ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​ជិត​២​​លាន​នាក់​​បន្ថែម​ទៀត​ដាក់​ពាក្យ​​ជំនួយ​អត់​ការងារ


បុរស​ម្នាក់​​ដើរ​កាត់​ហាង​ដែល​​​បាន​បាន​បិទ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩​នៅ​ទី​ក្រុង Niles រដ្ឋ Illinois កាល​​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​ ឆ្នាំ​២០២០។
បុរស​ម្នាក់​​ដើរ​កាត់​ហាង​ដែល​​​បាន​បាន​បិទ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩​នៅ​ទី​ក្រុង Niles រដ្ឋ Illinois កាល​​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​ ឆ្នាំ​២០២០។

ក្រសួង​ការងារ​អាមេរិក​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ចំនួនពលរដ្ឋ​អាមេរិក​ដែលបាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍ជា​ចំនួន​ទាប​បំផុត​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក ខណៈ​ដែលអាជីវកម្ម​មួយ​ចំនួន​បានចាប់​បើក​ទ្វារ​ឡើង​វិញ​ក្រោយ​ពី​បិទ​ដោយ​សារ​វិបត្តិ​កូវីដ១៩។​

ប៉ុន្តែ​យ៉ាង​នេះ​ក្តី​ក៏អ្នកបាត់បង់​ការងារ​ថ្មីកាល​ពី​សប្តាហ៍​មុនដែល​មាន​ចំនួន​ដល់​ទៅ​១,៨៨​លាន​នាក់​ធ្វើ​ឲ្យ​ចំនួន​សរុប​តាំង​ពីវិបត្តិកូវីដ១៩​នៅ​សហរដ្ឋ​អាមេរិកមក​បាន​កើន​ដល់​ជាង​៤២,៥​លាន​នាក់ ឬ​ស្មើ​នឹង​ជាង១ភាគ​៤​នៃពលរដ្ឋ​អាមេរិក​ពេញ​វ័យធ្វើ​ការសរុប​១៦៤​លាន​នាក់។​

អភិបាល​រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋ​អាមេរិក​បានបន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ទប់​ស្កាត់​កូវីដ១៩​ខ្លះ​ដើម្បី​ឲ្យ​ភោជនីយដ្ឋាន​ហាង​និង​អាជីវកម្ម​មួយ​ចំនួន​អាច​បើក​ឡើង​វិញ​បាន​ក្នុង​កម្រិត​ខុសៗ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

អត្រា​អត់ការងារធ្វើ​កាល​ពី​ខែ​មេសា​មាន​ចំនួន​១៤,៧% ហើយ​អត្រា​អត់​ការងារ​ធ្វើសម្រាប់​ខែ​ឧសភា​ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ថ្ងៃ​សុក្រ ដោយ​សេដ្ឋវិទូ​ខ្លះ​បាន​ទស្សន៍ទាយថា​អាច​មាន​កម្រិត​រហូត​ដល់​២០%។​

ស្ថានភាព​នេះ​ជា​វិបត្តិ​សេដ្ឋិច្ច​ធ្ងន់ធ្ងរ​បំផុត​ចាប់​តាំង​ពី​មហាវិបត្តិ​សេដ្ឋកិច្ចក្នុង​ទសវត្ស​១៩៣០។

ប៉ុន្តែ​ដោយ​សារ​នៅ​ពេល​មានបាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ដោយ​មាន​ទាំង​ក្រុម​បាតុករ​ខ្លះ​បាន​ប៉ះទង្គិច​ហិង្សា​ជាមួយ​ប៉ូលីស​ផង​ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​សមត្ថកិច្ច​ប៉ូលិស​ស្បែក​ស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​នោះ ធ្វើ​ឲ្យ​ព័ត៌មាន​អំពី​ការ​លំបាក​របស់​អ្នក​អត់​ការងារ​ធ្វើក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរនេះ ទទួល​បាន​ចំណាប់​អារម្មណ៍តិច​ជាង​មុន៕

XS
SM
MD
LG