ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​រារាំង​ការ​តែង​តាំង​អតីត​នាយក​រដ្ឋ​មន្ត្រី​ប៉ាឡេស្ទីន​ក្នុង​ការ​ដឹកនាំ​បេសកកម្ម​របស់​អ.ស.ប​


អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Nikki Haley ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អំពី​ការ​គំរាម​កំហែង​ដោយ​ក្រុម​ភេរវកម្ម​អន្តរជាតិ​នៅ​ទីស្នាក់ការកណ្តាល​របស់​អ.ស.ប. កាល​ពី​ថ្ងៃទី ០៧ កុម្ភៈ ២០១៧។

សហរដ្ឋ​អាមេរិក​បាន​រារាំង​ការ​តែង​តាំង​អតីត​នាយក​រដ្ឋ​មន្ត្រី​ប៉ាឡេស្ទីន​ក្នុង​ការ​ដឹកនាំ​បេសកកម្ម​នយោបាយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​លីប៊ី។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ប្រកាស​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​គ្រោង​នឹង​ដាក់​ឲ្យ​លោក​សេដ្ឋវិទូ Salam Fayyad ដែល​ទទួល​បាន​ការ​អប់រំ​នៅ​បស្ចិម​ប្រទេស​រូប​នោះ​ឲ្យ​កាន់​តួនាទី​មួយ​នេះ។ លោក Fayyad ដែល​ត្រូវ​បាន​អន្តរជាតិ​គោរព​នោះ​មាន​អាយុ៦៤ឆ្នាំ។ លោក​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៣ ហើយ​លោក​ក៏​ធ្លាប់​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​មួយ​រូប​ផង​ដែរ។

ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា អាមេរិក​មាន​ការ​ខកចិត្ត​ចំពោះ​ជម្រើស​មួយ​នេះ។

លោកស្រី Haley បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោកស្រី​ថា៖ «ជា​យូរ​មក​ហើយ​ដែល​អង្គការ​សហប្រជាជាតិ​មាន​ភាព​លំអៀង​ទៅ​រក​អាជ្ញាធរ​ប៉ាឡេស្ទីន​ដែល​ធ្វើ​បាប​សម្ព័ន្ធ​មិត្ត​អ៊ីស្រាអ៊ែល​របស់​យើង‍»។ លោក​ស្រី​ថ្លែង​បន្ថែម​ថា៖ «ត​ទៅ​មុខ​ទៀត អាមេរិក​នឹង​បញ្ចេញ​នូវ​សកម្មភាព មិន​ត្រឹម​តែ​និយាយ​នោះ​ទេ ដើម្បី​គាំទ្រ​ដល់​សម្ព័ន្ធ​មិត្ត​របស់​យើង‍»។

សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ក្រុម​សមាជិក​ភាគ​តិច​ដែល​មិន​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ថា​ជា​រដ្ឋ​ឯករាជ្យ​មួយ ហើយ​ថា​ប៉ាឡេស្ទីន​មាន​ឋានៈ​ត្រឹម​ជា​អ្នក​អង្កេត​ការណ៍តែ​ប៉ុណ្ណោះ ​មិន​មែន​ជា​សមាជិកនៅ​ក្នុង​អង្គភាព​ពិភពលោក​មួយ​នេះ​នោះ​ទេ៕

XS
SM
MD
LG