ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ លោក​ Blinken ​អរគុណ​ប្រទេស​ដែល​ជួយ​ការ​ជម្លៀស​នៅ​អាហ្វហ្គានីស្ថាន


លោក​ Antony Blinken ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន។ (Facebook)

ក្នុង​សុន្ទរកថា​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ទីក្រុង​ញូវយ៉ក ​លោក ​Antony Blinken ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​អំណរគុណ​ប្រទេស​ជាច្រើន​សម្រាប់​ជំនួយ​ដែល​ប្រទេស​ទាំងនោះ​បាន​ផ្តល់​ឱ្យក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជម្លៀស​និង​ការ​ផ្លាស់​ទីលំនៅ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។​

លោក​ថ្លែង​ថា៖​«យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ភាព​ជាដៃគូ​ ជាពិសេស​ចំពោះ​អ្នក​ដែល​បាន​ថ្កោលទោស​អំពើ​ហិង្សា​ដោយ​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ចង់ចាក​ចេញ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​សុវត្ថិភាព»។​

លោក​បាន​បន្ថែម​អំពី​ការ​តាំង​ចិត្ត​របស់​ស.រ.អា.​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ថា៖​«ទោះ​បីជាយើង​ប្រឈម​មុខ​នឹង​បញ្ហា​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ក៏ដោយ​ក៏​ការ​ប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន​នៅ​តែ​រឹងមាំ។ ​ អាស៊ាន​គឺ​ជា​មជ្ឈមណ្ឌល​នៃ​ស្ថាបត្យកម្ម​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ហើយ​វា​មាន​សារៈ​សំខាន់​ចំពោះ​ស្ថិរភាព​ ឱកាស​សេដ្ឋកិច្ច​និង​ចក្ខុវិស័យ​របស់​យើង​ចំពោះ​សណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់»។​

លោក​បន្ត​ថា​ នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ​ សហរដ្ឋ​អាមេរិក​នឹង​បញ្ចេញ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ដ៏​ទូលំទូលាយ​ថ្មី ​ដែល​បង្កើត​ចក្ខុវិស័យ​រួម​ដើម្បី​ធ្វើ​ឱ្យ​តំបន់​នេះ​សេរី​ បើក​ចំហ​ មាន​ទំនាក់​ទំនង ​មាន​ភាពធ្មត់​និង​មាន​សុវត្ថិភាព។​ យុទ្ធសាស្ត្រ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ទស្សន​វិស័យ​របស់​អាស៊ាន​ ដែល​ឆ្លុះ​បញ្ចាំង​ពី​សារៈ​សំខាន់​របស់​តំបន់​អាស៊ី​អាគ្នេយ៍​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​និង​តួនាទី​សំខាន់​របស់​អាស៊ាន​ក្នុង​ការ​កំណត់​អនាគត​របស់​តំបន់​នេះ៕

XS
SM
MD
LG