សហរដ្ឋអាមេរិកបានក្លាយជាប្រទេសផលិតប្រេងដ៏ធំបង្អស់របស់ពិភពលោកនៅឆ្នាំ២០១៤ នេះយោងតាមរបាយការណ៍របស់ក្រុមហ៊ុនថាមពល BP។
លោក Spencer Dale សេដ្ឋវិទូនៃក្រុមហ៊ុនថាមពល BP បានសរសើរដល់បដិវត្តន៍ប្រេងពីថ្មចំពោះការកើនឡើងក្នុងផលិតផលប្រេងអាមេរិកដែលបានជួយក្រុមហ៊ុនសហរដ្ឋអាមេរិកផលិតប្រេងច្រើនជាងប្រទេសអារ៉ាប៊ីសាអូឌីត។ ទិន្នផលឧស្ម័នធម្មជាតិ និងប្រេងរបស់សហរដ្ឋអាមេរិកបូកបញ្ចូលគ្នានាពេលឥឡូវនេះមានច្រើនជាងប្រទេសរុស្ស៊ីដែលកាលពីពេលមុនបាននាំមុខពិភពលោក។
នៅក្នុងការបង្ហាញទៅក្រុមអ្នកជំនាញថាមពលក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Dale បាននិយាយថា យើងកំពុងឃើញផ្ទាល់នឹងភ្នែកការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ថាមពលពិភពលោកដោយមានការស្មុគ្រស្មាញកាន់តែខ្លាំងឡើង។ ឥឡូវនេះ សហរដ្ឋអាមេរិក បានចំណាយកាន់តែតិចទៅលើការនាំចូលថាមពល ដែលកាលពីពេលមុនបានធ្វើឲ្យប៉ះពាល់តុល្យភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាតិ។
ការកើនឡើងនូវផលិតផលកើតមានឡើងនៅពេលដែលតម្រូវការថាមពលកើនឡើងមិនដល់២ភាគរយដែលជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ២០០៩មក។ អ្នកជំនាញក្រុមហ៊ុនថាមពល BP បានព្យាករណ៍ថា តម្រូវការប្រេងចុះខ្សោយហើយនិងការផ្លាស់ប្តូរក្នុងការប្រើប្រាស់ថាមពលរបស់ចិនបានធ្វើឲ្យការបញ្ចេញសារធាតុកាបោនមានប្រហែលពាក់កណ្តាលភាគរយក្នុងមួយឆ្នាំ។
ដោយមានការផ្គត់ផ្គង់ថាមពលលើសពីតម្រូវការ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបានធ្វើឲ្យអ្នកប្រើប្រាស់សន្សំប្រាក់សម្រាប់គោលបំណងផ្សេងៗទៀត ជាការផ្លាស់ប្តូរមួយដែលនៅទីបញ្ចប់ត្រូវគេរំពឹងថា នឹងជួយធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន៕