សហរដ្ឋអាមេរិក នឹងមានករណីអ្នកឆ្លងវីរុសកូរ៉ូណាលើសពីចំនួន៦លាននាក់ ក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលអាមេរិក ក៏មានចំនួនអ្នកស្លាប់នាំមុខប្រទេសនានានៅលើពិភពលោកដោយមានអ្នកស្លាប់ចំនួន១៨៣.០០០នាក់ ត្រឹមថ្ងៃច័ន្ទ។
តាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រដ្ឋរបស់អាមេរិកនៅភាគកណ្តាលចំនួនបួន មានករណីឆ្លងកូវីដ១៩ក្នុងមួយថ្ងៃ ដែលនេះ ជាចំនួនកើនឡើងច្រើនមិនធ្លាប់មាន។ រដ្ឋទាំងនោះ គឺរដ្ឋ Iowa មានអ្នកឆ្លងប្រមាណ៧៨៥នាក់ រដ្ឋ North Dakota មានអ្នកឆ្លង៣៧៥នាក់ រដ្ឋ South Dakota មានអ្នកឆ្លង៤២៥នាក់ និងរដ្ឋ Minnesota មានអ្នកឆ្លងប្រមាណ១.០០០នាក់។
ទន្ទឹមនឹងនេះ រដ្ឋMontana និងរដ្ឋ Idaho បានឲ្យដឹងថា ខ្លួនមានអ្នកជំងឺកូវីដ១៩ដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនខ្ពស់មិនធ្លាប់មានផងដែរ។
ទោះបីជាបណ្តារដ្ឋនៅភាគកណ្តាលសហរដ្ឋអាមេរិក ជាតំបន់ដែលមានការផ្ទុះរាតត្បាតថ្មីនៃជំងឺកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែ ចំនួនអ្នកស្លាប់ដោយសារជំងឺនេះ ការចូលសម្រាកពេទ្យព្យាបាល អត្រាអ្នកឆ្លងវិជ្ជមាន និងករណីរថ្មីៗនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកទាំងមូល មានការថយចុះ។
តាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា រហូតមកដល់ពេលនេះនៅទូទាំងពិភពលោក អ្នកឆ្លងដោយសារជំងឺកូវីដ១៩ មានចំនួនជាង២៥លាននាក់ និងមានអ្នកស្លាប់ជាង៨សែននាក់៕