ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​ពិចារណា​ឆ្លើយតប​ចំពោះ​ការ​រឹប​អូស​របស់​អ៊ីរ៉ង់​នូវ​កប៉ាល់​ដឹក​ប្រេង Stena Impero


រូបភាព​ឯកសារ៖ កប៉ាល់​ប្រេង​ធ្វើ​ដំណើរ​នៅ​ក្នុង​ច្រក​សមុទ្រ Hormuz កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ កប៉ាល់​ប្រេង​ធ្វើ​ដំណើរ​នៅ​ក្នុង​ច្រក​សមុទ្រ Hormuz កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី Theresa May នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ​ជាមួយ​នឹង​រដ្ឋមន្ត្រី និង​មន្ត្រី​សន្តិសុខ​នានា សម្រាប់​ការ​ពិភាក្សា​ជា​បន្ទាន់​អំពី​វិធី​ដោះស្រាយ​បញ្ហា​ដែល​ប្រទេស​អ៊ីរ៉ង់​រឹប​អូស​យក​កប៉ាល់​ដឹក​ប្រេង​ដែល​មាន​ដោត​ទង់​ជាតិ​អង់គ្លេស​នៅ​ក្នុង​ច្រក​សមុទ្រ Hormuz។

ក្នុង​ចំណោម​ការ​ឆ្លើយតប​ដែល​អង់គ្លេស​អាច​កំពុង​ពិចារណា​នោះ​គឺ​ក្ដី​រំពឹង​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់។ រដ្ឋាភិបាល​របស់​អ្នកស្រី May គ្រោង​នឹង​ជូន​ដំណឹង​ទាន់​ហេតុការណ៍​ដល់​សមាជិក​រដ្ឋសភា​អង់គ្លេស​អំពី​ស្ថានការណ៍​នេះ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។

នៅ​ក្នុង​អាត់​សំឡេង​អំពី​ហេតុការណ៍​នេះ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Dryad Global ដែល​ជា​ក្រុមហ៊ុន​ហានិភ័យ​សន្តិសុខ​ដែន​សមុទ្រ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ កប៉ាល់​អង់គ្លេស​បាន​ព្រមាន​នាវា​យាម​ល្បាត​របស់​អ៊ីរ៉ង់​មិន​ឲ្យ​រារាំង​ការ​ធ្វើ​ដំណើរ​របស់​កប៉ាល់​ដឹក​ប្រេង Stena Impero តាម​ច្រក​សមុទ្រ Hormuz។ ភ្លាមៗ​បន្ទាប់​មក ក្រុម​កុម្ម៉ង់ដូ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ទម្លាក់​ខ្លួន​ពី​លើ​ឧទ្ធម្ភាគចក្រ និង​បាន​រឹប​អូស​កប៉ាល់​នេះ។

នៅ​ក្នុង​អាត់​សំឡេង​នោះ គេ​ឭ​មន្ត្រី​ទាហាន​ជើង​ទឹក​អង់គ្លេស​និយាយ​ថា កប៉ាល់​ដឹក​ប្រេង​នេះ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ ដូច្នេះ​មិន​អាច​ត្រូវ​បាន «រារាំង‍» ក្នុង​ប្រការ​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​មន្ត្រី​អ៊ីរ៉ង់​បាន​ប្រាប់​កប៉ាល់​ដឹក​ប្រេង​នោះ​ឲ្យ​ប្ដូរ​ទិសដៅ​ផ្សេង ដោយ​និយាយ​ដូច្នេះ​ថា៖ «បើ​អ្នក​គោរព​តាម អ្នក​នឹង​មាន​សុវត្ថិភាព។ ប្ដូរ​ទិសដៅ​របស់​អ្នក ៣៦០ ដឺក្រេ​ភ្លាម!‍»។

អ៊ីរ៉ង់​នៅតែ​បន្ត​ឃាត់​ទុក​កប៉ាល់​ដឹក​ប្រេង​នេះ និង​នាវិក​ចំនួន ២៣ នាក់​ដែល​ជិះ​លើ​កប៉ាល់​នោះ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌា ១៨ នាក់ ជនជាតិ​រុស្ស៊ី ៣ នាក់ ជនជាតិ​ឡេតូនី​ម្នាក់ និង​ជនជាតិ​ហ្វីលីពីន​ម្នាក់ ប៉ុន្តែ​បាន​និយាយ​ថា នាវិក​ទាំង​នោះ​មាន​សុវត្ថិភាព​ល្អ​ទេ។

អង់គ្លេស​បាន​ហៅ​ការ​រឹប​អូស​កប៉ាល់​ដឹក​ប្រេង Stena Impero នេះ ថា​ជា «ទង្វើ​ប្រឆាំង‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG