សហរដ្ឋអាមេរិកនិងប្រទេសតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានចាប់ផ្ដើមធ្វើសមយុទ្ធលើផ្ទៃសមុទ្រចំនួន៥ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃចន្ទដែលជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងនិងសន្តិសុខរួមនៅលើដែនសមុទ្រជាប់នឹងតំបន់មានជម្លោះដណ្តើមដែនអធិបតេយ្យរវាងប្រទេសអាស៊ានខ្លះនិងប្រទេសចិន គឺដែនសមុទ្រចិនខាងត្បូង ដែលកំពុងមានវិវាទដ៏ខ្លាំងក្លានោះ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងរបស់ឧត្តមនាវីត្រីនៃកងទ័ពជើងទឹកអាមេរិក Murray Joe Tynch ក្នុងសន្និសីទព័ត៌មានតាមប្រព័ន្ធទូរសព្ទកាលពីថ្ងៃចន្ទ គឺនៅថ្ងៃដែលលោកបានដឹកនាំការធ្វើសមយុទ្ធយោធា ចាប់ផ្តើមពីប្រទេសថៃដល់សិង្ហបូរីនោះ។
«យើងចាំបាច់ត្រូវពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ហើយរឿង នេះហើយដែលយើងត្រូវមានការធ្វើសមយុទ្ធយោធានេះ។ការផ្តោតការយកចិត្តទុក ដាក់នោះគឺការកសាងនិងរក្សាហើយនឹងពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹង ប្រទេសអាស៊ានទាំងអស់ ហើយនឹងចែករំលែកតម្លៃរួមគ្នា»។
សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចំនួន ៨ គ្រឿង យន្តហោះចម្បាំង ៤ គ្រឿង និងទាហានចំនួនជាង ១ពាន់នាក់។
សមយុទ្ធដែនសមុទ្រអាស៊ានសហរដ្ឋអាមេរិកលើកដំបូងនេះបានចាប់ផ្ដើមដំបូងនៅមូលដ្ឋានទាហានជើងទឹក Sattahip ប្រទេសថៃ និងបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី គឺ នៅមួយផ្នែកនៃតំបន់ដែលប្រទេសអាស៊ានដូចជាវៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ីមានការទាមទារដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងពីប្រទេសចិនដែលចង់ គ្រប់គ្រងផ្តាច់មុខតែម្នាក់ឯង។
សមយុទ្ធនេះដឹកនាំដោយទាហានជើងទឹកសហរដ្ឋអាមេរិក និងទាហានជើងទឹកថៃ។ សមយុទ្ធនេះនឹងធ្វើឡើងចូលក្នុង «ដែនទឹកអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានទាំងឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងផងដែរ» មុនពេលបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
លោកនាយកឧត្ដមនាវីត្រី Joey Tynch ដែលដឹកនាំកិច្ចសហប្រតិបត្តិការសន្តិសុខទាហានជើងទឹកសហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា៖ «សមយុទ្ធដែនសមុទ្រអាស៊ានសហរដ្ឋអាមេរិកនេះកសាងសន្តិសុខដែនសមុទ្រប្រសើរជាងមុនលើកម្លាំងរបស់អាស៊ាន កម្លាំងនៃកិច្ចសហប្រតិបត្តិការរវាងទាហានជើងទឹក និងទាហានជើងទឹក និងកម្លាំងនៃការជឿជាក់រួមគ្នារបស់យើងថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់សេរី និងបើកចំហ»។ លោកបានបង្ហាញឲ្យដឹងថាសមយុទ្ធយោធារួមជាមួយអាស៊ានដែលមាន១០ប្រទេសក្នុងប្លុកតែមួយនេះ គឺធ្វើឡើងមិនមែនដើម្បីរករឿងក្នុងតំបន់ដែលចិនដែលកំពុងមានច្បាមយកឥទ្ធិពលនិងបញ្ហាជាមួយប្រទេសក្នុងតំបន់អាស៊ាននៅសមុទ្រចិនខាងត្បូងនោះទេ តែគឺដើម្បីកិច្ចសហប្រតិបត្តិការសន្តិសុខតំបន់អាស៊ាន តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកមានកាត្វកិច្ចត្រូវបំពេញ៕