ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិតស.រ.អា.ទទួលបន្ទុកកិច្ចការប្រទេសកូរ៉េខាងជើងថាកិច្ចចរចាទទួលផលល្អ


ភ្ញៀវ ម្នាក់មើលផែនទីឧបទ្វីបកូរ៉េនៅសារមន្ទីរ DMZ ក្នុងតំបន់ហាមឃាត់ក្នុងទីក្រុង Goseong ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ភ្ញៀវ ម្នាក់មើលផែនទីឧបទ្វីបកូរ៉េនៅសារមន្ទីរ DMZ ក្នុងតំបន់ហាមឃាត់ក្នុងទីក្រុង Goseong ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Stephen Biegun អ្នកតំណាងពិសេស ស.រ.អា.សម្រាប់ប្រទេសកូរ៉េខាងជើងបាននិយាយថាកិច្ចចរចាជាមួយប្រទេសកូរ៉េខាងជើងដែលបានបញ្ចប់កាលពីថ្ងៃសុក្រនៅក្នុងក្រុង Pyongyang សម្រាប់ធ្វើការប្រុងប្រៀបជំនួបកំពូលលោកទីពីរជាមួយប្រទេសកូរ៉េខាងជើងនៅថ្ងៃទី២៧និងទី២៨ខែកុម្ភៈបានទទួលផលល្អ។

នៅពេលជួបជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Hyung-wha នៅថ្ងៃសៅរ៍នេះក្នុងក្រុងសេអ៊ូល លោក Biegun បានថ្លែងថា«យើងមិនដឹងទេថាតើជំនួបកំពូលលើកនេះនឹងមានផលបែបណាទេ។ក៏ប៉ុន្តែយើងកំពុងធ្វើការសន្ទនាជាមួយប្រទេសកូរ៉េខាងជើង។ហើយការពិភាក្សារបស់យើងបានផល»។

លោកប្រធានាធិបតីស.រ.អា. Donald Trump បានប្រកាសតាម Twitter កាលពីពេលមុននេះថាជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un នៅលើកនេះនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។

លោក Biegun បានមានប្រសាសន៍ដោយប្រើអក្សរកាត់នៃឈ្មោះជាផ្លូវការរបស់ប្រទេសកូរ៉េខាងជើងថា«លោកប្រធានាធិបតីរង់ចាំខ្លាំងណាស់ក្នុងការចាត់វិធានការបន្ទាប់ទៀត។យើងមានកិច្ចការពិបាកៗខ្លះត្រូវធ្វើជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតុកូរ៉េនៅចន្លោះពេលនេះនិងការជំនុំជំនួបកំពូលលើកទីពីរ។ខ្ញុំមានការទុកចិត្តថាប្រសិនបើភាគីទាំងពីរនៅតែមានការប្តេជ្ញា យើងអាចធ្វើឱ្យមានការជឿនលឿនពិតប្រាកដ»។

នៅក្នុង Tweet របស់លោក លោកប្រធានាធិបតីបាននិយាយបន្ថែមថា«ខ្ញុំទន្ទឹងនឹងជួបជាមួយលោកប្រធាន Kim និងជំរុញបុព្វហេតុសន្តិភាព»!

លោក Trump ក៏បាន tweet ដែរថា«នៅក្រោមការដឹកនាំរបស់លោក Kim Jong Un ប្រទេសកូរ៉េខាងជើងនឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចមួយក្នុងតំបន់។ លោកប្រហែលធ្វើឱ្យអ្នកខ្លះភ្ញាក់ផ្អើល ក៏ប៉ុន្តែលោក Kim មិនបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទេ ពីព្រោះខ្ញុំបានស្គាល់លោកហើយយល់ដោយពេញលេញថាលោកជាមនុស្សមានសមត្ថភាព។ប្រទេសកូរ៉េខាងជើងនឹងក្លាយទៅជារ៉ុក្កែតមួយបែបផ្សេងទៀតគឺរ៉ុក្កែតសេដ្ឋកិច្ច!»

XS
SM
MD
LG