អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានបង្ហាញសញ្ញាថា វាជាកំហុសមួយក្នុងការយល់ឃើញថា អង្គការអូតង់ចុះខ្សោយដោយសារតែការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ឬក៏ដោយសារភាពតានតឹងដែលកាន់តែពុះកញ្ជ្រោលឡើងរវាងប្រទេសបារាំងនិងសហរដ្ឋអាមេរិក។
ផ្ទុយទៅវិញ លោក Stoltenberg បានព្រមានថា អង្គការអូតង់នឹងនៅតែរួមសាមគ្គីគ្នានិងតាំងចិត្តមុតមាំនៅក្នុងការប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងពីសត្រូវទាំងចាស់និងថ្មី។
លោក Stoltenberg បានបញ្ជាក់នៅក្នុងកម្មវិធីមួយនៅសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បន្ទាប់ពីបានជួបប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីកំពូលៗសហរដ្ឋអាមេរិកថា៖ «យើងឃើញមានចម្ងល់អំពីភាពរឹងមាំនៃទំនាក់ទំនងរវាងអឺរ៉ុបនិងអាមេរិកខាងជើង»។
លោកបានបន្ថែមថា៖ «[ការដកទ័ពពីអាហ្វហ្គានីស្ថាននិងភាពតានតឹងរវាងបារាំងនិងអាមេរិក] មិនបានផ្លាស់ប្ដូរទិដ្ឋភាពជាទូទៅនោះទេ។ យើងមិនដឹងថាវិបត្តិបន្ទាប់គឺជាអ្វីនោះឡើយ ប៉ុន្តែយើងដឹងថា ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ គឺយើងមានសុវត្ថិភាពខ្លាំងជាងនៅពេលដែលយើងរួបរួមគ្នា»។
លោក Stoltenberg បានច្រានចោលការចោទប្រកាន់ដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបោះបង់ចោលសម្ព័ន្ធមិត្តអង្គការអូតង់ នៅពេលដែលលោក Biden សម្រេចចិត្តធ្វើតាមកិច្ចព្រមព្រៀងរបស់រដ្ឋបាលលោកអតីតប្រធានាធិបតី Donald Trump ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។
មេដឹកនាំអង្គការអូតង់រូបនេះក៏បានបញ្ជាក់ផងដែរថា ខណៈដែលបារាំងមានការ «ខកចិត្ត» ចំពោះកិច្ចព្រមព្រៀងAUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី «សម្ព័ន្ធមិត្តអង្គការអូតង់យល់ស្របចំពោះទិដ្ឋភាពជាទូទៅថា យើងចាំបាច់ត្រូវរួបរួមគ្នាដោយសហការផងដែរជាមួយដៃគូរបស់យើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ នៅក្រោមកិច្ចព្រមព្រៀង AUKUS នេះ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនឹងចែករំលែកបច្ចេកវិទ្យាជាមួយប្រទេសអូស្ត្រាលីដើម្បីជួយប្រទេសនេះផលិតនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ៕