ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​​អាមេរិក​ប្រកាស​បន្ធូរ​បន្ថយ​​ការ​តម្រូវ​​ឲុ្យ​ធ្វើ​តេស្ត​រក​កូវីដ១៩


រូបឯកសារ៖ គ្រូពេទ្យ​កំពុង​យក​សំណាក​ពី​ច្រមុះ​របស់​អ្នក​ទៅ​ទទួល​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០២០។
រូបឯកសារ៖ គ្រូពេទ្យ​កំពុង​យក​សំណាក​ពី​ច្រមុះ​របស់​អ្នក​ទៅ​ទទួល​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០២០។

អ្នក​ជំនាញ​ខាង​សុខភាព​បាន​សម្តែង​ការ​បារម្ភ​ខ្លាំង​ចំពោះ​ការ​បន្ធូរបន្ថយនា​ពេល​ថ្មីៗ​នេះ​នូវ​វិធានការ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ ​របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​ ហៅ​កាត់​ថា​ CDC។​

មជ្ឈមណ្ឌល CDC បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​ដែល​ទៅ​ជិត​អ្នកកើតជំងឺ​កូវីដ​១៩​ មិន​ចាំបាច់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ទេ​ ប្រសិន​បើ​គេ​មិន​មាន​ចេញ​រោគសញ្ញា​ណា​មួយ​នោះ។​ ក្នុង​ពេល​កន្លង​មក​ស្ថាប័ន​មួយ​នេះ​ បាន​ណែនាំ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែលបាន​ទៅជិត​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ ក្នុង​ចម្ងាយ​ជិត​ជាង​៦ហ្វីត ឬ​តិច​ជាង២ម៉ែត្រ​ ក្នុង​រយៈពេល​១៥នាទី ត្រូវ​ធ្វើ​តេស្ត​ដើម្បី​រក​មើលវីរុស​កូរ៉ូណា។

ទោះបី​ជា​យ៉ាង​នេះ​ក្តី​ CDC ពុំ​បាន​ធ្វើ​ការពន្យល់​ណា​មួយជុំវិញការ​ផ្លាស់​ប្តូរ​សេចក្តី​ណែនាំ​របស់ខ្លួ​ន​នោះ​ទេ ដែល​ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកជំនាញ​ខាង​វិស័យ​សុខាភិបាល​បារម្ភ​ថា​ សេចក្តី​ប្រកាស​ថ្មី​នេះរបស់ CDC​ នេះ ​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ធ្វើ​តេស្ត​រកជំងឺឆ្លង​កូវីដ​១៩។ ​

​វេជ្ជបណ្ឌិត Leena Wen គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​និង​ជាសាស្ត្រាចារ្យ​ផ្នែក​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ George Washington បាន​និយាយ​ថា ការ​តាម​រក​អ្នក​ដែល​បានស្ថិត​នៅ​ជិត​អ្នក​កើត​ជំងឺកូវីដ​១៩​ គឺ​មាន​សារៈសំខាន់ ព្រោះ​៥០%​នៃ​ការ​កើត​ជំងឺ​កូវីដ១៩ កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​មិន​មាន​ចេញ​រោគសញ្ញា​ណាមួយនោះ​ទេ។

មជ្ឈមណ្ឌល​ CDC នៅ​តែ​បន្ត​ណែនាំ​ឲ្យ​មនុស្ស​ដែល​ងាយ​ទទួល​រង​គ្រោះ ត្រូវ​ធ្វើ​តេស្ត​រកជំងឺ​ឆ្លង​កូវីដ​១៩ ប្រសិន​បើ​ពួក​គេ​បាន​ស្ថិត​នៅ​ជិត​អ្នក​ដែល​ឆ្លងវីរុស​នោះ។ អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាលនិង​សុខុមាលភាពពលរដ្ឋ​ បាន​និយាយ​នៅ​ថ្ងៃអង្គារ​ថា​ គេ​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឬ​មន្ត្រី​សុខភាព​សាធារណៈ​ ដើម្បី​កំណត់​ថាតើ​ពួក​គេ​ត្រូវ​ការ​ធ្វើ​តេស្ត​ដែរ​ឬ​ទេ៕

XS
SM
MD
LG