សមាជិកសភាអាមេរិកាំងកំពុងធ្វើការដើម្បីបញ្ចៀសមិនឲ្យមានការបិទរដ្ឋាភិបាលមួយផ្នែកទៀត ដោយបន្ទាប់ពីការប្រជុំកាលពីថ្ងៃពុធម្សិលមិញ ពួកគេបានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយអំពីសន្តិសុខព្រំដែនអាចនឹងសម្រេចបាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែបានបន្ថែមថា ភាពផ្ទុយគ្នារវាងគណបក្សទាំងពីរនៅតែមានចំពោះផ្នែកសំខាន់ៗមួយចំនួននៃកិច្ចព្រមព្រៀងដែលអាចនឹងសម្រេចបាននេះ។
គណៈកម្មាធិការនៃគណបក្សទាំងពីរ ដែលមានកាតព្វកិច្ចរៀបចំគម្រោងមួយ ដើម្បីបង្កើនសន្តិសុខព្រំដែនសហរដ្ឋអាមេរិក មុនពេលថវិកាចំណាយរបស់រដ្ឋាភិបាលសហព័ន្ធផុតកំណត់នៅថ្ងៃទី ១៥ ខែកុម្ភៈខាងមុខនេះ បានពិភាក្សាជាលក្ខណៈឯកជនជាមួយនឹងមន្ត្រីផ្នែកគយ និងការពារព្រំដែន។
លោក Dick Durbin សមាជិកជាន់ខ្ពស់មួយរូបខាងគណបក្សប្រជាធិបតេយ្យ និងជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Illinois និយាយដូច្នេះថា៖ «យើងទាំងអស់គ្នាគិតថាត្រូវសម្រេចកិច្ចព្រមព្រៀងមួយឲ្យបានឆាប់ ហើយខ្ញុំជឿថា យើងគួរតែធ្វើ»។
លោក Chuck Fleischmann សមាជិករដ្ឋសភាប្រចាំរដ្ឋ Tennessee ខាងគណបក្សសាធារណរដ្ឋ និយាយថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយម។ មានអ្នកមានគំនិតល្អៗជាច្រើននៅក្នុងបន្ទប់ប្រជុំ»។
នៅពេលនោះដែរ សមាជិកសភាទាំងនោះក៏បានទទួលស្គាល់ផងដែរថា ភាពផ្ទុយគ្នារវាងគណបក្សទាំងពីរនៅតែមិនទាន់បានដោះស្រាយនៅឡើយទេ។
លោក Durbin បាននិយាយថា ការប្រជុំកាលពីថ្ងៃពុធម្សិលមិញបានធ្វើឲ្យលោកកាន់តែជឿថា ការសាងសង់ជញ្ជាំងព្រំដែនសហរដ្ឋអាមេរិកនៅភាគខាងត្បូងគឺគ្មានប្រសិទ្ធភាព និងខ្ជះខ្ជាយថវិកាឥតប្រយោជន៍។ លោកថា មន្ត្រីព្រំដែនបានបញ្ជាក់ថា ភាគច្រើននៃការជួញដូរថ្នាំញៀនខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិកគឺតាមច្រកព្រំដែនស្របច្បាប់ មិនមែនតាមខ្សែព្រំដែនចំហចោលនោះទេ៕