ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា សមយុទ្ធ​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​អាច​ប៉ះពាល់​ដល់​ការ​ពិភាក្សា​រឿង​នុយក្លេអ៊ែរ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​តំបន់​គ្មាន​យោធា នៅ​ក្នុង​ក្រុង Panmunjom ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រិះគន់​គម្រោង​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ខែ​ក្រោយ ដោយ​បាន​លើក​ឡើង​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ពិភាក្សា​កម្រិត​ការងារ​របស់​កូរ៉េ​ខាង​ជើង​អំពី​រឿង​នុយក្លេអ៊ែរ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ ដែល​ហៅ​កាត់​ថា KCNA ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បញ្ជាក់​ថា សមយុទ្ធ​នេះ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​កាល​ពី​ឆ្នាំ​មុន​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

សេចក្ដី​ប្រកាស​នេះ​បាន​សរសេរ​ដោយ​យោង​ទៅ​លើ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​ដែល​មិន​បញ្ចេញ​ឈ្មោះ​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹង​តាមដាន​មើល​វិធានការ​នៅ​ពេល​ខាង​មុខ​របស់​សហរដ្ឋ​អាមេរិក ហើយ​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទាក់ទិន​នឹង​ការ​ពិភាក្សា​កម្រិត​ការងារ [ជាមួយ​នឹង​ប្រទេស​នេះ]»។

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​បាន​ឯកភាព​គ្នា​ថា​នឹង​រៀបចំ​ការ​ពិភាក្សា​កម្រិត​ការងារ បន្ទាប់ពី​មាន​ការ​ជួប​ពិភាក្សា​ខ្លី​មួយ​កាល​ពី​ចុង​ខែ​មុន​រវាង​លោក Trump និង​លោក Kim Jong Un នៅ​តំបន់​គ្មាន​យោធា DMZ ដែល​បែងចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ។

នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ឆ្នាំ​មុន លោក Trump យល់ព្រម​បន្ថយ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ប៉ុន្តែ កូរ៉េ​ខាង​ជើង​នៅតែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG