នាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនិងកងនាវាអមដំណើរបានបើកកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃអង្គារនៅពេលមានកំណើនភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែក។
នេះជាលើកដំបូងហើយដែលនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងនិងកងនាវាអមដំណើររបស់សហរដ្ឋអាមេរិកបានបើកកាត់ផ្លូវទឹកសំខាន់នេះចាប់តាំងពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិកាំងមួយគ្រឿងកាលពីខែមិថុនានៅក្នុងតំបន់នោះ។
សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា កងនាវាចម្បាំង Abraham Lincoln បានបើកកាត់ច្រកសមុទ្រនេះដោយគ្មានឧប្បត្តិហេតុទេ។
ភាពតានតឹងនៅក្នុងឈូងសមុទ្រពែកបានកើនខ្លាំងឡើងៗចាប់តាំងពីមានការវាយប្រហារកាលពីរដូវក្តៅមុនទៅលើនាវាដឹកប្រេងនៅក្នុងតំបន់នោះនិងទៅលើកន្លែងថាមពលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានធ្វើការវាយប្រហារនោះដែលជាការចោទប្រកាន់មួយអ៊ីរ៉ង់បានបដិសេធ។
ប្រេងប្រមាណមួយភាគប្រាំនៃពិភពលោកបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ។ប្រទេសអ៊ីរ៉ង់បានគំរាមកំហែងបិទច្រកសមុទ្រនេះប្រសិនសត្រូវខ្លួនដូចជាសហរដ្ឋអាមរិកជាដើមធ្វើសកម្មភាពអរិភាពប្រឆាំងនឹងខ្លួន៕