ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson៖ កូរ៉េ​ខាង​ជើង​គួរ​បញ្ឈប់​ការ​សាកល្បង​មីស៊ីល​ដើម្បី​បញ្ជាក់​ថា​ខ្លួន​ត្រៀម​រួច​រាល់​សម្រាប់​ការ​ចរចា


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ជួប​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov នៅ​​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ជួប​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov នៅ​​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ជំហាន​ដ៏​ប្រសើរ​បំផុត​ដែល​កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការ​ពិភាក្សា​ណា​មួយ​នោះ គឺ​ការ​បញ្ឈប់​ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​ខ្លួន។

លោក Tillerson បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «មិន​មាន​ពេល​ណា​មួយ​ដែល​កូរ៉េ​ខាង​ជើង​មិន​ធ្វើ​សកម្មភាព​គគ្លើន ដោយ​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​នោះ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា ការ​បញ្ឈប់​ការ​បាញ់​គ្រាប់​មីស៊ីល​ទាំង​នេះ គឺ​ជា​សញ្ញា​ដំបូង និង​ខ្លាំង​ជាង​គេ​បំផុត​មួយ​ដែល​ពួកគេ​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​បាន [ដើម្បី​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​ត្រៀម​រួច​រាល់​ក្នុង​ការ​ចរចា]»។

លោក Tillerson ថ្លែង​ដូច្នេះ នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដែល​នៅ​ទី​នោះ លោក​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​វេទិកា​ថ្នាក់​តំបន់​របស់​សមាគម​អាស៊ាន។

លោក​បាន​បន្ថែម​ថា ការ​អនុម័ត​ជា​ឯកច្ឆន្ទ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បាន​ផ្ញើ​សារ​ឲ្យ​ដឹង​ថា សហគមន៍​អន្តរជាតិ​ទាំង​មូល​មិន​អាច​ទទួល​យក​បាន​នូវ​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​ដូច​នេះ​នោះ​ទេ ហើយ​សហគមន៍​អន្តរជាតិ​ចង់​ឃើញ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

នៅ​ថ្ងៃ​ចន្ទ​នេះ កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ទាំង​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ខ្លួន ដោយ​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​សងសឹក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក «រាប់​ពាន់​ដង»។ ជាង​នេះ​ទៅ​ទៀត កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ឡើង​វិញ​អំពី​ជំហរ​របស់​ខ្លួន​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មិន​អាច​បង្ខំ​ឲ្យ​ខ្លួន​ចរចា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ និង​បាន​បន្ថែម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រាកដ​ជា​យល់​ខុស បើ​គិត​ថា​មាន​សុវត្ថិភាព​ដោយសារ​តែ​មាន​មហា​សមុទ្រ​ខណ្ឌ​ចែក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ៕

XS
SM
MD
LG