ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​បាន​កាត់​បន្ថយ​ផ្លូវ​ទាំងពីរ​របស់​ចិន


រូបថតឯកសារ៖ ឡូហ្កូ​ហាងសាំង​ Petrochina នៅ​ឯការាសសាំង​ក្នុង​ទីក្រុង​ប៉េកាំង។ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ទូទាំង​ពិភពលោក​ធ្វើ​ឲ្យ​ចិន​មាន​ផល​ចំណេញ​ច្រើន។
រូបថតឯកសារ៖ ឡូហ្កូ​ហាងសាំង​ Petrochina នៅ​ឯការាសសាំង​ក្នុង​ទីក្រុង​ប៉េកាំង។ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ទូទាំង​ពិភពលោក​ធ្វើ​ឲ្យ​ចិន​មាន​ផល​ចំណេញ​ច្រើន។

នៅ​ខណៈពេល​ដែល​តម្លៃប្រេង​ធ្លាក់ចុះ​ ចិន​ដែល​ជា​ប្រទេស​នាំ​ចូល​ប្រេង​ធំជាង​គេ​នៃ​ពិភពក​លោក​កំពុង​តែ​ទទួល​ផល​ចំណេញ​ដោយ​មធ្យោបាយ​ផ្សេងៗ។ ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគនិយាយ​ថា​ ដរាបណា​តម្លៃ​ប្រេង​នៅ​តែ​ធ្លាក់​ចុះ​ គ្រោះថ្នាក់​និង​បញ្ហា​ប្រឈម​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជួប​ប្រទះអាច​មាន​ច្រើន​ជាង​មុន។

យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ ការ​នាំចូល​ប្រេង​របស់​ចិន​បាន​កើន​ឡើង​ជិត​១០​ភាគ​រយ​កាល​ពី​ឆ្នាំ​មុន​ គឺ​ជិត​ស្មើ​២,៣​ពាន់​លាន​បារ៉ែល (៣០៨​លានតោន)។ ខណៈពេល​ដែល​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ពី​តម្លៃ​ប្រហែល​១១៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​មក​នៅ​ត្រឹម​តែ​៥០​ដុល្លារ​ក្នុង​សប្តាហ៍​នេះ​ ក្រុម​អ្នក​នាំចូលកំពុង​តែ​សន្សំ​បាន​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ។

ក្រុម​មន្រ្តីនិយាយ​ថា​ ការ​ធ្លាក់​ដ៏គំហុក​នេះ​ កំពុង​តែ​ផ្តល់​ឱកាស​ល្អ​សម្រាប់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​បង្កើន​ឃ្លាំង​ស្តុក​ប្រេង។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​ក៏កំពុង​គ្រប់គ្រង​តាមដាន​អត្រា​អតិផរណា និង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​នៅ​តែ​មាន​តម្លៃ​ទាប​ អ្នក​ខ្លះ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ចំពោះ​ប្រទេស​នេះ។

សាស្រ្តាចារ្យ​ជាន់​ខ្ពស់​នៅ​សាកលវិទ្យាល័យ​ University of Newcastle នៃ​ប្រទេស​អូស្រ្តាលី​ លោក ​Tan Hao​ មាន​ប្រសាសន៍​ថា​ ហានិភ័យ​រួម​មាន​ការ​ពឹង​ផ្អែក​ខ្លាំង​ជាង​មុន​ទៅ​លើ​ផលិតផល​ប្រេង​ ដែល​អាច​គំរាម​កំហែង​បរិស្ថាន​នៅ​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ ក៏ដូច​ជា​ការ​ពឹង​ផ្អែក​ជ្រុល​លើ​ការ​នាំ​ចូល​ប្រេង​និង​ទ្រព្យ​សម្បត្តិ​ហិរញ្ញវត្ថុ​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រេង។

លោក​មាន​ប្រសាសន៍​ថា​ ការ​ធ្លាក់​ចុះដ៏​គំហុក​នេះ​ ក៏គំរាម​រឹតត្បិត​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថាមពល​ថ្មីៗ​នៅ​ប្រទេស​ចិន​ផង​ដែរ។

«តាម​ន័យ​សេដ្ឋកិច្ច​ ចិន​ទទួល​ផល​ចំណេញ​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​តម្លៃ​ប្រេង​នាពេល​ថ្មីៗ​នេះ។ ក៏ប៉ុន្តែ​យើង​គួរ​តែ​ចាំ​ទុក​ក្នុង​ចិត្តថា​ វា​ក៏​មាន​ចំណុច​អវិជ្ជមាន​នៃ​ការ​ធ្លាក់​ចុះតម្លៃ​ប្រេង​ផង​ដែរ ជា​ពិសេស​ផល​ប៉ះពាល់លើ​ការ​ផ្លាស់​ប្តូរ​ថាមពល​ដែល​កំពុង​តែ​កើត​មាន​ឡើងក្នុង​ប្រទេស​ចិន។»

លោក Tan និងអ្នក​វិភាគ​ឯទៀត​បាន​យល់​ឃើញថា​ មធ្យោបាយ​មួយ​ដែល​អាជ្ញាធរ​អាច​ជួយ​បញ្ជៀស​បញ្ហានោះ​ គឺការ​តម្លើង​ពន្ធ​ប្រើ​ប្រាស់​ប្រេង​ក្នុង​ប្រទេស​នេះ​ ទោះបីជា​វា​ពុំមានប្រជាប្រិយភាព​ក៏ដោយ។ ប្រទេស​ចិន​បាន​តម្លើង​តម្លៃ​ពន្ធ​ប្រេងបី​ដង​ចាប់​តាំង​ពី​ខែ​វិច្ឆិកា។

លោក Tan មានប្រសាសន៍ថា៖ «បើ​តាម​ទ្រឹស្តី វា​ជា​រឿងល្អ​ ពីព្រោះ​ថា​ បើសិន​ជា​ពន្ធ​ដែល​តម្លើង​ក្នុង​ពេល​តម្លៃ​ប្រេង​ធ្លាក់ចុះ​នោះ​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រយោជន៍​បរិស្ថាន​ ឬ​ចំណាយ​លើ​ថាមពល​ដែល​អាច​ផលិត​ឡើង​វិញ​ នោះ​ជា​រឿង​ល្អ។»

លោក​បាន​បន្ថែម​ថា​ ទោះ​ជាយ៉ាងណា នៅមាន​បញ្ហា​មួយ​ នោះ​គឺ​តម្លាភាព។ ពលរដ្ឋ​ក្នុង​ប្រទេស​ចិន​ជា​ទូទៅ​បាន​ដឹង​តិច​តួច​ណាស់​អំពី​ថាតើ​រដ្ឋាភិបាល​កំណត់​អត្រា​ពន្ធ​របៀបណា​ ហើយ​តើ​មូលនិធិ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​របៀបណា​ក្រោយ​ពេល​ប្រមូល​បាន។

រដ្ឋាភិបាល​ចិន​បាន​ផ្តល់ឱកាស​ដ៏​តិចតួច​សម្រាប់ការ​ពិភាក្សា​ផ្សេងៗ​ផង​ដែរ​។ យោង​តាម​សារព័ត៌មាន​ China Digital Times ដែល​ចងក្រង​ឯកសារ​ទាក់ទិន​នឹងការ​ដាក់​បម្រាម​លើ​ការ​បញ្ចេញ​ផ្នែក​សារព័ត៌មាន​របស់​រដ្ឋា​ភិបាល​ចិន​ វេបសាយ​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ប្រាប់​មិន​ឲ្យមាន​ការ​បញ្ចេញ​យោបល់​រឿង​ការ​តម្លើង​ពន្ធ​ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​សប្តាហ៍​នេះ។

អ្នកវិភាគ​ខាង​ថាមពល​ លោក Matt Ferchen មាន​ប្រសាសន៍​ថា​ ចិន​មាន​ឱកាស​គិត​អំពី​ថា​តើ​ប្រេង​អាចបន្ស៊ី​គ្នា​យ៉ាង​ដូចម្តេច រវាងល្បាយ​ថាមពលនិង​តម្លៃ។

លោក​និយាយថា៖ «ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​មិន​បាន​ឮអំពី​គំនិត​ផ្តួចផ្តើម​ដ៏​មុតមាំ​ណាមួយ​ទេ​ទាក់ទិន​នឹង​បញ្ហា​នេះ។ អ្វី​ដែល​ខ្ញុំ​ឮគឺ​ការ​ស្តុក​ទុក​ប្រេង​កាន់​តែ​ច្រើន។»

លោក​បន្ថែម​ថា​ តម្លៃ​ប្រេងថោក​អាច​ប្រឈម​ជាមួយ​ការ​យល់​ឃើញ​ដែល​មាន​ជាយូរ​មក​ហើយអំពី​ទំនាក់ទំនង​ចិន​ជាមួយ​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​វត្ថុធាតុដើម។ ប្រទេស​មួយ​ចំនួន​ដូច​ជា​ វេណេស៊ុយអេឡា (Venezuela) ដែលពឹង​ពាក់​លើ​ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​ដើម្បី​ផ្គត់​ផ្គត់​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​ ឥឡូវ​នេះ កំពុង​សម្លឹង​រក​ជំនួយ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Matt Ferchen បាន​បន្ថែម​ថា៖​ «បើសិនពីមុន​វាមិន​ច្បាស់​ទេ ឥឡូវ​វា​គួរ​តែ​ច្បាស់​ណាស់​ហើយ​ ដែល​ថា​ មាន​អ្វី​ម្យ៉ាង​កំពុង​តែ​ដើរ​ខុស​ ឬ​នឹង​ដើរ​ខុស ជាមួយ​នឹង​ការ​វាយ​តម្លៃ​លើ​ទំនាក់​ទំនង​ឈ្នះឈ្នះ​បន្ថែម​ប្រភេទ​នេះ។ ឥឡូវ​នេះ​ចិន​យល់​ឃើញ​ថា​ខ្លួន​កំពុង​ស្ថិត​ក្នុង​ចំណុច​មួយ​ដ៏លំបាក។»

លោក Ferchen បាន​បន្ត​ថា​ ចិន​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ពិបាក​ក្នុង​ការ​បន្ថែម​ថវិកា​ទៅ​ក្នុង​ប្រទេស​ វេណេស៊ុយអេឡា​ ដើម្បី​ធានា​បាន​ថា​ ខ្លួន​អាច​បាន​មក​វិញ​នូវ​ការ​វិនិយោគ​របស់​ខ្លួន ឬ​ក៏​ត្រូវ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​មិត្តភាព​ដ៏អនុគ្រោះ​មួយនេះ។

អ្នក​ខ្លះ​ជឿជាក់​ថា​ អំណាច​ក្នុង​ការចរចារនៃ​ប្រទេស​ដែល​សម្បូរ​ធនធាន​អាច​ចុះ​ខ្សោយ​ ក៏ប៉ុន្តែ​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងនេះ ​ដូចជា​ចិន​ជាមួយ​វេណេស៊ុយអេឡា​ នឹង​នៅតែ​ខ្លាំង​ដូច​មុន​ពីព្រោះ​ថា​ប្រទេស​ទាំង​ពីរនេះ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។

កាល​ពីដើម​ខែនេះ​ ចិន​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រុម​មេដឹក​នាំ​លម្អៀង​ឆ្វេងនិយម​នៃប្រទេស​ក្នុង​ទ្វីប​អាមេរិក​ឡាទីន ហើយ​បាន​សន្យា​ផ្តល់​ឲ្យ​ពួក​គេ​នូវគម្រោង​ថ្នាក់​តំបន់​ដែល​មាន​ទឹក​ប្រាក់​ជាច្រើន​ពាន់​លាន​ដុល្លារ។ នៅ​ក្រោយ​កិច្ច​ប្រជុំ​មួយ​ថ្ងៃ​ ប្រធានាធិបតី​នៃ​ប្រទេស​ វេណេស៊ុយអេឡា​ លោក​ Nicolas Maduro ​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ការ​សន្យា​ផ្តល់​ទឹក​ប្រាក់​២០លាន​ពាន់​លាន​ដុល្លារ​ដើម្បី​ស្រោចស្រង់​ប្រទេស​របស់​លោក​ដែល​កំពុង​ជួប​បញ្ហា​។

មនុស្ស​មួយ​ចំនួន​និយាយ​ថា​ ការខិតខំ​ប្រឹង​ប្រែង​របស់​ចិន​ដែល​កំពុង​តែ​មាន​សន្ទុះ​នៅ​ក្នុង​ទ្វីប​អាមេរិក​ឡាទីន​នេះ​ គឺ​ជា​ការ​ប៉ុនប៉ង​ក្នុង​ការ​ទប់ទល់នឹង​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​ទ្វីប​នោះ។

លោក​ Yan Xuetong ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​ការ​បរទេស​នៃសាកលវិទ្យាល័យ​ Tsingha University នៅ​ទីក្រុង​ប៉េកាំង​ មាន​ប្រសាសន៍ថា​ វាជា​រឿង​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បង្កើន​ការ​ប្រឡូក​របស់​ប្រទេស​ចិន។

លោក​ Yan មាន​ប្រសាសន៍​ថា​ ហេតុផល​ដែល​ចិន​កំពុង​តែ​ពង្រីក​ការ​ប្រឡូក​របស់​ខ្លួន​ជាមួយ​ទ្វីប​អាមេរិកឡាទីន​ ដែល​រួមមានកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​នយោបាយ​នោះ គឺប្រើប្រាស់​ការ​ការ​ប្រឡូក​នយោបាយ​នោះ​ ដើម្បី​ពង្រឹង​និង​ធ្វើឲ្យ​មាន​ស្ថេរភាព​កិច្ច​ប្រតិបត្តិការ​សេដ្ឋកិច្ច​នៅទី​នោះ។

លោក​ Yan បាន​បន្ថែម​ថា​ ខណៈពេល​ដែល​តម្លៃ​ប្រេង​នឹង​នៅ​តែ​បន្តធ្លាក់​ចុះ​ក្នុង​ឆ្នាំ​នេះ​ បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាមេរិកឡាទីននឹង​ជួប​ប្រទះ​បញ្ហា​សេដ្ឋកិច្ច​មួយ​ចំនួន។ លោក​បាន​និយាយ​ថា បើសិន​ជា​គ្មាន​កម្លាំង​ជំរុញ​ក្នុង​ការ​ប្រឡូក​ផ្នែក​ន​យោបាយ​នោះ​ទេ​ សកម្មភាព​សេដ្ឋកិច្ច​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ​នឹង​ថយចុះ៕

ប្រែសម្រួលដោយ នៀម ឆេង

XS
SM
MD
LG