ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក អូបាម៉ា និង​អាស៊ាន ពិភាក្សា​ពី​ភាព​តានតឹង​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង តែ​មិន​លើកឡើង​រួម​គ្នា​អំពី​ចិន

  • Reuters

មេដឹកនាំ​អាមេរិក និង​មេដឹកនំាអាស៊ាន​ទាំង​១០​កំពុង​ពិភាក្សា​គ្នា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ​ទី​១៦​ ខែ​កុម្ភៈ​ ថា​ លោក ​និង​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ បាន​ពិភាក្សា​អំពី​តម្រូវ​ការ​ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​។

កំណត់​និពន្ធ៖ អត្ថបទ​នេះ​គឺជា​អត្ថបទ​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ពី​អត្ថបទ​ដើម​របស់​សារព័ត៌មាន Reuters ដោយ​រៀបរៀង​ឡើង​ដោយ Jeff Mason និង Bruce Wallace។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ​ទី​១៦​ ខែ​កុម្ភៈ​ ថា​ លោក ​និង​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ បាន​ពិភាក្សា​អំពី​តម្រូវ​ការ​ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​បាន​ព្រមព្រៀង​ថា​ រាល់​ជម្លោះ​ទឹក​ដី​ទាំង​ឡាយ​គួរ​តែ​ដោះស្រាយ​ដោយ​សន្តិវិធី​ និង​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ដែល​សម្រេច​បាន​ក្រោយ​កិច្ច​ប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ​ជាមួយ​បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ឯ​រមណីយដ្ឋាន​ Sunnylands​ រដ្ឋ​កាលីហ្វ័រញ៉ា មិន​បាន​រួម​បញ្ចូល​ការ​លើក​ឡើង​ជាក់លាក់​ណា​មួយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ទាក់ទិន​នឹង​ប្រទេស​ចិន​ទេ ហើយ​ក៏​មិន​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​មុតមាំ​ណា​មួយ​របស់​អាមេរិក​ នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដែរ។

លោក​ អូបាម៉ា​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​ មេដឹកនាំ​ទាំង​ឡាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​បាន​ធ្វើ​ការ​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​មុត​មាំ​របស់​ពួក​គេ​ក្នុង​ការ​គោរព​តាម​ក្រឹត្យក្រម​តំបន់​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​ និង​បទដ្ឋាន​អន្តរជាតិ​ និង​សិទ្ធិ​របស់​ប្រទេស​ទាំង​ឡាយ​ មិន​ថា​តូច​ឬ​ធំ​នោះ​ទេ។

លោក​ អូបាម៉ា​ ថ្លែង​ថា៖«ពួក​យើង​បាន​ពិភាក្សា​អំពី​តម្រូវការ​ឲ្យ​មាន​ជំហាន​ជាក់​លាក់​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ រួម​ទាំង​ដើម្បី​ផ្អាក​ការ​វាតទី​ដែន​ដី​បន្ថែម​ទៀត ការ​សាងសង់​ និង​ការ​ដាក់​ឲ្យ​មាន​វត្តមាន​យោធា​នៅ​ក្នុង​តំបន់​ជម្លោះ។​ នៅ​ពេល​ដែល​បណ្ដា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ និយាយ​យ៉ាង​ច្បាស់​ដោយ​មាន​សំឡេង​រួមគ្នា​នោះ​ វា​អាច​ជួយ​បង្កើន​សន្តិសុខ​ ឱកាស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស»។

បន្ទាប់​ពី​ថ្ងៃ​ទី​មួយ​នៃ​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​រួច​មក​ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ជំហរ​រួម​មួយ​ទាក់ទិន​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ចិន ​និង​បណ្ដា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ជា​ច្រើន​កំពុង​មាន​ជម្លោះ​នឹង​គ្នា ក្នុង​ការ​ទាមទារ​ទឹក​ដី​នោះ។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​យ៉ាង​នេះ​ក្ដី​ មិន​មែន​ប្រទេស​ទាំង​អស់​នៅ​ក្នុង​សមាគម​អាស៊ាន ​សុទ្ធ​តែ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​អំពី​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ​នោះ​ទេ​ ហើយ​ប្រទេស​ខ្លះ​ មាន​ដូច​ជា​ប្រទេស​ឡាវ​ ដែល​ប្រធាន​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​នេះ​ និង​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​ជិត​ខាង​នោះ​ មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាង​ស្អិតល្មួត​ជា​មួយ​នឹង​ចិន។

ជា​ជាង​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ចិន​ សេចក្ដី​ថ្លែងការ​រួម​នេះ ​បាន​សង្កត់​បញ្ជាក់​ទៅ​លើ​គោលការណ៍​សំខាន់ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អាមេរិក​ និង​អាស៊ាន​ រួម​ទាំង​ការ​គោរព​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ សមភាព​ និង​ឯករាជ្យ​ភាព​នយោបាយ​នៃ​ប្រទេស​ទាំង​អស់​ ហើយ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​មួយ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​អំពី​កិច្ច​ខិតខំ​រួម​មួយ​ក្នុង​ការ​រក្សា​នូវ​សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ ដើម្បី​ធានា​នូវ​សន្តិសុខ​ និង​សុវត្ថិភាព​ដែន​សមុទ្រ​ រួម​ទាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ និង​ក្នុង​ការ​ហោះហើរ​លើ​តំបន់​នោះ។

ចិន​ទាមទារ​ទឹកដី​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ប៉ុន្តែ​ប្រទេស​ក្នុង​សមាគម​អាស៊ាន ដូច​ជា​ប្រទេស​ម៉ាឡេស៊ី​ ហ្វីលីពីន​ ប្រ៊ុយណេ​ និង​វៀតណាម​ ក៏​ទាមទារ​ផង​ដែរ។

បណ្ដាញ​ទូរទស្សន៍​ Fox News​ ដែល​សម្អាង​ទៅ​លើ​រូប​ភាព​ផ្កាយ​រណប​ស៊ីវិល​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ យោធា​ចិន​ បាន​ដាក់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ដ៏​ទំនើប ដែល​បាញ់​ពី​ផ្ទៃ​ដី​ទៅ​លើ​អាកាស​ នៅ​ឯ​កោះ​មួយ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

សហរដ្ឋ​អាមេរិក​បាន​រិះគន់​ទៅលើ​ការ​សាង​សង់​កោះ​សិប្បនិម្មិត​និង​សំណង់​ផ្សេងៗ​របស់​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ ហើយ​អាមេរិក ​ក៏​បាន​បើក​នាវា​ចម្បាំង​នៅ​ក្បែរ​ដែន​ជម្លោះ​ ដើម្បី​អះអាង​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ បាន​ស្វះស្វែង​ធ្វើ​ជា​បង​ធំ​ខាង​ដែន​សមុទ្រ​តាម​រយៈ​ការ​ធ្វើ​នាវា​ល្បាត​បែប​នេះ។

កាល​ពី​ថ្ងៃ​ពុធ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ ហុង ឡី (Hong Lei) បាន​ថ្លែង​ថា​ ចិន​ស្វាគមន៍​ចំពោះ​ការ​ឯកភាព​របស់​អាមេរិក​ និង​អាស៊ាន​ ប៉ុន្តែ​បាន​អះអាង​ជា​ថ្មី​ម្ដង​ទៀត​អំពី​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​ការ​លូកដៃ​របស់​អាមេរិក​ទៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​នេះ។

លោក​ Hong បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា៖​«ប្រទេស​ចូល​ពាក់ព័ន្ធ​ដែល​មក​ពី​ក្រៅ​តំបន់ ​មិន​គួរ​បន្ថែម​ភាព​តានតឹង​ដោយ​សំញែង​សាច់ដុំ​យោធា​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ​ ហើយ​មិន​គួរ​ល្បួង​ឲ្យ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ ធ្វើ​សមយុទ្ធ​យោធា​រួម​ ឬ​ចេញ​សកម្មភាព​ល្បាត​ ដោយ​តម្រង់​ទិសដៅ​ទៅ​លើ​ជន​ទី​បី​នោះ​ទេ»។

លោក​ អូបាម៉ា​ បាន​ថ្លែង​ថា​ សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​ត្រូវ​តែ​ប្រកាន់​ឲ្យ​ខ្ជាប់ខ្ជួន​ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្រប​ច្បាប់ ​មិន​គួរ​ត្រូវ​បាន​គេ​បង្អាក់​នោះ​ទេ។

លោក​បាន​បន្ថែម​ថា​ សហរដ្ឋអាមេរិក​ នឹង​បន្ត​ធ្វើ​ការ​ហោះហើរ​ ធ្វើ​នាវាចរណ៍​ និង​ធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ក៏​ដោយ​ ឲ្យ​តែ​ច្បាប់​អន្តរជាតិ​អនុញ្ញាត​ ហើយ​អាមេរិក​ គាំទ្រ​បណ្ដា​ប្រទេស​ទាំង​អស់ ​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ»។

លោក​ក៏​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នឹង​បន្ត​ជួយ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត ​និង​ប្រទេស​ជា​ដៃគូ​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​ដែន​សមុទ្រ។

លោក ​អូបាម៉ា ​ថ្លែង​ថា​ ភាគី​ទាំង​ពីរ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ខាង​ផ្នែក​ពាណិជ្ជកម្ម ​និង​វិនិយោគ​ ហើយ​បាន​ព្រមព្រៀង​ក្នុង​ការ​បង្កើត​កិច្ច​ខិតខំ​ថ្មី​មួយ​ ដើម្បី​ជួយ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់​ ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​អាច​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​រហូត​មក​ដល់​ពេល​នេះ មាន​ប្រទេស​បួន​ជា​សមាជិក ​រួម​ជា​មួយ​សហរដ្ឋ​អាមេរិក​ផង​ដែរ។​

នៅ​ក្នុង​សន្និសីទ​កាសែត​ លោក​ អូបាម៉ា​ បាន​ប្រកាស​ពី​ការ​ផ្ដួចផ្ដើម​មួយ​ហៅ​ថា​ US-ASEAN Connect ដែល​លោក​បាន​ថ្លែង​ថា ​នឹង​បញ្ចូល​មណ្ឌល​ជា​ប្រព័ន្ធ​មួយ​នៅ​ទូទាំង​តំបន់​ ដើម្បី​ធ្វើ​ឲ្យ​ការ​សម្រប​សម្រួល​នៃ​ការ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​មាន​ភាព​ប្រសើរ​ឡើង៕

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា

XS
SM
MD
LG