មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុន Chevron Global Energy Inc. របស់សហរដ្ឋអាមេរិកដែលទទួលសិទ្ធិរុករកប្រេងក្នុងដែនសមុទ្រកម្ពុជាកំពុងរៀបចំបែបបទផ្ទេរភាគហ៊ុនរបស់ខ្លួនទៅឲ្យក្រុមហ៊ុនអាជីវកម្មប្រេង KrisEnergy Ltd. របស់ប្រទេសសិង្ហបុរីនិងដើម្បីស្នើសុំការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា។
បើតាមគម្រោង ក្រុមហ៊ុនទាំងពីរនឹងដាក់សំណើសុំការឯកភាពនេះទៅកាន់ក្រសួងរ៉ែនិងថាមពលនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមហ៊ុន Chevron និងក្រុមហ៊ុន KrisEnergy គឺជាដៃគូភាគហ៊ុនសំខាន់ពីរក្នុងចំណោមដៃគូភាគហ៊ុនចំនួនបួនក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងក្នុងប្លុកA ក្នុងដែនសមុទ្រកម្ពុជា។
កាលពីថ្ងៃច័ន្ទទី១១ខែសីហា ក្រុមហ៊ុន Chevron បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួនមួយផ្នែកដល់ក្រុមហ៊ុន KrisEnergy ដែលមានទឹកប្រាក់សរុបចំនួន៦៥លានដុល្លារអាមេរិក។
លោក ម៉េង សាក់ធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ក្រុមហ៊ុន Chevron និងក្រុមហ៊ុន KrisEnergy កំពុងរៀបចំសំណើសុំការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្ទេរភាគហ៊ុន។
«គាត់កំពុងរៀបចំសំណុំបែបបទដើម្បីស្នើសុំការឯកភាពពីរដ្ឋាភិបាលអំពីបញ្ហានេះ។ រដ្ឋាភិបាលកំពុងពិនិត្យអំពីបញ្ហានេះដែរ។ យើងត្រូវការឲ្យអ្នកច្បាប់និងអ្នកសេដ្ឋកិច្ចយើងមើលថា តើការដែលផ្ទេរនិងលក់ដូរភាគហ៊ុនទៅក្រុមហ៊ុន KrisEnergyនេះអាចនឹងមានផលប៉ះពាល់អ្វីខ្លះដល់ផលប្រយោជន៍របស់ជាតិក្នុងការគ្រប់គ្រងនិងការប្រមូលផលពីសកម្មភាពរុករកនិងគម្រោងអាជីវកម្មធនធានប្រេង។»
ជាគោលការណ៍ ការផ្ទេរភាគហ៊ុនឬលក់ភាគហ៊ុនក្នុងរង្វង់ក្រុមហ៊ុនដៃគូគឺជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ប៉ុន្តែលោក ម៉េង សាក់ធារ៉ា ពន្យល់ថា ក្រុមហ៊ុនChevronនិងក្រុមហ៊ុនKrisEnergyត្រូវបំពេញបែបបទជាការជូនដំណឹងដល់រដ្ឋាភិបាល។
ក្រុមហ៊ុន Chevron ទទួលបានសិទ្ធិរុករកនិងធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជាក្នុងប្លុក A ដែលមានទំហំ៤.៧០៩គីឡូម៉ែត្រក្រឡា។
ក្រុមហ៊ុននេះធ្លាប់បានប្រកាសថា ខ្លួននឹងបូមប្រេងជាលើកដំបូងនៅឆ្នាំ២០១៦។
លោក រីឆាត ឡរ៉ិន (Richard Lorentz) នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន KrisEnergy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថា បន្ទាប់ពីទិញភាគហ៊ុនរបស់ក្រុមហ៊ុន Chevron នេះក្រុមហ៊ុន KrisEnergy នឹងមានលទ្ធភាពគិតគូពីផែនការ «សម្រាប់ការផលិតប្រេងជាលើកដំបូងឲ្យបានឆាប់រហ័ស។»
ក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរីនេះរំពឹងថា នឹងអាចបូមប្រេងបានចំនួន១ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃក្នុងប្លុកA នេះ។
នៅមិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយពីក្រុមហ៊ុន Chevron នៅឡើយទេ៕