សហរដ្ឋអាមេរិកនៅតែមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបង្អស់នៅលើពិភពលោក។ បើយោងតាមប្រព័ន្ធទិន្នន័យរបស់កាសែត New York Times ឥឡូវនេះ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺនេះជាង ៥ លានករណី។ ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌាស្ថិតក្នុងលំដាប់ថ្នាក់ទី ២ និងទី ៣។ ប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺនេះជាង ៣ លានករណី ហើយឥណ្ឌាមានជាង ២ លានករណី។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រទេសប្រេស៊ីលបានក្លាយជាប្រទេសទី ២ នៅលើពិភពលោកដែលមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នេះលើស ១ សែននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិកមានករណីស្លាប់ដោយសារជំងឺនេះចំនួន ១៦២.០០០ នាក់។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ កាលពីខែមុន ធ្លាប់បានបញ្ជាក់ថា លោកបានធ្វើ «អ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ដោយសារតែគ្មានការធ្វើតេស្តគ្រប់គ្រាន់ អ្នកជំនាញថា ចំនួនពលរដ្ឋប្រេស៊ីលដែលឆ្លងជំងឺកូវីដ១៩ អាចច្រើនជាងចំនួនបច្ចុប្បន្នរហូតដល់ទៅ ៦ ដងឯណោះ។
ចំណែកឯនៅក្នុងសហរដ្ឋអាមេរិកវិញ វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខាភិបាល បានចេញផ្សាយនូវគំរូមួយដែលព្យាករណ៍ថា នឹងមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ នេះចំនួនជិត ៣ សែនករណី នៅត្រឹមថ្ងៃទី ១ ខែធ្នូខាងមុខ ប្រសិនបើពលរដ្ឋអាមេរិកាំងមិនចាប់ផ្ដើមពាក់ម៉ាស់ឲ្យបានទៀងទាត់ទេនោះ។
លោកវេជ្ជបណ្ឌិត Christopher Murray នាយកវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខាភិបាលនេះ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ប្រសិនបើពលរដ្ឋអាមេរិកាំង ៩៥% ចាប់ផ្ដើមពាក់ម៉ាស់ ជីវិតមនុស្សជាង ៦៦.០០០ នាក់ នឹងអាចជួយសង្គ្រោះបាន៕