ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​ VOA៖ មន្ត្រី​មន្ទីរ​បញ្ច​កោណ​ពិភាក្សា​ពី​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក


ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍ លោក Joseph H. Felter បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

«អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​ចំណុច​សំខាន់​បំផុត​នៃ​កិច្ចពិភាក្សា​របស់​យើង​នៅ​ថ្ងៃអង្គារ​នេះ ​គឺ​ការ​កំណត់​រក​ឱ្យ​ឃើញ​ពី​ដំណោះស្រាយ​ទៅ​ថ្ងៃ​ខាង​មុខ ក្នុង​ការ​កែ​លម្អ​និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​និង​យោធា​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា»។​

កំណត់​និពន្ធ៖ លោក ​Joseph H. Felter ​ឧបការី​រង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ​បាន​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ ​ដើម្បី​ជជែក​ជាមួយ​មន្ត្រី​កម្ពុជា ​ក្នុង​ការ​ស្វះ​ស្វែង​រក​វិធី​ស្ដារ​ទំនាក់​ទំ​នង​យោធា​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ។ មន្ត្រី​ជាន់​ខ្ពស់​មន្ទីរ​បញ្ចកោណ​រូប​នេះ​ក៏​បាន​ផ្ដល់បទ​សម្ភាសន៍​ផ្តាច់​មុខ​ដល់​ VOA អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា ការ​ធ្វើ​ឲ្យ​ប្រសើរ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ ​និង​ក៏​ដូច​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។


VOA៖ តើ​លោក​អាច​ប្រាប់​បាន​ទេ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នា​ពេល​នេះ?​ ​

​John H. Felter៖ វា​មាន​លក្ខណ:ពិសេសណាស់​ ​ដោយសារ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​ខ្ញុំ​មក​កាន់​កម្ពុជា​ក្នុង​នាម​ជា​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារប្រទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ី​អាគ្នេយ៍។ ហើយ​វា​ក៏​ជា​លើកទីមួយដែរ ​ដែល​យើង​បាន​ធ្វើ​កិច្ច​ពិភាក្សា​ការពារ​ជាតិ​ថ្នាក់​ខ្ពស់​នៅ​កម្ពុជា​ ដែល​យើង​ពុំ​បាន​ធ្វើ​វា​ជា​យូរ​មក​ហើយ។ ​

VOA៖ តើ​ខាង​ភាគី​កម្ពុជា​លោក​បាន​ជួប​នរណា​ខ្លះ ​ហើយ​លោក​បាន​ពិភាក្សា​ពី​បញ្ហា​អ្វីខ្លះ​ដែរ?

John H. Felter៖ អរគុណ! កាលពី​ថ្ងៃអង្គារ​ ​ខ្ញុំ​បាន​ជួប​ជាមួយ​នាយ​ឧត្តមសេនីយ៍​ ​នាង​ ​ផាត។​ ហើយ​គាត់​និង​សមាជិក​ជាន់​ខ្ពស់​ជាច្រើន​របស់​គាត់​មក​ពី​ក្រសួង​ការពារ​ជាតិ​និង​យោធា​កម្ពុជា​បាន​ទទួលស្វាគមន៍​យើង​ក្នុង​កិច្ចពិភាក្សា​នេះ។​ ​ថ្ងៃនេះ​ផង​ដែរ​ ​យើង​បាន​ទៅ​ទស្សនា​មូលដ្ឋានទ័ព​សមុទ្រ​នៅ​រាម​ ​ហើយ​យើង​បាន​ជួយ​ជាមួយ​ ​លោក​ឧត្តម​នាវា​ឯក អ៊ុក សីហា​ ដែល​ជា​មេទ័ព​ប្រចាំ​មូលដ្ឋានទ័ព​នេះ​ ​រួម​ទាំង​សេនាធិការ​របស់​លោក​នៅ​ទីនោះ​ផង​ដែរ។

VOA៖តើ​លោក​អាច​ប្រាប់​យើង​បានទេ​ថា​លោក​បាន​លើកឡើង​ពី​បញ្ហា​អ្វីខ្លះ​ទៅកាន់​មន្រ្តី​កម្ពុជា?​

​Joseph H.Felter៖ លោក​ឧត្តមសេនីយ៍ឯក នាង​ ផាត​ គឺជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការពារ​ជាតិ។​ ជាផ្នែក​មួយ​នៃ​កិច្ច​ពិ​ភា​ក្ស​គោលនយោបាយ​ការពារ​ជាតិ(DPD) យើង​បាន​ពិភាក្សា​ពី​បញ្ហា​មួយចំនួន​ដូចជា​ សន្តិសុខ​តំបន់​និង​សន្តិសុខ​អន្តរជាតិ​និង​កិច្ច​សហការ​ទ្វេភាគី​និង​ពហុភាគី។​

អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​ចំណុច​សំខាន់​បំផុត​នៃ​កិច្ចពិភាក្សា​របស់​យើង​នៅ​ថ្ងៃអង្គារ​នេះ​គឺ​ការ​កំណត់​រក​ឱ្យ​ឃើញ​ពី​ដំណោះស្រាយ​ទៅ​ថ្ងៃ​ខាង​មុខ​ក្នុង​ការ​កែ​លម្អ​និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា​និង​យោធា​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា​ ហើយ​ដើម្បី​រក​ឱ្យ​ឃើញ​ពី​ដំណោះស្រាយ​នា​ពេល​ខាងមុខ​ណា​មួយ​ដែល​យើង​អាច​ប្រើ​ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិ​យោធា​និង​ទំនាក់​ទំនង​ការពារ​ជាតិ​របស់​យើង​មាន​ភាពប្រសើរ​ឡើង។​

​VOA៖យើង​បាន​ឃើញ​ថា​ពេលខ្លះ​សកម្មភាព​រួម​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា​ជាច្រើន​ត្រូវ​បាន​លុបចោល​ដោយសារ​មូលហេតុ​នយោបាយ​នៅ​កម្ពុជា។​ តើ​លោក​មានបាន​លើក​ឡើង​ពី​បញ្ហា​នេះ​មក​ពិភាក្សា​ជាមួយ​មន្រ្តី​កម្ពុជា​ដែរ​ឬ​ទេ?​ ​

John H. Felter៖ បាទ ​យើង​បាន​ចាប់ផ្តើម​ឡើងវិញ​នៅ​កម្រិត​ខ្លះ។ ដោយ​ឆ្លើយ​តប​ក្នុង​ការ​លើក​ទឹក​ចិត្ត​យើង​កម្ពុជា​យល់​ព្រម​បន្ត​ឡើងវិញ​នូវកិច្ច​សហប្រតិបត្តិ​ការ​ចុះ​រុក​រក​ទាហាន​របស់​យើង​ដែល​បាន​បាត់ខ្លួន​កាលពី​សម័យ​សង្រ្គាម ហើយ​យើង​យល់​ឃើញ​ថា​ ជំហាន​នេះ​ពិតជា​មាន​លក្ខណៈ​លើក​ទឹក​ចិត្ត​ណាស់។​ នា​ចុងខែ​នេះ​ យើង​នឹង​មាន​សកម្មភាព ​ចុះ​បេសកកម្ម​រួម​មួយ​ដែល​ក្នុង​នោះ​យើង​នឹង​ទៅដល់​ទីតាំង​ផ្ទាល់ ​ហើយ​ធ្វើប្រតិបត្តិ​កា​រស្វែង​រក​អ្នក​បើក​យន្តហោះ​យើង​២នាក់​ដែល​បាន​បាត់ខ្លួន​និង​ដែល​យើង​កំពុង​ស្វែង​រក។ យើង​យល់ឃើញ​ថា​ ការ​ធ្វើបែប​នេះ​ពិតជា​មាន​លក្ខណៈ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់។​

ហើយ​បន្ត​ពី​នេះ​ទៀត ​យើង​នឹងអាច​លើក​កម្ពស់​កម្មវិធី​ភាពជា​ដៃគូ​រវាង​ប្រទេស​ដែល​យើង​កំពុង​មាន។​ នេះ​ជា​កម្មវិធី​ភាពជា​ដៃគូ​នឹងក្រុម​យោធា Eisenhower​ ​National​ ​Guard​ ដែល​តាមរយៈ​នេះ​ យើង​នឹង​បញ្ជូន​អ្នក​ឯកទេស​ជំនាញ​ផ្សេងៗ​ជាច្រើន​មក​ជួយ​បង្វឹក​ហាត់​យោធិន​កម្ពុជា​ដើម្បី​ឱ្យ​យោធា​កម្ពុជា​ចេះ​ជំនាញ​រក្សា​សន្តិភាព​ហើយ​យើង​យល់​ឃើញ​ថា​ ជំនាញ​នេះ​ពិតជា​សំខាន់​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ទី​នេះ។ ជា​ឧទាហរណ៍​ យើង​ដឹង​ថា​កម្ពុជា​នឹង​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ជុំវិញ​ពិភពលោក។ ដូច្នេះ​ហើយ​ទើប​យើង​ទន្ទឹង​រង់ចាំ​ពេល​នេះ​មក​ដល់។​

​ហើយ​ក៏​មាន​ដំណោះស្រាយ​នានា​លើស​ពី​នេះ​ផង​ដែរ។​ យើង​នឹង​រកឱ្យឃើញ​ពី​សកម្មភាព​មួយ​ចំនួន​ដែល​យើង​អាច​ប្រើ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​យោធា ​និង​យោធា​និង​លើក​កម្ពស់​ទំនាក់ទំនង​ការពារ​ជាតិ។​

​ប៉ុន្តែ​ដើម្បី​សម្រេច​ឱ្យ​បាន​ដូចនេះ​ យើង​បាន​និយាយ​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ពិភា​ក្ស​របស់​យើង​កាលពី​ថ្ងៃអង្គារ​ជាមួយ​ឧត្តមសេនីយ៍ឯក​ នាង ផាត​ ថា មានរឿង​មួយចំនួន​ដែល​ភាគី​កម្ពុជា​ត្រូវ​ធ្វើ​ ហើយ​រឿង​នោះ​ទាក់ទង​ទៅ​នឹង​ការ​ចាត់​វិធានការ​ខាង​ផ្នែក​ផ្សះផ្សា​ជាតិ​និង​ការ​បើក​ឱ្យ​មាន​សិទ្ធិ​ទូលំ​ទូលាយ​ដល់​ក្រុម​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ ​យើង​បាន​ពិភាក្សា​លម្អិត​ខ្លះៗ​ផង​ដែរ​លើ​សកម្ម​ភាព​ទាំងនេះ ​ហើយ​យើង​សង្ឃឹម​ថា​យើង​នឹងអាច​សម្រ​ចបា​ន​គោលដៅ​សហ​ប្រតិបត្តិ​ការ​ឡើងវិញ​ ប្រសិន​បើ​ភាគី​កម្ពុជា​អាច​នាំ​ឱ្យ​ចម្រើនឡើង​ក្នុង​ចាត់​វិធានការ​ទាំងអស់​នេះ។​

​ផ្នែក​ជាក់លាក់​ខ្លះ​ទាក់ទិន​នឹង​ការសម្រេច​គោលដៅ​សហការ​នេះ​រួមមាន​ការ​កែ​លម្អ​សមយុទ្ធ​យោធា​ពហុភាគី​និង​ទេ្វ​ភាគី​ ​ការ​ចាប់ផ្តើម​ឡើងវិញ​ការ​ហ្វឹកហ្វឺន​ផ្លាស់​ប្តូរ​បទ​ពិសោធ​រួម​ដែល​យើង​បាន​ធ្វើ​នា​ពេល​កន្លងមក។​ ឧទាហរណ៍​ដូចជា​លំហាត់​ទ័ព​ជើង​ទឹក​CARAT​ ​និង​សមយុទ្ធ​យោធា​ ​Angkor​ ​Sentinel​ ​ជា​ដើម។​ យើង​សង្ឃឹម​ថា​មាន​ផ្នែក​មួយ​ចំនួន​ទៀត​ដែល​យើង​អាច​ចាប់ផ្តើម​ឡើងវិញ​ ​ក្នុង​ការ​ហ្វឹកហ្វឺន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អន្តរជាតិ​របស់​យើង​ ដែល​តាមរយៈ​នោះ​យើង​ក៏អាច​បន្ត​បញ្ជូន​យោធិន​កម្ពុជា​ទៅ​សិក្សា​ដកស្រង់​បទ​ពិសោធន៍​និង​ចំណេះដឹង​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។​

​VOA៖ និយាយ​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ ការ​អំពាវនាវ​របស់​លោក​ចង់ឱ្យ​មានការ​ដោះលែង​ ​និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក​ កឹម​ ​សុខា​ បាន​ទទួលការ​ជំទាស់​ពី​សំណាក់​មន្ត្រី​កម្ពុជា​ដោយ​ថា​ជា​ការ​ជ្រៀតជ្រែក​នយោបាយ​កម្ពុជា។​ តើ​លោក​យល់​យ៉ាងណា​ដែរ?​

John H. Felter៖ នេះ​ជា​ប្រធាន​រឿង​មួយ​ក្នុង​ចំណោម​ប្រធាន​រឿង​ដទៃ​ទៀត​ ដែល​យើង​បាន​ពិភាក្សា​យ៉ាង​លម្អិត​ ​ក្នុង​បរិបទ​នៃ​ការ​លើកកម្ពស់​ការផ្សះផ្សា​ជាតិ។ ខ្ញុំ​មិន​ចង់និយាយ​លម្អិត​អំពី​នេះ​ពេក​ទេ។ យ៉ាងណា​ យើង​មាន​ក្ដី​បារម្ភ។​ បទ​ចោទ​ប្រឆាំង​នឹង​លោក​ [កឹម សុខា] បាន​ត្រូវ​ភ្ជាប់​ដោយ​ផ្ទាល់​ទាក់ទិន​នឹង​ការចូលដៃ​ចូល​ជើង​ជាមួយ​អាមេរិក។​ ហើយរឿង​ហ្នឹង​គឺ​វា​មិន​ពិត​នោះ​ទេ​ ​ហើយ​ខ្ញុំ​គិតថា ​វា​នឹងជា​កាយ​វិការ​ដ៏​ល្អ​ដែល​ភាគី​កម្ពុជា​អាច​បង្ហាញ​បាន​ក្នុង​ការ​ទម្លាក់​បទ​ចោទ​ទាំង​នោះ។ ខ្ញុំ​យល់​ថា វា​មុខ​នឹង​ក្លាយ​ទៅ​ជា​ឧទាហរណ៍​ក្នុង​ប្រធាន​រឿង​ដែល​អាច​ជួយ​យើង​កាន់​ដៃ​គ្នា​បន្ត​ដំណើរ​ទៅ​មុខ​ដូច​ដែល​ខ្ញុំ​ទើប​នឹង​ជម្រាប​ជូន​អស់​លោក​ក្នុង​ការ​កែ​លម្អ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​យើង​ទាំងពីរ​និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​យោធា​និង​យោធា។​

​VOA៖ បើសិន​ជា​បទ​ចោទ​ទាំងនោះ​មិន​ត្រូវ​បាន​ទម្លាក់​ទេ ​តើ​វា​អាច​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិ​ការ​យោធា​ទ្វេភាគី​ទៅ​ថ្ងៃ​អនាគត​ដែរ​ទេ?​

John H. Felter៖ បាទ! មាន​សញ្ញា​ដ៏​ខ្លាំងក្លា​មួយ​ដែល​បញ្ចេញ​ដោយ​ប្រទេស​កម្ពុជា​ ​ដែល​ថា ​ពួកគេ​បាន​ទទួល​យក​ក្ដី​បារម្ភ​របស់​យើង។​ នេះ​ជា​ឧទាហរណ៍​មួយ។ មាន​ប្រធាន​រឿង​ជាច្រើន​ផ្សេងទៀត​ ដែល​យើង​សង្ឃឹមថា​ខាង​កម្ពុជា​នឹង​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ទៅ​មុខ​ ​ហើយ​នោះ​មុខ​ជា​នឹង​អាច​ឱ្យ​យើង​ចាប់ផ្ដើម​ឡើង​វិញ​ ​នូវ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​យើង​ទាំងពីរ។​

VOA៖ ដោយសារ​ភាព​តានតឹង​រវាង​រដ្ឋបាល​ក្រុង​ភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ តើ​អ្នក​គិតថា​ វា​មានការ​លំបាក​សម្រាប់​អាមេរិក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ទំនាក់​ទំនង​យោធា​ជាមួយ​កម្ពុជា?​

John H. Felter៖ ខ្ញុំ​គិតថា ​យើង​មាន​ទស្សនៈ​វិស័យ​រួមគ្នា​ជាមួយ​កម្ពុជា​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​ ​និង​ចំហ។ ខ្ញុំ​គិតថា​ ទស្សនៈ​វិស័យ​របស់​យើង​គឺ​មាន​រួមគ្នា​ជាមួយ​កម្ពុជា។​ ​យើង​ចង់​ឱ្យ​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ ឯករាជ្យ​និង​រឹងមាំ។​ ​ហើយ​យើង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ជាមួយ​ពួកគេ។​ ​

​យ៉ាងណា​ក្តី​ ​ពួកគេ​ប្រហែល​ជា​អាចឱ្យ​យើង​ជួយ​ពួកគេ​ដើម្បី​រក្សា​អធិបតេយ្យ​ភាព​របស់​ពួកគេ​ ​និង​កសាង​សមត្ថភាព​យោធា។​

​នៅ​ក្នុង​ករណី​ដែល​យើង​បាន​កំពុង​ពិភាក្សា​ ​យើង​នឹង​ជួយ​ពួកគេ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​របស់​ពួកគេ។​ ដូច្នេះ​នេះ​ជា​ការ​លើកទឹកចិត្ត​មួយ។​ យើង​មាន​ទស្សនៈ​វិស័យ​រួមគ្នា​ជាមួយ​កម្ពុជា​នៅ​ពេល​អនាគត​ ហើយ​យើង​រៀបចំ​ធ្វើការ​ជាមួយ​ពួកគេ​ ​ដើម្បី​សម្រេច​ទស្សនៈ​វិស័យ​នេះ។

VOA៖ប៉ុន្តែ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ហើយ​ថា​អាមេរិក​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។​ តើ​លោក​យល់​ឃើញ​ដូច​ម្តេច​ដែរ​ចំពោះ​ការ​លើក​ឡើង​នេះ?

John H. Felter៖ យើង​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា។​ យើង​គោរព​ពួកគេ​ជា​ប្រទេស​អធិបតេយ្យ ​ដែល​ពួកគេ​អាច​សម្រេចចិត្ត​ប្រកបដោយ​អធិបតេយ្យ​ ​ហើយ​យើង​សង្ឃឹមថា ​វា​បន្ត​ទៅមុខ​ទៀត។ ​យើង​សង្ឃឹមថា​គ្មាន​ប្រទេស​ណាមួយ​អាច​លូកដៃ​ចូល​អធិបតេយ្យ​ភាព​កម្ពុជា​និង​មាន​ឥទ្ធិពល​លើ​ពួកគេ​ ​បើ​យើង​និយាយ​អំពី​ការសម្រេច​ចិត្ត។

VOA៖ ហេតុអ្វី​បាន​ជា​សហរដ្ឋអាមេរិក​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​ដាក់​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា ក្រោយ​មាន​របាយ​ការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​កំពង់ផែ​មួយ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង?​

John H. Felter៖ បាទ! ខ្ញុំ​គិតថា​វា​ចេញ​មក​ពី​លិខិត​របស់​អនុ​ប្រធានាធិបតី [Mike​Pence] ដែល​បាន​ផ្ញើ​ទៅកាន់​លោកនាយក​រដ្ឋមន្រ្តី [ហ៊ុន ​សែន] ហើយ​បាន​បង្ហាញ​ក្តី​បារម្ភ​ក្នុងករណី​ដែល​មាន​វត្តមាន​ឬ​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា។​ ហើយ​ឥទ្ធិពល​របស់​វា​នឹង​មាន​លើ​សន្តិសុខ​តំបន់​និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​កម្ពុជា។​ វា​ជា​ការ​លើកទឹកចិត្ត​មួយ​ដែល​លោកនាយក​រដ្ឋមន្រ្តី [ហ៊ុន សែន]បាន​ឆ្លើយតប​ជាមួយ​ការ​បញ្ជាក់​យ៉ាង​ម៉ឹង​ម៉ាត់​អំពី​ការ​គាំទ្រ​ធម្មនុញ្ញ​កម្ពុជា​ ដែល​ហាមឃាត់​វត្តមាន​យោធា​បរទេស​ឬ​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស។​ យើង​យល់ឃើញ​ថា​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ។ ប៉ុន្តែ​អ្វី​ដែល​យើង​ពិតជា​បារម្ភ​គឺ​ថា​យើង​មើល​អ្វី​ដែល​បាន​កើតឡើង​ក្នុង​តំបន់។​យើង​និយាយ​ឱ្យ​ចំ​ទៅ​គឺ​ប្រទេស​ចិន​តែម្តង​នៅក្នុង​ករណីនេះ​ដែល​មានការ​ដាក់មូលដ្ឋាន​ទ័ព​នៅក្នុង​តំបន់។​ ឧទាហរណ៍​ដូចជា​ ប្រទេស​ជីប៊ូទី (Djibouti)[នៅ​ទ្វីប​អាហ្រ្វិក] ដែល​មាន​មូលដ្ឋាន​យោធា​ចិន​ដ៏​ធំ​មួយ។

នៅក្នុង​ករណី​បន្ទាប់​ទៀត​ វា​ចាប់ផ្តើម​ក្នុង​ទ្រង់ទ្រាយ​តូចជាង​នេះ។​ ប្រសិនបើ​អ្នក​ក្រឡេក​មើល​តំបន់​នៅក្នុង​អាស៊ី​ខាងត្បូង​និង​អាស៊ី​អាគ្នេយ៍​ដូចជា​នៅ​កំពង់ផែ​Gwadar​ ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កំពង់ផែ​ Hambanthota​ នៅក្នុង​ប្រទេស​ស្រីលង្កា​ឬ​ក៏​យើង​មើល​ទៅ​លើ​ករណី​បណ្តា​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ចិន​បាន​អភិវឌ្ឍ​ដូចជា​ទីតាំង​ផែ​ ​និង​វាលយន្តហោះ​ ដែល​វា​គ្រាន់តែ​ជា​ការ​វិនិយោគ​មាន​តម្លៃ​ខាង​សេដ្ឋកិច្ច​តិចតួច។ បន្ទាប់​មក​ពួកគេ​បាន​ព្យាយាម​ប្រើប្រាស់​ទីតាំង​ទាំងនេះ​សម្រាប់​អំណាច​យោធា។​

​ដូច្នេះ​យើង​ព្រួយបារម្ភ​ថា​ នេះ​ប្រហែលជា​ផ្លូវ​ដែល​ចិន​អាច​នាំ​កម្ពុជា​ទៅកាន់​ ​ដូច្នេះ​ពួកគេ​អាច​និយាយ​ថា «នេះ​គឺ​គ្រាន់តែ​ជា​មូលដ្ឋាន​រួមគ្នា​ឬក៏​នេះ​គ្រាន់តែ​ជា​វត្តមាន​ម្តងម្កាល​ឬក៏​នេះ​គ្រាន់​ជា​តំបន់​មួយ​សម្រាប់​កប៉ាល់​និង​យន្តហោះ​ពាណិជ្ជកម្ម‍»។​

​យើង​មានការ​ព្រួយបារម្ភ​ទៅ​លើ​អ្វី​ដែល​បាន​កើតឡើង​ពីមុន​មក​នៅក្នុង​តំបន់​ ​ដែល​ថា​កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​ដូចគ្នា​ ដែល​ប្រទេស​ទាំង​នោះ​មាន​វត្តមានយោធា​របស់​ចិន​ឬក៏​យោធា​ចិន​អាច​ចូល​ទៅ​កាន់​ផែ​និង​ព្រលាន​យន្តហោះ​ ដែល​អាច​ឱ្យ​ពួកគេ​ប្រើប្រាស់​ដើម្បី​អំណាច​យោធា។ យើង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង។​

​VOA៖ តើ​លោក​បាន​ជជែក​បញ្ហា​នេះ​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​ដែរ​ទេ?​

John H. Felter៖ នេះ​គឺជា​គោល​នយោបាយ​ការពារ​ជាតិ​របស់​យើង​ ​អនុលោម​តាម​ក្ដី​បារម្ភ​ដែល​បាន​សម្ដែង​ដោយ​លោក​អនុ​ប្រធានាធិបតី ​Mike​ ​Pence​ ​តាមរយៈ​លិខិត​របស់​លោក ​ដែល​ថា​យើង​រក​ឃើញថា ​វា​គួរ​ឱ្យ​បារម្ភ​ណាស់​ ​ប្រសិន​ជា​កម្លាំងយោធា​បរទេស​ណាមួយ​អាច​មាន​វត្តមាន​ក្រោម​រូបភាព​យោធា​នៅ​កម្ពុជា ​ដែល​ការណ៍​នេះ​អាច​នាំ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​នៅក្នុង​តំបន់​និង​ធ្វើ​អន្តរាយ​ដល់​សន្តិសុខជាតិ​កម្ពុជា​ដែល​នៅ​បំផុត​ទៅ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អធិបតេយ្យ​ភាព​របស់​ប្រទេស​នេះ។

VOA៖ តើ​លោក​អាច​រៀបរាប់​បានទេ​ ថា​អ្វីទៅ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ​សម្រាប់​ចំណង​ទាក់ទង​ផ្នែក​សន្តិសុខ​ខ្មែរ​-អាមេរិក?​

John H. Felter៖ គួរ​ជា​ការ​លើកទឹកចិត្ត​ណាស់​ ដោយ​ហេតុ​ថា​ យើង​មានផល​ប្រយោជន៍​រួមគ្នា​ក្នុង​ការ​ពូន​ជ្រុំ​ទំនាក់ទំនង​យោធា​និង​ពង្រឹង​ចំណងទាក់ទង​ទ្វេភាគី​របស់​យើង។ យើង​មាន​ប្រវត្តិ​ដ៏​យូរលង់​ បើ​និយាយ​អំពី​ទំនាក់ទំនង​កងទ័ព។​ ​ជា​ឧទាហរណ៍​ស្រាប់​ ​នៅ​ថ្ងៃនេះ​យើង​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម​ ​ទី​ដែល​បាន​ចារឹក​សាវ​តា​ដ៏​យូរលង់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ផ្ដល់​ជំនួយ​ដល់​កងទ័ព​ជើងទឹក​កម្ពុជា។​ ​យើង​ក៏បាន​ធ្វើដំណើរ​ទស្សនាទីតាំង​ ​និង​សមិទ្ធផល​នានា​ ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជូន​កម្ពុជា​ ​រួមមាន​ ​ឃ្លាំង​ផ្ទុក​កប៉ាល់​ ​មន្ទីរពេទ្យ​ ​អគារ​សិក្សា​សម្រាប់​ការអប់រំ​ភាសា​អង់គ្លេស​ជាដើម។

ប៉ុន្តែ​សម្រាប់​បញ្ហា​ប្រឈម​នោះ​វិញ​ ​ខ្ញុំ​គិតថា​យើង​អាច​ស្វះស្វែង​រក​ការ​បោះជំហាន​ក្នុង​មាគ៌ា​ទៅមុខ​ ប្រសិនបើ​ភាគី​កម្ពុជា​អាច​ចាប់ផ្ដើម​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នានាក្នុង​ការ​អនុវត្ត​សកម្មភាព​ ​ដែល​ខ្ញុំ​សូម​បញ្ជាក់​ម្ដងទៀត​ ​រួមមាន​ការ​លើកកម្ពស់​ការផ្សះផ្សា​ជាតិ​ ​និង​បង្កើន​លំហ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​ ​ខ្ញុំ​គិតថា​យើង​អាច​បោះ​ជំហាន​ទៅតាម​ផ្លូវ​ហ្នឹង​បាន​ ​ដែល​ខ្ញុំ​យល់ថា​វា​មាន​មូលដ្ឋាន​នៅ​ទីនោះ​រួច​ទៅ​ហើយ។​ ​ខ្ញុំ​គិតថា​ ​នោះ​ហើយ​ជា​ផលប្រយោជន៍​រួម​របស់​យើង​ក្នុង​បោះ​ដំណើរ​ទៅ​តាម​វិធី​បែបនេះ​ ​និង​កសាង​ទំនាក់ទំនង​យោធា​របស់​ប្រទេស​យើង​ទាំងពីរ។​ ម្ល៉ោះហើយ​យើង​សម្លឹង​រំពឹង​ទុក​រក​ការបង្កើត​នូវ​ស្ថានការណ៍​ប្រសើរ​ឡើង។​

VOA៖អ្វីទៅ​ជា​តួនាទី​របស់​សហរដ្ឋអាមេរិក​ក្នុង​រចនា​សម្ព័ន្ធ​សន្ដិ​សុខ​នៅក្នុង​តំបន់​នេះ?​

John H. Felter៖ យើង​មាន​សៀវភៅ​យុទ្ធសាស្ត្រ​ការពារ​ជាតិ ​ឥឡូវនេះ​ ​ដែល​បាន​ចោលការ​សម្លឹង​មើល​ ​មកកាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​ដែល​លាតសន្ធឹង​ពី​មហាសមុទ្រ​ឥណ្ឌា​ដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​ក្នុង​នោះ​បណ្ដា​ប្រទេស​អាស៊ាន​ ​រួម​ទាំង​កម្ពុជាផង​ ​ស្ថិតនៅ​ចំកណ្ដាល​នៃ​តំបន់​ប៉ាស៊ីហ្វិក។​ ​នោះ​ហើយដែល​គេ​ហៅថា មជ្ឈឹម​ភាព​អាស៊ាន។​

ប៉ុន្តែ​សម្រាប់​សហរដ្ឋអាមេរិក​វិញ​ ​តាមរយៈ​សៀវភៅ​ ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ ​ធាតុផ្សំ​ចម្បង​មួយ​របស់​វា​នោះ​ ​គឺ​ពង្រឹង​សម្ព័ន្ធភាព​ ​កសាង​ភាពជា​ដៃគូ​ ​និង​ជួយ​បណ្ដា​ប្រទេស​នានា​នៅក្នុង​តំបន់​ ​កសាង​សមត្ថភាព​យោធា​ ​ដែល​ពួកគេ​អាច​ការពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន។​ យុទ្ធសាស្ត្រ​របស់​យើង​នោះ​គឺ​ដើម្បី​ជួយ​បណ្ដា​ប្រទេស​នានា​ការពារ​អធិប​តេយ្យ​ភាព​របស់​ពួកគេ។​

​នេះ​ហើយ​ជា​កិច្ចការ​ងារ​របស់​សហរដ្ឋអាមេរិក។​ យើង​ចង់​ធ្វើការ​ជាមួយនឹង​ដៃគូ​និង​សម្ព័ន្ធ​មិត្ត​នានា​ ​ដើម្បី​ជួយ​ពួកគេ​ការពារ​អធិបតេយ្យភាព​ដោយខ្លួនឯង​ ​ហើយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​គ្មាន​ប្រទេស​ណាមួយ​អាច​មានឥទ្ធិពល​គ្រប់គ្រង​តំបន់​ទាំងមូល​ ​ឬ​គ្មាន​ប្រទេស​ណាមួយ​អាច​បង្ក​អន្តរាយ​ដល់​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​ ​មិនថា​ប្រទេស​នោះ​ធំ​ឬ​តូច​ទេ​ត្រូវតែ​ទទួលការ​ការពារ​ពីសំណាក់​ច្បាប់អន្តរជាតិ​ ​ហើយ​ថា​គ្មាន​ប្រទេស​ណាមួយ​អាច​បំផ្លាញ​អធិប​តេយ្យ ​ភាព​ប្រទេស​ដទៃ​ក្នុង​តំបន់​បាន​ឡើយ។​

​VOA៖ ជាមួយការ​ដាក់​ពង្រាយ​កងយោធា​របស់​ចិន​នៅ​លើ​បណ្តា​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​កាន់កាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទី​ដែល​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធ​មិត្ត​បន្ត​ប្រតិបត្តិ​ការ​សេរីភាព​នាវាចរណ៍​ ​តើ​លោក​រំពឹង​ថា​អាច​នឹង​មានការ​ប៉ះទង្គិច​អ្វីខ្លះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នា​ពេល​អនាគត?​ ​

John H. Felter៖ យើង​ច្បាស់​ណាស់​មិន​ស្វះស្វែង​រក​ការ​ប្រឈមមុខ​គ្នា​ណាមួយ​នោះ​ទេ។​ ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ ​សហរដ្ឋអាមេរិក​ ​ស្វែងរក​និង​ចង់បាន​ទំនាក់ទំនង​បែប​ស្ថាបនា​មួយ​ជាមួយ​ប្រទេស​ចិន។​ ​យើង​នឹង​សហការ​នៅ​ចំណុច​ណា​ដែល​យើង​មាន​ទទួល​បានផល​ប្រយោជន៍​ដូចគ្នា។​

​ប៉ុន្តែ​យើង​នឹង​ប្រកួតប្រជែង​នៅ​ចំណុច​ណា​ដែល​ផលប្រយោជន៍​របស់​យើង​ខ្វែងគ្នា។​ ​ផលប្រយោជន៍​របស់​យើង​លើ​សមុទ្រ​ចិន​ខាងត្បូង​ពិតជា​មិន​ត្រូវគ្នា។​ ​ដូចដែល​យើង​បានដឹង​ស្រាប់ហើយ​ប្រទេស​ចិន​ ​ទាមទារ​កាន់​កាន់​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង។​ ​វា​បាន​ធ្វើការ​ទាមទារ​មិន​មាន​មូលដ្ឋាន​ក្នុង​ច្បាប់​អន្តរជាតិ​ទេ។ ចិន​ព្យាយាម​ពង្រឹង​ការ​ទាមទារ​មិន​ស្របច្បាប់​មួយ។​ ដូច្នេះ​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើ​ការ​ហោះហើរ​ ​ធ្វើ​នាវាចរណ៍​ ​និង​ប្រតិបត្តិ​ការ​នៅ​ទីណា​ដែល​ច្បាប់អន្តរជាតិ​អនុញ្ញាត។​

​ហើយ​សំខាន់​ជាង​នេះ​ទៀត​ ​អ្នក​អាច​រំឭក​ពី​ឧបទ្ទវហេតុ​មួយ​ដែល​ចិន​ស្ទើរ​តែ​ប៉ះទង្គិច​គ្នា​ជាមួយ​នាវា​ ​USS​ ​Decatur​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ប្រហែលជា​ពីរបី​ខែមុន។​ ​ការណ៍​នោះ​បាន​បង្ក​ឱ្យ​យើង​មានការ​ព្រួយបារម្ភ។​ ​នោះ​ជា​ឥរិយាបថ​មិន​ប្រុងប្រយ័ត្ន​មួយ។​ ​ការ​ឆ្លើយតប​របស់​យើង​គឺ​យើង​នឹង​បន្ត​ប្រតិបត្តិ​ការ​នាវាចរណ៍​ដោយសេរី។​ ​យើង​នឹង​បន្ត​ធ្វើ​នាវាចរណ៍​និង​ប្រតិបត្តិ​ទីណា​ក៏​ដោយ​ឱ្យ​តែ​ច្បាប់អន្តរជាតិ​អនុញ្ញាត។ អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​គឺ​បារម្ភ​ពី​ឥរិយាបថ​មិន​ប្រយ័ត្ន​ប្រយែង​និង​ខុសច្បាប់​នេះ។​ ​អ៊ីចឹង​យើង​នឹង​បន្ត​ធ្វើ​ដូច្នេះ។​ ​យើង​លើកទឹកចិត្ត​ឱ្យ​គ្រប់​បណ្ដា​ប្រជាជាតិ​ទាំងអស់​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដូច​មាន​ចែង​ច្បាប់​អន្តរជាតិ។

VOA៖ អ្នកខ្លះ​និយាយ​ថា​ សហរដ្ឋ​អាមេរិក​មិនមែន​ជារ​ដ្ឋ​ភាគី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ហើយ​មិន​គួរ​ចូល​មក​ពាក់ព័ន្ធ​នឹង​ជម្លោះ​ផ្លូវទឹក​នេះ​ទេ។ តើ​លោក​គិត​យ៉ាងណា​ដែរ?​

​John H. Felter៖ ប្រទេស​ទាំងអស់​មានផល​ប្រយោជន៍​នៅ​ពេល​ដែល​តំបន់​នេះ​មាន​មិនមែន​ជា​កម្មសិទ្ធិ​អ្នកណា​ ​ហើយ​មាន​លក្ខណៈ​បើកចំហ។ សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ឋានៈ​មួយ ​ដើម្បី​អនុវត្ត​សិទ្ធិ​នានា​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ។​ ​យើង​សូម​អំពាវនាវ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ចូលរួម​អនុវត្ត​សិទ្ធិ​ដូចគ្នា។​ វា​ជាផ្នែក​មួយ​ក្នុង​យុទ្ធ​សាស្រ្ត​ឥណ្ឌូ​ប៉ាស៊ី​ហ្វិ​ក​របស់​យើង។​ យើង​នឹង​បន្ត​អនុវត្ត​សិទ្ធិ​ទាំងនោះ​ ដែល​មាន​ចែង​នៅក្នុង​ច្បាប់អន្តរជាតិ​ហើយ​សូម​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងទៀត​ឱ្យ​ធ្វើ​ដូចគ្នា​ដែរ។

VOA៖ ក្នុង​ការ​ស្ទង់​មតិ​ថ្មីៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ ​វិទ្យាស្ថាន​ ​ISEAS​-​Yusof​ ​Ishak​ ​របស់​ប្រទេស​សិង្ហបុរី​ ​ដែល​មាន​បញ្ញវន្ត ​អ្នកអង្កេត​ ​និង​បុគ្គល​ពាក់ព័ន្ធ​របស់​តំបន់​អាស៊ី​អាគ្នេយ៍​ប្រមាណ​មួយ​ពាន់​នាក់​ បង្ហាញថា​ ​៦១,៣ភាគរយ ​គិតថា​ យុទ្ធ​សាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា «គំនិត​មិន​ច្បាស់លាស់​មួយ» តើ​លោក​មាន​អ្វី​ចង់​បកស្រាយ?​

John H. Felter៖ វា​គឺ​ជា​ទស្សនទាន​ថ្មី​មួយ។ វា​កើត​ចេញពី​សៀវភៅ​យុទ្ធ​សាស្រ្ត​ការពារ​ជាតិ​របស់​យើង​មក​ពី​រដ្ឋ​បាល​បច្ចុប្បន្ន​របស់​សហរដ្ឋអាមេរិក។​ ដូច្នេះ​យើង​ត្រូវ​តែ​បញ្ជាក់​ឱ្យបាន​ច្បាស់។​ យើង​បាន​ធ្វើ​រឿង​មួយចំនួន ​ដើម្បី​ព្យាយាម​ពន្យល់​ឱ្យ​ច្បាស់។​ វា​ពិតជា​ងាយស្រួល​យល់​ណាស់។​ ​យុទ្ធ​សាស្រ្ត​ឥណ្ឌូ​ប៉ាស៊ី​ហ្វិ​ក​គឺជា​យុទ្ធ​សាស្រ្ត​មួយ​ដែល​ព្យាយាម​ធានា​ថា​យើង​ស្ថិត​ក្នុង​ភាព​ចំហ​ និង​មិន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អ្នកណា​ហើយ​ប្រទេស​ទាំងអស់​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់អន្តរជាតិ​ ​ហើយ​គ្មាន​ប្រទេស​ណាមួយ​អាច​ត្រួតត្រា​តំបន់​នេះ​បាន។​ ៦១ភាគរយ​និយាយ​ថា​ វា​មិន​ច្បាស់លាស់។​ យើង​ត្រូវតែ​ពន្យល់​បន្ថែម។​ វា​ពិតជា​ងាយស្រួល​ណាស់។ យើង​សង្ឃឹមថា​យើង​អាច​ធ្វើការ​បញ្ជាក់​ឱ្យច្បាស់​ដល់​ប្រទេស​នានា​ក្នុង​តំបន់។​ យើង​គិតថា​ចក្ខុវិស័យ​ដែល​យើង​មាន​សម្រាប់​តំបន់​នេះ​គឺ​ដូចគ្នា។​ ​អ្នក​អាច​មើល​លើ​យុទ្ធ​សាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងអស់​បាន ​វា​អាច​ឆ្លុះបញ្ចាំង​ពី​យុទ្ធ​សាស្រ្ត​នៃ​ប្រទេស​ជប៉ុន​ ​ឥណ្ឌូណេស៊ី​ ហើយ​និង​ប្រទេស​មួយចំនួន​ទៀត​ ​ដែល​មាន​ចក្ខុវិស័យ​មួយ​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​សេរី​និង​បើកចំហ​ ​ក្នុង​ការ​ដែល​ប្រទេស​ទាំងអស់​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​អន្តរជាតិ។

VOA៖ដោយសារ​មាន​ភាព​ស្រពេច​ស្រពិល​មួយចំនួន​ជុំវិញ​ការ​បិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នៃរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​នា​ពេល​ថ្មីៗ​នេះ​ ​ក្នុង​មន្ទីរ​បញ្ចកោណ​ជាមួយ​ការ​លាលែង​របស់​អតីត​រដ្ឋមន្រ្តី​ក្រសួងការពារ​ប្រទេស​អាមេរិក​លោក ​James​ ​Mattis​ ​តើ​លោក​គិតថា​វា​អាច​នឹង​បង្ក​ឱ្យ​មានការ​លំបាក​ក្នុង​ការ​អនុវត្ត​យុទ្ធ​សាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឬ​ទេ?​

John H. Felter៖ ទេ! ចំណាប់​អារម្មណ៍​របស់​យើង​គឺ​នឹង​បន្ត​រយៈពេល​យូរ​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។​ បុគ្គល​នានា​និង​រដ្ឋាភិបាល​នឹង​មាន​អ្នក​ចូល​និង​អ្នក​ដែល​ត្រូវ​ចាកចេញ។ ខ្ញុំ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក​ Mattis​ ហើយ​លោក​បាន​នាំ​ខ្ញុំ​មក​ចូល​ធ្វើការ​នៅ​មន្ទីរ​បញ្ចកោណ​ ដូច្នេះ​ខ្ញុំ​នឹក​រឭក​ ប៉ុន្តែ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស្ដីទី​ Shanahan​ ដែល​សិក្សា​រៀនសូត្រ​ការងារ​ក្រោម​ឱវាទ​លោក​ ​Mattis​ អស់​រយៈពេល​មួយឆ្នាំ​កន្លះ​ ​វា​នឹង​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ។​ ម្តង​ទៀត​ ​អាមេរិក​នឹង​បន្ត​ក្នុង​រយៈ​ពេល​យូរ។ យើង​នឹង​បន្ត​រក្សា​តំបន់​នេះ​ឱ្យ​សេរី​និង​បើកចំហ​ ​ដោយធ្វើ​ការ​ជាមួយ​ដៃគូ​នានា​របស់​យើង៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG