ប្រែសម្រួលដោយ ឌី ខាំបូលី
ប្រទេសភូមា អាចត្រូវបានអញ្ជើញឱ្យចូលរួមសង្កេតមើលពីការធ្វើសមយុទ្ធយោធាពហុភាគីយ៉ាងធំបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(Asia-Pacific) ជាលើកដំបូង។ ការអញ្ជើញនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់អន្តរជាតិចំពោះកំណែទម្រង់នយោបាយរបស់រដ្ឋាភិបាល។
មន្ទីរបញ្ចកោណ ថ្លែងថា ខ្លួនគាំទ្រផែនការរបស់ប្រទេសថៃ ក្នុងការអញ្ជើញប្រទេសភូមា ឱ្យមកសង្កេតមើលសមយុទ្ធយោធារួមគ្នាមួយដែលមានឈ្មោះថាពស់មាស ឬជាភាសាអង់គ្លេសថា Cobra Gold ជាលើកដំបូង។ កងទ័ពជាងមួយម៉ឺននាក់មកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ ចូលរួមជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ ដែលជាសមយុទ្ធយោធាពហុភាគីធំជាងគេបង្អស់នៅក្នុងតំបន់។
លោក ចន ប្លាក្សឡែន (John Blaxland) គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តនិងការពារជាតិ (Strategic and Defense Studies Centre) នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី (Australian National University)។ លោកនិយាយថា ការចូលរួមផ្នែកយោធា មានសារសំខាន់ដើម្បីសម្រេចឱ្យបាននូវរដ្ឋប្រជាធិបតេយ្យ និងដែលមានទំនោរទៅរកទីផ្សារមួយ នៅក្នុងប្រទេសភូមា ពីព្រោះក្រុមយោធា គឺជាស្ថាប័នសំខាន់នៅក្នុងប្រទេសនេះ។ លោកថ្លែងទៀតថា ការអញ្ជើញនេះមានន័យស្មើនឹងការគោរពមួយចំពោះក្រុមយោធា ដែលត្រូវបានដាក់ឱ្យនៅឯកោរពីប្រទេសជិតខាងរបស់ខ្លួន ហើយថាការចូលរួមក្នុងសមយុទ្ធនេះ ទោះបីក្នុងឋានៈជាអ្នកសង្កេតការក្តី គឺមានសារសំខាន់ចំពោះស្ថិរភាពនៅក្នុងតំបន់។
អាជ្ញាធរនៅក្នុងប្រទេសភូមា ច្បាស់ជាចង់ធ្វើឱ្យមានភាពខុសប្លែកគ្នាសម្រាប់ទំនាក់ទំនងសន្តិសុខជាយុទ្ធសាស្រ្តរបស់ខ្លួន។ ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសឥណ្ឌាចាប់ផ្តើមធ្វើទំនាក់ទំនង។ ពួកគេគឺជាផ្នែកមួយនៃសមាគមន៍ប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ដូច្នេះ ការបើកឱកាសឲ្យចូលរួមក្នុងសមយុទ្ធយោធា ពស់មាសនេះ គឺពិតជាជំហានដ៏មានសារសំខាន់មួយ។ ដូច្នេះ សម្រាប់ភូមាដែលទទួលបានឋានៈជាអ្នកសង្កេតការ វាមិនមែនជាជំហានទៅមុខយ៉ាងធំធេងនោះទេ ប៉ុន្តែគ្រាន់តែជាជំហាន វិជ្ជមានមួយ សម្រាប់ភូមា ដើម្បីចេញពីកន្លែងឯកោរបស់ខ្លួននេះ។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានដកទណ្ឌកម្មសេដ្ឋកិច្ច ហើយបានចាត់វិធានការផ្សេងៗទៀត ដើម្បីចូលរួមជាមួយភូមា ដែលរួមមានទាំង ការធ្វើដំណើរទស្សនកិច្ចនៅក្នុងសប្តាហ៍នេះ របស់គណៈប្រតិភូយោធានិងសិទ្ធិមនុស្ស។
សហរដ្ឋអាមេរិកនិងភូមា មានទំនាក់ទំនងយោធារហូតដល់ទសវត្សឆ្នាំ១៩៨០ ហើយរួមមានការផ្លាស់ប្តូរការហ្វឹកហ្វឺន និងការលក់អាវុធនិងសម្ភារៈផ្គត់ផ្គង់ថែមទៀតផង។ ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលយោធាភូមា វាយកម្ទេចចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យមួយ ដែលដឹកនាំដោយក្រុមនិស្សិតនៅក្នុងឆ្នាំ១៩៨៨ ទំនាក់ទំនងផ្នែកយោធាភាគច្រើនរវាងប្រទេសទាំងពីរ បានផ្តោតទៅលើវិធានការប្រឆាំងការជួញដូរថ្នាំញៀន ណាកូទិក ឬការស្វែងរកឆ្អឹងរបស់កងទ័ព ដែលបានស្លាប់នៅក្នុងសង្រ្គាមលោកលើកទីពីរ។
លោក ទីន មួងមួងថាន (Tin Maung Maung Than) ដែលជាសាស្រ្តាចារ្យនៃវិទ្យាស្ថានសម្រាប់ការសិក្សាពីអាស៊ីអគ្នេយ៍ (Institute of Southeast Asian Studies) នៅក្នុងប្រទេស សឹង្ហបូរី (Singapore) ចាត់ទុកការចូលរួមផ្នែកយោធានេះ ថាជាការពង្រីកជាធម្មតាមួយសម្រាប់ការចូលរួមរបស់ផ្នែកស៊ីវិល និងជាការព្យាយាមធ្វើឲ្យមានតុល្យភាពនៃដែនឥទ្ធិពលរបស់ចិន។
«សហរដ្ឋអាមេរិកតែងតែផ្សាភ្ជាប់ជាមួយក្រុមកងទ័ពទាំងឡាយ នៅក្នុងតំបន់អាស៊ីអគ្នេយ៍ នៅក្នុងការសន្មត់មួយថា ពួកគេក៏ជាផ្នែកមួយនៃដំណើរការនេះ ការធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សជាដើម។ កងទ័ពអាចជាតួអង្គមួយ ដែលអាចពន្លឿនឬបំផ្លាញដំណើរការកំណែទម្រង់។ ជាថ្មីម្តងទៀត ផុសចេញពីភាគីភូមាវិញ ប្រទេសនេះកំពុងរក្សាទស្សនរបស់ខ្លួនឱ្យបើកចំហរនៅឡើយ។ ខ្លួនកំពុងផ្សាភ្ជាប់ជាមួយអ្នកផ្សេងៗទៀតនៅក្នុងសហគមអន្តរជាតិ។ ការព្រមានមួយគឺថា ខ្លួនមិនចង់ធ្វើឱ្យចិនមិនសប្បាយចិត្តនោះឡើយ»។
ប៉ុន្តែ ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានព្រមានចំពោះការផ្សាភ្ជាប់ជាមួយពួកក្រុមយោធាឆាប់រហ័សពេក។ លោក ម៉ាធូ ស្មីត (Matthew Smith) ដែលជាអ្នកស្រាវជ្រាវភូមាសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និយាយថា ពួកយោធាបន្តប្រព្រឹត្តអំពើរំលោភបំពាន ជាពិសេសនៅតាមតំបន់ជាប់ព្រំដែន ដែលនៅទីនោះ កងជីវពលរបស់ក្រុមជនជាតិភាគតិចកំពុងតែមានភាពសកម្ម។ លោកនិយាយថា វាជារឿងឆោតល្ងង់ក្នុងការជឿថា ពួកយោធាអាចត្រូវបានធ្វើឱ្យមានវិជ្ជាជីវៈតាមរយៈទំនាក់ទំនងនេះ។
«ចំណុចសំខាន់មួយដែលត្រូវការឱ្យមានការចាប់អារម្មណ៍ គឺថាការទទួលខុសត្រូវចំពោះអំពើរំលោភបំពានទាំងឡាយ ដែលបានកើតមានឡើង ហើយការបង្កើនទំនាក់ទំនងរវាងក្រុមយោធាភូមា និងក្រុមយោធាផ្សេងៗទៀត នឹងមិនមានភាពចាំបាច់សម្រាប់ការផ្លាស់ប្តូរនេះទេ។ ប្រសិនបើយើងពិតជាបានមើលឃើញចលនាឆ្ពោះទៅរកការទទួលខុសត្រូវចំពោះការរំលោភបំពាន ដែលត្រូវបានចងក្រងជាឯកសារបានយ៉ាងត្រឹមត្រូវ នោះអាចជាសញ្ញានៃការផ្លាស់ប្តូរជាវិជ្ជមាន និងកំណែទម្រង់ជាវិជ្ជមាន នៅក្នុងក្រុមយោធា ប៉ុន្តែ យើងមិនទាន់បានឃើញរឿងនេះនៅឡើយទេ»។
រដ្ឋាភិបាលភូមា ដែលត្រូវបានចាត់ទុកថាជារដ្ឋាភិបាលពោរពេញទៅដោយការសង្កត់សង្កិនខ្លាំងបំផុតនៅក្នុងពិភពលោក អស់រយៈពេលពីរទសវត្សរ៍មកហើយ បានចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយជាបន្តបន្ទាប់ កាលពីពីរឆ្នាំកន្លងទៅនេះ ដែលរួមមាន ការអនុញ្ញាតឱ្យលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែលជាឥស្សរជនប្រឆាំងនាំមុខគេ ត្រូវបានបោះឆ្នោតជ្រើសរើសចូលទៅក្នុងសភា។ ការផ្លាស់ប្តូរផ្សេងៗទៀតរួមមាន ការដោះលែងអ្នកទោសនយោបាយមួយចំនួន និងការបើកចំហរសេដ្ឋកិច្ចរបស់ប្រទេសនេះជាបណ្តើរៗ សម្រាប់ការវិនិយោគបរទេស។ ទោះជាយ៉ាងនេះក្តី ពួកយោធាគ្រប់គ្រងសភា ហើយរក្សាបាននូវកម្លាំងយ៉ាងរឹងមាំ នៅក្នុងប្រទេស។ ក្រុមនេះក៏បន្តវាយប្រហារទៅលើក្រុមបះបោរជនជាតិភាគតិចមួយចំនួននៅក្នុងប្រទេសផងដែរ៕