កាលពីថ្ងៃសៅរ៍ កងកម្លាំង Kurde របស់ប្រទេសអ៊ីរ៉ាក់បានវាយយកបានវិញនូវស្ថានីយប្រេងមួយដែលក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយយកបានពីពេលមុន ក៏ប៉ុន្តែមានរបាយការណ៍ផ្ទុយគ្នាអំពីជោគវាសនានៃក្រុមកម្មករនៅកន្លែងនោះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ពាក្យសម្តីមន្ត្រីពីរនាក់នៃក្រុមហ៊ុន North Oil របស់រដ្ឋដែលបាននិយាយថាកម្មករ១៥នាក់បានបាត់ខ្លួនពីកន្លែងបូមប្រេង Khabbaz ក៏ប៉ុន្តែទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកម្មករ២៤នាក់ដែលបានត្រូវចាប់ខ្លួនបានត្រូវដោះលែងហើយ។ ក្រុមមន្ត្រីសន្តិសុខក៏បានកត់សម្គាល់អំពីកង្វល់ស្តីពីគ្រឿងផ្ទុះបង្កប់នៅក្នុងកន្លែងបូមប្រេងនេះដែរ។
ប្រភពយោធា Kurde បាននិយាយថាអ្នកលបបាញ់ប្រហារម្នាក់បានបាញ់សម្លាប់លោកឧត្តមសេនីយ៍ទោ Hussein Mansour នៃក្រុមយោធា Peshmerga នៅក្នុងការប្រយុទ្ធគ្នា។
លោក Mansour ជានាយទាហាន Kurde ជាន់ខ្ពស់ទីពីរដែលបានបាត់បង់ជីវិតក្នុងរយៈពេលពីរថ្ងៃក្រោយពីឧត្តមសេនីយ៍ត្រី Kurde ម្នាក់បានស្លាប់កាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារធំមួយដោយក្រុមបះបោររដ្ឋអ៊ីស្លាមនៅក្នុងខេត្ត Kirkuk។
ដោយមានការគាំទ្រពីការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយស.រ.អា. កងកម្លាំង Kurde បានទទួលផលចំណេញដោយបានវាយយកដែនដីដ៏ធំធេងពីការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់និងទាំងនៅក្នុងប្រទេសស៊ីរី៕