ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ស.រ.អា.​និង​ភូមា​ចរចា​អំពី​ការ​ជឿនលឿន​ផ្នែក​នយោបាយ​និង​សិទ្ធិ​មនុស្ស

  • Ron Corben

លោក Tom Malinowski ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស ​និង​ខាង​ការងារ​និយាយ​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ាណាម៉ា (Manama) ប្រទេស​បារ៉ែន​ (Bahrain)​ កាលពី​ព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០១៤។

ក្រុម​មន្ត្រី​ស.រ.អា.​និង​ភូមា​បាន​ធ្វើការ​ចរចា​គ្នា​ក្នុង​សប្តាហ៍​នេះ​អំពី​ការ​ត្រួតត្រា​ស៊ីវិល​លើ​ក្រុម​យោធា​ បញ្ហា​ក្រុម​អ្នក​ទោស​នយោបាយ​ សិទ្ធិ​ខាង​ដី​ធ្លី​ និង​បញ្ហា​ឯទៀតៗ។​

នៅ​ទី​បញ្ចប់​នៃដំណើរ​ទស្សនកិច្ច​នេះ​ ប្រេសិត​ពិសេស​ស.រ.អា.​ម្នាក់​ខាង​សិទ្ធិ​មនុស្ស​បាន​សម្តែង​កង្វល់​អំពី​កំណែ​ទម្រង់​នយោបាយ​ក្នុង​ប្រទេស​ភូមា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ។​

នៅ​ក្នុង​កិច្ចចរចា​ជាមួយ​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ភូមា​ លោក​ Tom​ Malinowski ​ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស ​និង​ខាង​ការងារ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ស.រ.អា.​ខ្វល់​ខ្វាយ​អំពី​ផល​ប៉ះពាល់​នៃ​ការ​មិន​អត់ឳន​ខាង​សាសនា​ទៅ​លើ​ការ​កែ​ទម្រង់​ខាង​ប្រជាធិបតេយ្យ​នៅ​ពេល​អនាគត។​

«យើង​បាន​សម្តែង​កង្វល់​ថា​ការ​ប្រើប្រាស់​សាសនា​ ជា​ពិសេស​ដើម្បី​បំបែកបំបាក់​ប្រជារាស្ត្រ​ ទោះ​ណា​ជា​រឿង​នេះ​បាន​ត្រូវ​ធ្វើ​ដើម្បី​គោលបំណង​នយោបាយ​ឬ​ដើម្បី​គោលដៅ​ឯទៀតៗ​ក៏​ដោយ។​ វា​នាំ​ឱ្យមាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​មាន​ការ​បោះឆ្នោត។​ យើង​បាន​សម្តែង​កង្វល់​ថា​នេះ​ជា​ការ​លេង​ជាមួយ​ភ្លើង​និង​ជា​ការ​ដាក់​ប្រទេស​ឱ្យ​មាន​គ្រោះថ្នាក់​ដែល​ខ្លួន​មិន​បាន​ប្រុង​ប្រៀប​ដោះ​ស្រាយ»។​

អត្ថាធិប្បាយ​របស់​លោក ​Malinowski ​មាន​ទ្បើង​នៅ​ចុងបញ្ចប់​នៃ​កិច្ច​ចរចា​ដែល​មាន​គោលដៅ​វាយ​តម្លៃ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ភូមា​តាម​រយៈ​ការ​សន្ទនា​ខាង​សិទ្ធិមនុស្ស​រវាង​ស.រ.អា.​និង​ប្រទេស​ភូមា។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រូម​មួយ​នៅ​ចុងបញ្ចប់​នៃ​ការ​សន្ទនា​ទីពីរ​ខាង​សិទ្ធិមនុស្ស​ ស.រ.អា.​បាន​និយាយ​ថា​ខ្លួន​ទទួល​ស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​វិជ្ជមាន​ដែល​រដ្ឋាភិបាល​ភូមា​បាន​ធ្វើ​ក្នុង​ការ​ដោះស្រាយ​ឧបសគ្គ​ខាង​សិទ្ធិ​មនុស្ស​ កិច្ច​ខិតខំ​ប្រឹងប្រែងដើម្បី​ធ្វើ​ការ​សន្ទនា​ប្រកប​ដោយ​ផល​ប្រយោជន៍​អំពីសិទ្ធិ​ខាង​ពលកម្ម​និង​ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នៃ​ប្រទេស​ភូមា។​

ក៏​ប៉ុន្តែ​លោក​ Milinowski​ បាន​និយាយថា​មាន​ការ​ព្រួយបារម្ភ​ថាកម្មវិធី​កែទម្រង់​កំពុង​បាត់​បង់​សន្ទុះដោយសារ​មាន​ការ​បន្ត​ការ​ចាប់​ខ្លួន​អ្នក​ទោស​សតិសម្បជញ្ញៈ​និង​ការ​ប្រយុទ្ធ​ដែល​មាន​ធ្វើ​ត​ទៅ​ទៀត​រវាង​កងយោធា​របស់​រដ្ឋាភិបាល​ភូមា​និង​ក្រុម​ជន​អំបូរ​ភាគតិច​នៅ​ក្នុង​ផ្នែក​ឦសាន​ប្រទេស។​

«មាន​ការ​សង្ស័យ​ជាច្រើន​នៅ​ក្នុង​មជ្ឈដ្ឋាន​ខ្លះ​អំពី​ថា​តើ​ដំណើរ​ការ​កែ​ទម្រង់​មាន​ធ្វើ​តទៅ​ទៀត​ឬទេ​ និង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​តាន​តឹង​នឹង​បញ្ហា​ឯទៀតៗ​ដែល​អាច​កើត​មាន​បាន​នៅ​ក្នុង​ឆ្នាំ​មួយ​ដែល​ការ​បោះឆ្នោត​ជា​បញ្ហា​សំខាន់​បំផុត​នៅ​ក្នុង​ចិត្ត​គំនិត​របស់​ប្រជារាស្ត្រ​ភូមា»។​

លោក​បាន​និយាយ​ថា​សំណួរ​សំខាន់​បំផុត​គឺ​ថា​តើ​រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ទុក​ចិត្ត​ជា​ទូទៅ​បាន​ឬ​ទេ។​ ការ​ចរចា​គ្នា​ជុំ​ទី​មួយ​ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ឆ្នាំ២០១២​នៅ​ពេល​ដែល​ប្រទេសភូមា​បាន​ធ្វើការ​កែទម្រង់​ដំបូង​ដែល​បាន​ត្រូវ​កត់​សម្គាល់​ដោយ​មុខ​នាទី​សាធារណៈ​ជា​ថ្មី​របស់​លោកស្រី​ អោង​សាន​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ នៅ​ក្នុង​វិស័យ​នយោបាយ​ប្រទេស​ជាតិ។​

កិច្ច​ចរចា​គ្នា​នេះ​ដែល​លោក​ Malinowski​ បាន​ពណ៌នា​ថា​មាន«ភាព​ពេញ​លេញ ស្មោះត្រង់​ ប្រកប​ដោយ​ការ​ស្ថាបនា​និង​មាន​ផល​ប្រយោជន៍»​ មាន​រួម​បញ្ចូល​ការ​អំពាវនាវ​ដល់​កងយោធា​របស់​រដ្ឋាភិបាល​ភូមា​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​ ច្បាប់​មនុស្ស​ធម៌​ហើយ​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រូតត្រា​ស៊ីវិល។​

នៅ​ក្នុង​តំបន់​នានា​ដូច​ជា​ប៉ែក​ឦសាន​ប្រទេស​ នៅ​ក្នុង​រដ្ឋ​ Kachin ​និង​រដ្ឋ​ Shan​ ការ​ប្រយុទ្ធ​គ្នា​កំពុង​មាន​ធ្វើ​ត​ទៅ​ទៀត។​ លោក​ Malinowski​ បាន​និយាយ​ថា​ នៅ​ពេល​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ខ្លះ​នៅ​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ក៏​ដោយ​ ក៏​គេ​ត្រូវ​ការ​ចាត់​វិធាន​ការ​ថែម​ទៀត​ដើម្បី​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ឱ្យ​បាន​ដល់​មនុស្ស​ទាំង​អស់​ដែល​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ដោយសារ​ជម្លោះ​នេះ។​

គណៈប្រតិភូ​ស.រ.អា.ក៏​បាន​លើក​ទ្បើង​នូវ​កង្វល់​ខាង​ម​នុស្សធម៌​អំពី​ទុក្ខវេទនា​របស់​ក្រុម​ Rohingya ​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​រដ្ឋ​ Rakhine​ នា​ប៉ែក​ខាង​លិច​ប្រទេស​ ដែល​នៅ​ទី​នោះ​មនុស្ស​ជាង​មួយ​លាន​នាក់​នៅ​តែ​គ្មាន​រដ្ឋ។ ​រដ្ឋាភិបាល​ភូមា​បាន​និយាយ​ថា​ ក្រុម Rohingya ​ជា​ជនជាតិ​ Bengali​ មក​ពី​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង។​

ជម្លោះ​ខាង​ពូជសាសន៍​ដ៏​ឃោរឃៅ​បាន​កើត​មាន​ទ្បើង​កាល​ពី​ឆ្នាំ២០១២​បណ្តាល​ឱ្យ​មនុស្ស​ជាង​២៤០​នាក់​បាត់បង់​ជី​វិត។​ មាន​ក្រុម​អំបូរ​ Rohingya ប្រមាណ​១​សែន​៤​ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​ជំរុំ​បណ្តោះ​អាសន្ន។​ ក្រុម Rohingya​ រាប់​ពាន់​នាក់​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ក្រៅ​ដោយ​ប្រថុយប្រថាន​នឹង​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ប្រកប​ដោយ​គ្រោះថ្នាក់។​

លោក​ Malinowski​ បាន​និយាយ​ថា​ ស.រ.អា.​អំពាវនាវ​ឱ្យ​មាន ​«ការ​ទៅ​ដល់​ខាង​មនុស្សធម៌​ដោយ​គ្មាន​ការ​ហាម​ប្រាម​ទៅ​ដល់​មនុស្ស​ទាំង​អស់​ក្នុង​តំបន់​នោះ»​ ដើម្បី​រៀបចំ​ផែនការ​បញ្ជូន​មនុស្ស​ទាំង​នោះ​ចេញ​ពី​ជំរុំ​ហើយ​អនុញ្ញាត​ឱ្យ​មាន​ «ដំណើរការ​ផ្តល់​សញ្ជាតិ​ដោយ​គ្មាន​ការ​រើស​អើង»។​

«វា​មិន​មែន​ឋិត​នៅ​ក្នុង​ផល​ប្រយោជន៍​នៃ​ប្រទេស​ណា​មួយ​ដោយ​រក្សា​ទុក​ប្រជារាស្ត្រ​ខ្លួន​មួយ​ភាគធំ​មិន​ឱ្យ​មាន​សិទ្ធិ​ ដោយ​ទុក​មួយ​ភាគ​ធំ​នៃ​ប្រជារាស្ត្រ​ខ្លួន​ជា​ពលរដ្ឋ​ថ្នាក់​ទីពីរ​នោះ​ទេ។​ វិធី​ល្អ​ប្រសើរ​បំផុត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដប្រជា​អំពី​ស្ថេរភាព​និង​ភាព​សំបូរ​រុង​រឿង​គឺ​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា​ប្រជារាស្ត្រ​គ្រប់​គ្នា​មាន​ចំណែក​មួយ​នៅ​ក្នុង​អនាគត​នៃ​ប្រទេស​ភូមា»។​

កិច្ច​ចរចា​គ្នា​នោះ​ក៏​បាន​លើក​ទ្បើង​ដែរ​អំពី​កង្វល់​ស្តី​ពី​ច្បាប់​ទប់ទល់​នឹង​ការ​រៀប​អាពាហ៌ពិពាហ៌រវាង​មនុស្ស​កាន់​សាសនា​ផ្សេង​គ្នា​ ការ​រឹបអូស​យក​ដីធ្លី​ និង​កំណែ​ទម្រង់​ដី​ធ្លី។​ គេ​រំពឹង​ថា​ច្បាប់​អំពី​ការ​រៀប​អាពាហ៌ពិពាហ៌​រវាង​មនុស្ស​គោរព​សាសនា​ផ្សេង​គ្នា​ និង​ការ​កម្រិត​អំពី​ការ​ប្តូរ​សាសនា​ដែល​បាន​ត្រូវ​ជម្រុញ​ដោយ​ក្រុម​ពុទ្ធសាសនិក​ជ្រុល​និយម​នឹង​ត្រូវ​ជជែក​ដេញ​ដោល​គ្នា​នៅ​ក្នុង​សភា​នៃ​ប្រទេស​ភូមា​ក្នុង​ពេល​ឆាប់ៗ​នេះ។​

ប្រែសម្រួល​ដោយ​លោក​ ឈឹម​ សុមេធ​

XS
SM
MD
LG