ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​មាន​គោលដៅ​ដោះស្រាយ​វិបត្តិ​អត្រា​កំណើត​ទាប​ធ្ងន់ធ្ងរ


អ្នកស្រី​ Kim Mi-sung បំបៅ​កូនប្រុស​ក្នុងផ្ទះ​ក្នុងរដ្ឋធានី​សេអ៊ូល​ កូរ៉េខាង​ត្បូង​ ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៨។ អត្រា​កំណើត​របស់​ប្រទេស​នេះ​ បាន​ធ្លាក់ចុះ​ដល់០,៩៥​ ក្នុងឆ្នាំ​២០១៨។
អ្នកស្រី​ Kim Mi-sung បំបៅ​កូនប្រុស​ក្នុងផ្ទះ​ក្នុងរដ្ឋធានី​សេអ៊ូល​ កូរ៉េខាង​ត្បូង​ ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៨។ អត្រា​កំណើត​របស់​ប្រទេស​នេះ​ បាន​ធ្លាក់ចុះ​ដល់០,៩៥​ ក្នុងឆ្នាំ​២០១៨។

រដ្ឋាភិបាល​​កូរ៉េខាងត្បូង​ ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​៤​ក្នុង​ទ្វីប​អាស៊ី​ និង​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​បង្ក​កំណើត​ទាប​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក​ បន្ត​ប្រឈម​នឹង​បញ្ហា​ដោះស្រាយ​អត្រា​កំណើត​ដែល​កំពុង​តែ​ធ្លាក់​ចុះ។

អត្រា​បង្ក​កំណើត​របស់​កូរ៉េ​ខាង​ត្បូង ដែល​សំដៅ​លើ​ចំនួន​កូន​ក្នុង​អាយុ​កាល​មួយ​ជីវិត​របស់​ស្ត្រី បាន​ធ្លាក់​ចុះ​ដល់​០,៩៥ ត្រឹម​ត្រីមាស​ទី៣​នៃ​ឆ្នាំ២០១៨។

យោង​តាម​ក្រុម​ប្រជាសាស្រ្តវិទូ​ នេះ​ជា​លើក​ទី១​ហើយ​ដែល​អត្រា​កំណើត​បាន​ធ្លាក់​ចុះ​ក្រោម១​ និង​ស្ថិត​ឆ្ងាយ​ពី​អត្រា២,១​ ដែល​ជា​អត្រា​ចាំបាច់​ក្នុង​ការ​រក្សា​តុល្យភាព​ប្រជាសាស្ត្រ។

លោក​សាស្ត្រាចារ្យ​ បណ្ឌិត​ Jung Jae-hoon នៃ​សាកល​វិទ្យាល័យ​ស្រ្តី​សេអ៊ូល​ (Seoul Women's University) ចាត់​ទុក​ស្ថានភាព​បច្ចុប្បន្ន​នៃ​អត្រាកំណើត​ថា​ធ្ងន់ធ្ងរ។

លោក​បណ្ឌិត​ Jung​ បាន​បកស្រាយ​ថា៖ «បើ​ប្រៀបធៀប​អត្រា​កំណើត​របស់​កូរ៉េខាងត្បូង​ទៅនឹង​ប្រទេស​ដែល​ជា​សមាជិក​នៃ​អង្គការ​អភិវឌ្ឍន៍​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ឬ​ហៅ​កាត់ថា​ OECD នោះ​ប្រទេស​កូរ៉េ​ខាងត្បូង​គឺជា​ប្រទេស​តែ​មួយគត់​ ដែល​មាន​អត្រា​កំណើត​សរុប​ ស្ថិត​ក្រោម​១,៣»។ អត្រា​នេះ​ គឺជា​អត្រា​ទាប​ជាងគេ​បង្អស់​ក្នុង​កំណត់​ត្រា​ប្រជាជាតិ​គិត​ចាប់​តាំង​ពីឆ្នាំ២០០១​សម្រាប់​កូរ៉េ​ខាង​ត្បូង។

លោក​បាន​បន្ថែម​ថា៖ «ស្រប​នឹង​ស្ថានភាព​នេះ សង្គម​កូរ៉េខាងត្បូង​កំពុងតែ​ប្រែ​ក្លាយ​យ៉ាង​លឿន​ទៅ​ជា​សង្គម​ដែល​សម្បូរ​មនុស្ស​ចាស់»។
ក្មេងៗ​លែង​សត្វមេអំបៅ​ក្នុងព្រឹត្តិការណ៍​បួងសួង​ឲ្យកិច្ច​ប្រជុំ​កំពូល​អន្តរកូរ៉េ​ជោគជ័យ​ ក្បែរ​តំបន់​គ្មានយោធា​បែងចែក​ដែនដី​កូរ៉េទាំង​ពីរក្នុង​ខេត្ត Paju។
ក្មេងៗ​លែង​សត្វមេអំបៅ​ក្នុងព្រឹត្តិការណ៍​បួងសួង​ឲ្យកិច្ច​ប្រជុំ​កំពូល​អន្តរកូរ៉េ​ជោគជ័យ​ ក្បែរ​តំបន់​គ្មានយោធា​បែងចែក​ដែនដី​កូរ៉េទាំង​ពីរក្នុង​ខេត្ត Paju។

លោក​ Cho Sung-hoអ្នក​សិក្សា​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​កូរ៉េ​ដើម្បី​សុខភាព​និង​កិច្ចការ​សង្គម​ បាន​ភ្ជាប់​ការ​អត្រា​កំណើត​ធ្លាក់​ចុះ​របស់​កូរ៉េ​ខាងត្បូង​ទៅ​នឹង​កត្តា​ពីរ គឺ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​កូរ៉េខាងត្បូង​ដែល​ជ្រើសរើស​នៅ​លីវ​ និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​កូន ដែល​គូស្វាមី​ភរិយា​រៀបការ​រួច​ចង់បាន។

លោក​ Cho បាន​បន្ត​ថា៖ «ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​នៅ​លីវ​មាន​ចំនួន​៨០ភាគរយ​ ក្នុង​ចំណោម​កត្តា​ទាំងពីរ​ខាងលើ​នេះ»។

លោក​បាន​បន្ថែម​ថា​ នៅ​ចន្លោះ​ឆ្នាំ​១៩៩០​ដល់​២០១០​ ចំនួន​រៀប​អាពាហ៍ពិពាហ៍​នៅ​កូរ៉េ​ខាងត្បូង​ក៏​បាន​ធ្លាក់​ចុះ​ផងដែរ។

ស្ថានភាព​បែប​នេះ​ អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ ដូចជា​ការ​ចំណាយ​ប្រាក់​កាស​ច្រើន​លើ​ការ​ចិញ្ចឹម​បីបាច់​កូន​ សេវា​ថែរក្សា​កូន​ក្មេង​នៅ​មាន​កម្រិត​ និង​ការ​ធ្វើការ​ច្រើន​ម៉ោង។

ចំនួន​នៃ​សញ្ញា​ «តំបន់​គ្មាន​កូន» ក៏​កំពុង​តែ​លិចឡើង​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

លោក ​Jungបាន​និយាយ​ថា ការណ៍​នេះ​បង្ក​ឲ្យ​មាន​វប្បធម៌​រើសអើង​ចំពោះ​ក្រុម​គ្រួសារ​ដែល​មាន​កូន ហើយ​ត្រូវតែ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យបាន។ លោក​បាន​បន្ថែម​ថា៖ «វា​មិនមែន​ជា​ការ​ដោះ​ស្រាយ​បញ្ហា​អត្រា​កំណើត​ទាប​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​ដោះ​ស្រាយ​ប្រព័ន្ធ​សង្គម ​ដែល​រុញ​ច្រាន​ឲ្យ​មាន​អត្រា​កំណើត​ទាប​នេះ»។

ស្ត្រីវ័យ​ចំណាស់​ៗត្រៀម​ទម្លាក់​សន្លឹក​ឆ្នោតក្នុង​មណ្ឌល​បោះឆ្នោត​ក្នុងខេត្ត​ Nonsan កូរ៉េខាង​ត្បូង។
ស្ត្រីវ័យ​ចំណាស់​ៗត្រៀម​ទម្លាក់​សន្លឹក​ឆ្នោតក្នុង​មណ្ឌល​បោះឆ្នោត​ក្នុងខេត្ត​ Nonsan កូរ៉េខាង​ត្បូង។

ផល​ប៉ះពាល់​ដល់សង្គម

និន្នាការ​នៃ​អត្រា​កំណើត​ធ្លាក់​ចុះ​ដែល​នៅ​តែ​បន្ត​ចុះ​ទាប​បែបនេះ​នៅ​កូរ៉េខាងត្បូង​ បាន​នឹង​កំពុង​ជះឥទ្ធិពល​ដល់​ប្រទេស​នេះ​រួច​ទៅ​ហើយ។ សាលារៀន​ត្រូវ​បង្ខំ​ឲ្យ​បិទ​ទ្វារ ពីព្រោះ​មិន​មាន​ចំនួន​កូន​សិស្ស​គ្រប់​គ្រាន់ ហើយ​របរ​ជំនួញ​ផ្តល់​ម្ហូប​អាហារ​បីបាច់​ដល់​កូន​សិស្ស ​«ចាំ​បាច់​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់ បើ​មិន​ដូច្នោះ​ទេ​ នឹង​ត្រូវ​ដួល​រលំ»។

លោក​បាន​បន្ថែម​ថា​ ផល​ប៉ះពាល់​មួយ​ផ្សេង​ទៀត ដែល​អាច​នឹង​រីក​រាល​ដាល​ធំ ​ប្រសិន​បើ​វិបត្តិ​អត្រា​កំណើត​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ គឺ​ចំនួន​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ ឬ ​(Dependency ratio)។

លោក​ Jung បាន​ពន្យល់​ថា​ បច្ចុប្បន្ន​នេះ​ប្រជាជនវ័​យចំណាស់​ដែល​កំពុង​ធ្វើការ​ចំនួន​១០០នាក់​ ផ្តល់​មូលនិធិ​ដែលអនុញ្ញាត​ឲ្យ​ប្រជាជន​ចំនួន​៣៧នាក់ ទទួល​បាន​អត្ថប្រយោជន៍​សង្គម។ ប៉ុន្តែ ការ​ប្រមើល​មើល​ទៅ​ខាង​មុខ​បង្ហាញ​ថា​ ផល​ធៀប​នេះ​នឹង​អាច​កើន​ឡើង​ដល់​១០០​លើ​១០០ យ៉ាង​ហោច​ណាស់​ត្រឹមឆ្នាំ​២០៦០។

ប្រសិន​បើ​គ្មាន​ការ​ដោះស្រាយទេ នោះ​ស្ថានភាព​នឹង​កាន់តែ​អាក្រក់​ទៅ​រវាង​ប្រជាជន​ដែល​បាន​ចំណាយ​ថវិកា​តាម​រយៈ​ការ​បង់​ពន្ធ​ វប្បធម៌ និង​កិច្ចការ​ផ្សេងៗ​ជាច្រើន​ទៀត​ ហើយ​កំណើន​សេដ្ឋកិច្ច​ប្រទេស​នឹង​លែង​មាន​ ហើយ​វា​នឹង​ពិបាក​ក្នុង​ការ​រក្សា​ឲ្យ​បាន​សង្គម​មួយ​ដែល​មាន​ស្ថិរភាព។

ការ​ខំ​ប្រឹងប្រែង​លើក​កម្ពស់​កំណើត​ទារក

រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ចំណាយ​ថវិកា​ប្រមាណ១២១ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១៣ឆ្នាំ​ ដើម្បី​បង្កើន​អត្រា​កំណើត​របស់​ប្រជាជាតិ​ ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ។ លោក​ Cho ប្រមើល​មើល​ថា ​ភាព​បរាជ័យ​នេះ​អាច​នឹង​បន្ត​កើត​ឡើង។

លោក​ Cho បាន​បន្ត​ថា៖ «រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ចាប់​ផ្តើម​អនុវត្ត​ផែន​ការ​ទប់ទល់​នឹង​អត្រា​កំណើត​ទាប​កាល​ពី​ឆ្នាំ២០០៥​ តាមរយៈ​ផែនការ​មូលដ្ឋាន​ស្តីពី​អត្រា​កំណើត​ទាប​ក្នុង​សង្គម ​ដែល​សម្បូរ​មនុស្ស​ចាស់ ឬ​ភាសា​អង់គ្លេស​ហៅថា​ Basic Plans on Low Birth Rates in Aging Society»។

លោក​បាន​ពន្យល់​ថា​ បច្ចុប្បន្ន​នេះ​ផែនការ​ហ្នឹង​ស្ថិត​ក្នុង​ដំណាក់​កាលទី៣​ និង​ផ្តោត​សំខាន់​លើ​ការ​បំពេញ​បន្ថែម​លើ​សេវា​គាំពារ​កុមារ។

ថ្មីៗនេះ​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​បង្កើន​ចំនួន​ទឹក​ប្រាក់​ឧបត្ថម្ភ​ដល់​២៧០ដុល្លារ​ក្នុងមួយ​ខែ។ ប្រាក់​ឧបត្ថម្ភ​នេះ បាន​ធ្វើឲ្យ​អត្រា​អ្នក​មាន​ក្នុង​ប្រទេស​ កើន​បាន​១០ភាគរយ​ផង​ដែរ​ ដោយ​មិន​រាប់​បញ្ចូល​ការ​ឧបត្ថម្ភ​ពី​លើក​មុន។

កាលពី​ខែ​កញ្ញា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ ក៏បាន​ចាប់​ផ្តើម​ប្រព័ន្ធ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដោយ​ផ្តល់​ប្រាក់​ចំនួន​៨៨ដុល្លារ​ក្នុង​មួយខែ​ ដល់​ឪពុកម្តាយ​ណា​ដែល​មាន​កូន​អាយុ​ក្រោម​៥​ឆ្នាំ។ ក្រសួង​សុខុមាលភាព​សង្គម​កូរ៉េខាង​ត្បូង បាន​ប៉ាន់​ស្មាន​ថា​៩៣,៤ភាគរយ​នៃ​កុមារ​កូរ៉េខាងត្បូង​ ដែល​មាន​អាយុច្រើន​បំផុត​៥ឆ្នាំ ​នឹង​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​ឧបត្ថម្ភ​នេះ។

ក្រសួង​នេះ​បាន​បញ្ជាក់​ថា​ គម្រោង​នេះ​នឹង​បង្កើន​ចំនួន​មជ្ឈមណ្ឌល​គាំពារ​ទារក​ទូទាំង​ប្រទេស​ ក្នុង​គោលបំណង​ផ្តល់​សេវាដល់​កុមារ​កូរ៉េខាងត្បូង​ចំនួន​៤០ភាគរយ។

កិច្ច​ខំ​ប្រឹងប្រែង​មួយទៀត​ចាប់​ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ នឹង​អនុញ្ញាត​ឲ្យ​ឪពុកម្តាយ​ដែល​មាន​កូន​អាយុ​ក្រោម​៨ឆ្នាំ បន្ថយ​ម៉ោង​ធ្វើការ១​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​អាច​មក​ថែទាំ​កូនៗ​របស់​ពួកគេ។

ក្មេងៗ​លេងទឹក​បាញ់​ដើម្បី​បានត្រជាក់​ក្នុងរដូវក្តៅ​ខាង​មុខរូប​សំណាក​នាយ​ឧត្តមសេនីយ៍​ Lee Soon-shin ក្នុង​ខេត្ត​ Gwanghwamun។
ក្មេងៗ​លេងទឹក​បាញ់​ដើម្បី​បានត្រជាក់​ក្នុងរដូវក្តៅ​ខាង​មុខរូប​សំណាក​នាយ​ឧត្តមសេនីយ៍​ Lee Soon-shin ក្នុង​ខេត្ត​ Gwanghwamun។

​ចុង​ក្រោយ​នេះ ប្រាក់​លំហែ​បិតុភាព​នឹង​មាន​រយៈពេល​១០​ថ្ងៃ​ ដែល​កាល​ពីមុន​មាន​រយៈពេល​ត្រឹម​តែ​៣ថ្ងៃ។ ប្រហែល​១៣ភាគរយ​នៃ​បុរស​កូរ៉េ​ខាងត្បូង​កំពុង​បាន​ទទួល​ប្រយោជន៍​ពី​គម្រោង​នេះ។ បុគ្គលិក​បុរស​ដែល​សម្រេច​មិន​ទទួល​យក​ផល​ប្រយោជន៍​ពី​គម្រោង អាច​នឹង​ភ័យខ្លាច​ថា ​ការ​ឈប់​សម្រាក​ពី​កន្លែង​ធ្វើការ​នឹង​ធ្វើ​ឲ្យ​អាជីព​ការងារ​របស់​ពួកគេ ស្ថិត​ក្នុង​ស្ថានភាព​ប្រថុយប្រថាន​ ឬ​ខ្លាច​ការ​គិត​ដែល​ថា ពួកគេ​មិន​បាន​លះបង់​ស្មោះស្ម័គ្រ​នឹង​និយោជក​របស់​ពួកគេ។

លោក​ Cho បាន​បន្ថែម​ថា​ ផែនការ​មួយ​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​ គឺ​ផ្តោតលើ​ការ​បណ្តុះ​បណ្តាល​អាជីព​ដល់​ពលរដ្ឋ​នៅ​លីវ។

លោក​ Jung បាន​ប្រមើល​មើល​ថា​ ការ​ខំប្រឹង​ប្រែង​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ដែល​រដ្ឋាភិបាល​អាច​ធានា​បាន​នូវ​ប្រព័ន្ធ​សុខុមាលភាព​សង្គម​មួយ​ដ៏​ខ្លាំង​នៅ​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​ កោះ សុគន្ធី

XS
SM
MD
LG