​នេះ​បាន​និយាយ​ថា​ «ប្រទេស​ទាំង​នេះ​ដឹង​ថា ​ប្រសិន​បើ​ពួក​គេ​កាន់​ជើង​ចិន​ឬ​មួយ​ស.រ.អា. ពួក​គេ​នឹង​ត្រូវ​ត្រួតត្រា​ដោយ​ប្រទេស​នោះ​ហើយ​ប្រទេស​នោះ​នឹង​មាន​អនុភាព​លើ​ពួកគេ​ថែម​ទៀត​ផង»៕

XS
SM
MD
LG