អាជ្ញាធរស.រ.អ.កំពុងស៊ើបអង្កេតអំពីលទ្ធភាពនៃការមានឧប្បត្តិហេតុបាញ់កាំភ្លើងដោយសកម្មមួយ នៅឯមណ្ឌលពេទ្យនៃកងទ័ពជើងទឹកស.រ.អ.ក្នុងក្រុង San Diego រដ្ឋ California ក៏ប៉ុន្តែបាននិយាយថា ការឆែកឆេរដំបូងពួកគេមិនបានរកឃើញជនរងគ្រោះឬអ្នកបាញ់កាំភ្លើងណាម្នាក់ទេ។
អាជ្ញាធរបានរាយការណ៍ថាសាក្សីម្នាក់បានឮស្នូរកាំភ្លើងបីគ្រាប់នៅក្នុងជាន់ក្រោមដីនៃអគារលេខ២៦នៃមណ្ឌលពេទ្យនេះ ដោយអាជ្ញាធរមន្ទីរពេទ្យនេះបានណែនាំមនុស្សនៅក្នុងអគារនោះឱ្យ «រត់ លាក់ខ្លួន ឬប្រយុទ្ធ។»
នៅពេលនេះក្រុមអាជ្ញាធរកំពុងធ្វើការឆែកឆេរបន្ថែមទៀតនៅក្នុងអគារនោះ។
គេបានបិទអគារនេះហើយ នៅពេលដែលអាជ្ញាធរធ្វើការស៊ើបអង្កេត។ អគារលេខ២៦មានកន្លែងហាត់ប្រាណ ការិយាល័យ និងបន្ទាយសម្រាប់ពួកទាហានជើងទឹកនិងទាហានម៉ារីនដែលត្រូវរបួស៕